website_news:2020301204

ពលរដ្ឋខ្មែរជាង៦០នាក់ឆ្លងដែនខុសច្បាប់ទៅថៃ ខណៈជាង២ពាន់នាក់ទៀត ត្រឡប់មកវិញ

https://thmeythmey.com/ 29, Dec 2020 , 11:29 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ ពលរដ្ឋខ្មែរជាង៦០នាក់ បានឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារនៅថៃ ខណៈពលករជាង២ពាន់នាក់ បានត្រឡប់មកកម្ពុជាវិញ ស្របពេលថៃកំពុងផ្ទុះកូវីដ-១៩។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ពលករខ្មែរ២១៨៥នាក់ហើយ បានត្រឡប់ពីថៃមកកម្ពុជា ចាប់ពីថ្ងៃទី២០ដល់២៨ធ្នូនេះ ។ បើតាមលោក វណ្ណថន ពលករទាំងនោះ ចូលមកកម្ពុជាតាមច្រកអូរស្មាច់ ១២៩៥នាក់ ,ច្រកប៉ោយប៉ែត៤៤១នាក់ ហើយច្រកចាំយាម ដូង និងភ្នំដី៤៤៩នាក់។

របាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបាន ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ដូច្នេះថា៖ «ពលករដែលត្រឡប់មកពីថៃទាំងអស់ គឺតម្រូវឲ្យធ្វើចត្តាឡីស័កតាមការរៀបចំរបស់អាជ្ញាធរខេត្តយ៉ាងហ្មត់ចត់ ដែលបានសហការជាមួយមន្រី្តសុខាភិបាល ដោយសារថៃកំពុងផ្ទុះកូវីដ-១៩ ពលរដ្ឋដែលត្រឡប់មកត្រូវតែបង្ការជៀសវាងការរីករាលដាលកូវីដ-១៩កាន់តែធំ»។ ទន្ទឹមនឹងពលករត្រឡប់ពីថៃ ក៏មានពលរដ្ឋខ្មែរជាង៦០នាក់ដែរ បានលួចឆ្លងដែនខុសច្បាប់ទៅថៃ ដើម្បីស្វែងរកការងារធ្វើ។ បើតាមអគ្គស្នងការនគរបាលជាតិ ពលរដ្ឋ៥២នាក់នៅខេត្តសៀមរាប បានឆ្លងដែនតាមច្រករបៀង ហើយបោះជំរំស្នាក់នៅលើទឹកដីថៃជាប់ព្រំដែនថៃ-កម្ពុជា កាលថ្ងៃទី២៥ ខែធ្នូ។ ពលរដ្ឋទាំងនោះ មានត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនហើយចាប់បញ្ជូនឲ្យអាជ្ញាធរខ្មែរវិញ។ ដោយឡែកពលរដ្ឋ១០នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃបញ្ជូនឲ្យសមត្ថកិច្ចខ្មែរ តាមច្រកភពប៉ោយប៉ែតវិញកាលពីថ្ងៃទី២៧ធ្នូ។

កន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការធ្វើចត្តាឡីស័ក និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀលទៀត។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១៩ធ្នូ ដែលខេត្តសាមុតសាខន ប្រទេសថៃ ផ្ទុះកូវីដ-១៩មក អាជ្ញាធរបានរកឃើញអ្នកឆ្លងជាង១២០០ករណីហើយ។ រដ្ឋាភិបាលថៃ បានសម្រេចប្រកាសបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ធ្នូ ដល់ថ្ងៃទី៣មករាឆ្នាំ២០២១។ បន្ថែមពីនេះ ថៃបានដាក់បំរាមគោចរ អនុវត្តពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ក៏ត្រូវបានហាមឃាត់ដែរ។ តួលេខសរុប ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន ៦៤៤០ករណី និងអ្នកស្លាប់មានចំនួន ៦១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤,១៨៤នាក់។

website_news/2020301204.txt · Last modified: 2020/12/30 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki