website_news:2020301208

ពលករខ្មែរនៅថៃប្រឈមនឹងដាច់ស្បៀង ដោយសារខំលាក់ខ្លួនក្នុងបន្ទប់អំឡុងពេលផ្ទុះជំងឺកូវីដ

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2020-12-29

ពលករខ្មែរជាច្រើននាក់ប្រឈមនឹងដាច់ស្បៀងអាហារ បន្ទាប់ពីពួកគេលាក់ខ្លួននៅក្នុងបន្ទប់ ជាច្រើនថ្ងៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២នៅប្រទេសថៃ។ ពួកករទាំងនេះព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាអំឡុងពេលនេះ។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះ ពលករដែលអត់ការងារធ្វើគួរតែត្រឡប់ទៅកម្ពុជាមួយរយៈប្រសើរជាងនៅប្រទេសថៃ។

ពលការិនីមានស្រុកកំណើតនៅខេត្តតាកែវ លោកស្រី ចាន់ ធី ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី២៨ ខែ ធ្នូ ថាពួកលោកស្រីមានគ្នា៥នាក់ លាក់ខ្លួននៅក្នុងបន្ទប់របស់ពលករខ្មែរធ្វើការងារនៅខេត្តឈុនបូរី (Chunbori) ជាង ១ សប្ដាហ៍ហើយ ដោយមិនហ៊ានចេញក្រៅបន្ទប់ឡើយ។ ស្ត្រីវ័យ ៣២ ឆ្នាំ រូបនេះ និយាយថា ពួកលោកស្រី ខ្លាចអាជ្ញាធរថៃចាប់ដាក់គុក និងបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ អំឡុងពេលនេះ៖ «ខ្ញុំអត់ហ៊ានចេញទេ នៅតែក្នុងបន្ទប់សុទ្ធតែម្ដង ព្រោះអីនៅបន្ទប់ជួលនោះគេមានសន្តិសុខយាម មានបិទបម្រាមអ្នកក្រៅហាមចូល តែពួកខ្ញុំចូលមកមុនហ្នឹងបន្តិច។និយាយទៅពិបាកមែនទែន ខ្វះខាតការហូបចុកយើងលុយកាក់ស្ដួចស្ដើងយកមកពីស្រុក អត់លុយ យើងចងការលុយគេមក ដល់អីចឹងទៅយើងអត់ទាន់បានការងារធ្វើ ត្រូវនៅជាមួយគេ។ហូបដោយសារគេខ្លះអីខ្លះ ដោយសារគេអាណិត»។

ដូចគ្នានេះដែរ ពលការិនីដែលកំពុងលាក់ខ្លួនម្នាក់ទៀត កញ្ញា សុខ ដា ថ្លែងថា កញ្ញាឆ្លងដែនចូលមករកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ តាមរយៈមេខ្យល់ជនជាតិខ្មែរនិងថៃ កាលពីថ្ងៃទី ១៨ ខែ ធ្នូ។ ពលការិនីវ័យ ៣១ ឆ្នាំ រូបនេះ ប្រាប់ថា ពួកកញ្ញាមកដល់ខេត្តឈុនបូរី (Chunbori) មិនទាន់មានការងារធ្វើនៅឡើយទេ ក៏ផ្ទុះជំងឺកូវីដ១៩ ជាលើកទី២ នៅក្នុងប្រទេសថៃតែម្ដង។ កញ្ញាឱ្យដឹងទៀតថា មូលហេតុដែលកញ្ញាលាក់ខ្លួន គឺមកពីពួកកញ្ញាជាពលករចំណូលថ្មី ហើយអាជ្ញាធរថៃ នឹងចាប់យកទៅធ្វើតេស្ដជំងឺកូវីដ១៩៖ «ខាងបន្ទប់គេមិនឱ្យយើងចូលផងអ្នកប្លែកមុខតែអានេះបងហ្នឹងគាត់អាណិតគាត់ចេះ តែលួចឱ្យចូលមកគាត់ចេះតែជួយហើយគាត់ថាខ្មែរដូចគ្នា។ ខ្ញុំអត់ដែលចេញសោះខ្លាចគេ បើអ្នកនៅហ្នឹងគេថាបើមានអ្នកចំណូលថ្មីអីចឹងចេញឱ្យគេឃើញគេទៅប្ដឹងអាជ្ញាធរថៃ ទៅខ្ញុំអត់ហ៊ានចេញទេនៅតែក្នុងបន្ទប់ហ្នឹង។ ទ្វារខាងក្រៅយើងបើកចំហទៅ ហើយរាល់ថ្ងៃហ្នឹងតែពួកបងគាត់មកពីធ្វើការ គាត់ទៅទិញអីឱ្យហូបបានហូប។ ខ្ញុំនឹកឃើញលំបាកមករកការងារអត់បានធ្វើ តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េចបើមកដល់ហើយ»។ ក្រុមពលករទាំងនេះ ត្អូញត្អែរថា ពួកគាត់គ្មានប្រាក់ទិញអាហារហូបចុកប្រចាំថ្ងៃឡើយ។ ពួកគាត់រស់ដោយពឹងអាស្រ័យលើពលករខ្មែរឯទៀត ផ្ដល់កន្លែងស្នាក់នៅ និងអាហារហូបចុកបណ្ដោះអាសន្នប៉ុណ្ណោះ។ ជាមួយគ្នានេះពលករនៅខេត្តសាមុតសាខន ប្រមាណ២០នាក់ទៀត នៅតែបន្តលាក់ខ្លួនក្នុងព្រៃ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនដដែល។ ពួកគាត់ព្រួយបារម្ភ ខ្លាចអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ អំឡុងពេលនេះ។

អាជ្ញាធរថៃនៅតែបន្តហាមឃាត់ មិនឱ្យពលករបរទេសធ្វើដំណើរចល័ត ពីតំបន់មួយទៅតំបន់មួយទៀតអំឡុងពេលនេះឡើយ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩។

អាស៊ីសេរីមិនអាចទាក់ទងស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយ ជុំវិញពីក្ដីកង្វល់របស់ពលករទាំងនេះ បានទេនៅថ្ងៃទី២៨ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែ មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកទទួលផ្នែកពលករ លោក គឹម ចំរើន បានប្រកាសនៅក្នុងហ៊េសប៊ុក (Facebook)ស្ថានទូតខ្មែរ កាលពីថ្ងៃទី២៧ធ្នូថា អំឡុងពេលនេះ រដ្ឋាភិបាលថៃបានអនុគ្រោះ ដល់ពលករបរទេសទាំងអស់ ឱ្យអាចធ្វើការនៅប្រទេសថៃជាបណ្ដោះអាសន្នបាន ដោយមិនមានការចាប់ចងនោះទេ។ លោកបន្ថែមថា ប្រសិនបើពលករខ្មែរ ខ្វះខាតស្បៀងអាហារ ពួកគាត់អាចទាក់ទងតាមហ្វេសប៊ុកស្ថានទូត ផ្នែកទទួលបន្ទុកពលករ ឱ្យជួយផ្សព្វផ្សាយរកជំនួយជូនពួកគាត់បាន។

មន្ត្រីអង្គការសង់ត្រាល់ Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា អំឡុងពេលនេះ នៅប្រទេសថៃអាចមានពលករខ្មែររាប់ពាន់នាក់ កំពុងលាក់ខ្លួនរកកន្លែងសុវត្ថិភាព ដោយសារពួកគេខ្លាច អាជ្ញាធរថៃចាប់ដាក់គុក។ លោកនិយាយថា ពលករខ្មែរទាំងនោះគួរតែទាក់ទងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ឱ្យជួយអន្តរាគមន៍ពួកគេត្រឡប់ទៅកម្ពុជាវិញមួយរយៈសិន ប្រសើរជាងស្នាក់នៅប្រទេសថៃ ទាំងអត់ការងារធ្វើ និងប្រថុយប្រថានបែបនេះ៖ «អីចឹងហើយបានជាខ្ញុំទទូចម្ដងហើយម្ដងទៀត ក្នុងកាលៈទេសៈនេះជាឱកាសរបស់មេខ្យល់ ទុច្ចរិតមួយដែលនាំ យើងទៅយកលុយពីយើងទៅដល់អត់មានការងារធ្វើ អត់មានឯកសារស្របច្បាប់។ ហើយយើងដឹងហើយក្នុងអំឡុងពេលនេះអត់ទាន់មានការនាំចូលពលករជាផ្លូវទេ អីចឹងអានាំចូលមិនផ្លូវការហ្នឹងហើយ ជាដំណើរការនៃការនាំមនុស្សដោយខុសច្បាប់ជាដំណើរការនៃការជួញដូរមនុស្ស ហើយពលរដ្ឋខ្លួនឯងផ្ទាល់តែម្ដងអត់ដឹងថា អាហ្នឹងជាការចាញ់បោកគេទេ»។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ឱ្យដឹងថា ពលករធ្វើការខុសច្បាប់ នៅប្រទេសថៃអាចនឹងមានការលំបាកកាន់តែខ្លាំង ប្រសិនបើជំងឺកូវីដ១៩ ផ្ទុះឡើងលើកទី២នេះ បន្តអូសបន្លាយយូរអង្វែង។ បន្ថែមពីនេះលោក ឌី ថេហូយ៉ា និយាយថា ពលរដ្ឋខ្មែរមិនគួរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃអំឡុងពេលនេះនោះឡើយ ពីព្រោះការធ្វើបែបនេះ ប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិតផង ហើយអាចនឹងត្រូវអាជ្ញាធរថៃចាប់ដាក់គុក និងប្រឈមឆ្លងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសថៃនោះផង៕

website_news/2020301208.txt · Last modified: 2020/12/30 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki