website_news:2020310102

ពលរដ្ឋខ្មែរជាងមួយម៉ឺននាក់ធ្វើការខុសច្បាប់នៅប្រទេសចំនួន១៤

http://www.rasmeinews.com/ January 30, 2020, 9:48 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរជាងមួយម៉ឺននាក់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសចំនួន១៤ គិតត្រឹមដើមឆ្នាំ២០២០នេះ បើធៀបទៅនឹងឆ្នាំ២០១៨ ថយចុះជាង ១៧.០០០ នាក់ស្មើនឹង៥៣ភាគរយ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ណុប វី អគ្គនាយកដ្ឋានរងអន្តោប្រវេសន៍ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរចំនួន១៤ប្រទេសបញ្ជូនមកកម្ពុជាវិញមានដូចប្រទេសថៃ ១៣.០០០នាក់ ជប៉ុន ២០៥នាក់ ម៉ាឡេស៊ី ១៨២នាក់ ចិន ១៤៧នាក់ កូរ៉េខាងត្បូង ១៤១នាក់ អាម៉េរិក ៧៧នាក់ និងប្រទេសវៀតណាម ៥២នាក់។ ទន្ទឹមនឹងនេះ ពលករខ្មែរចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់តាមរយៈក្រុមហ៊ុនចំនួន ៤២ មានជាង ៧០.០០០នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ តិចជាងចំនួនជាងបីម៉ឺននាក់ ស្មើ ២៩,៣២%។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ពីជនបរទេស បានចំនួនជិតបួន ម៉ឺនឯកសារ ក្នុងចំណោមជាងពីរម៉ឺនគ្រួសារ ដែលមានមនុស្សជិត៧ ម៉ឺននាក់ ភាគច្រើនគឺជាជនជាតិវៀតណាម។

គិតត្រឹមចុងឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីបិទឱសានវាទ នៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍បានចំនួន ជាងបី ម៉ឺនគ្រួសារ ដែលមានមនុស្សជាងមួយសែននាក់ ក្នុងនោះ ក្រសួងបានចេញប្រកាសទទួលស្គាល់ជាជនអន្តោ ប្រវេសន៍ ចំនួនជាងពីរម៉ឺនគ្រួសារ ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឲ្យដឹងថាជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជាមានចំនួនជិតបីម៉ឺនគ្រួសារ ក្នុងចំណោម១១ សញ្ជាតិ ដែលមានមនុស្សជិតប្រាំបួនម៉ឺននាក់ ក្នុងនោះ សញ្ជាតិវៀតណាម មានចំនួន ជិតប្រាំបួនម៉ឺននាក់៕សរន

website_news/2020310102.txt · Last modified: 2020/01/31 12:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki