website_news:2020310104

សម្ដេចក្រឡាហោម ស ខេង ផ្ដល់អនុសាសន៍ ៩ចំណុច ដល់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រមូលផ្ដុំអនុវត្តនៅឆ្នាំ២០២០

http://www.freshnewsasia.com/ 2020-01-30

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានដាក់ចេញនូវអនុសាសន៍ ចំនួន៩ចំណុចសំខាន់ៗ ដើម្បីអគ្គនាយកដ្ឋានប្រមូលផ្ដុំអនុវត្ត នៅឆ្នាំ២០២០។

អនុសាសន៍ដែលបានដាក់ចេញដោយសម្ដេចក្រឡាហោម ស ខេង ទាំង៩ចំណុចនោះរួមមាន៖

*ទី១៖ បន្តជម្រុញការងារដោះស្រាយបញ្ហាអន្តោប្រវេសន្ត ដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ តាមគោលការណ៍ដែលបានដាក់ចេញ និងត្រូវចាត់វិធានការ ដឹកនាំស្រាវជ្រាវត្រួតពិនិត្យជាប្រចាំគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល មិនទុកឲ្យមានការលួចជ្រៀតចូលមកស្នាក់នៅបន្តបន្ទាប់ ដែលអាចធ្វើឲ្យកើតមានបញ្ហាប្រឈមសារជាថ្មីបាន។ ត្រូវជម្រុញការផ្តល់លិខិតស្នាមដល់ជនអន្តោប្រវេសន្ត ដែស្ថិតក្នុងក្របខណ្ឌ បញ្ជីស្នាមពេលបិទឱសានវាទឲ្យបានគ្រប់ៗគ្នា ព្រមជាមួយនោះត្រូវមានកម្មវិធីដឹកនាំ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់គ្រប់គ្រងហ្មត់ចត់ក្នុងភូមិសាស្ត្រទទួលខុសត្រូវនីមួយៗ រាប់ទាំងការត្រួតពិនិត្យហ្មត់ចត់វត្តមានស្នាក់នៅ ការផ្លាស់ប្តូរលំនៅដ្ឋាន ការបន្តសុពលភាពបណ្ណស្នាក់នៅ និងការមកធ្វើបណ្ណស្នាក់នៅពេលគម្រប់អាយុ ១៨ឆ្នាំផងដែរ។

*ទី២៖ ត្រូវបន្តលើកកម្ពស់តួនាទីជាកងកម្លាំងជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ក្នុងការបង្ការ រារាំងសមាសភាពអាក្រក់ មិនទុកឲ្យមានលទ្ធភាពយកកម្ពុជាធ្វើជាទីជម្រក ដើម្បីលាក់ខ្លួនចាត់តាំងសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឬគេចពីសំណាញ់ច្បាប់ នៅប្រទេសក្រៅ។

*ទី៣៖ ត្រូវមានវិធានការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងផ្ទៃក្នុងប្រទេស ឲ្យបានហ្មត់ចត់ ដើម្បីម្យ៉ាងធានាដល់ការងារស្រាវជ្រាវស៊ើបអង្កេត និងការតម្រង់ទិសឲ្យបានជាប្រយោជន៍សម្រាប់ជាតិ និងម្យ៉ាងដើម្បីមានវិធានការការពារសុវត្ថិភាពពួកគេ ជាជនបរទេសបានសមស្របផងដែរ។

*ទី៤៖ ត្រូវបន្តយកចិត្តទុកដាក់ជម្រុញសកម្មភាព អធិការកិច្ចហត្ថពលករបរទេសឲ្យកាន់តែមានប្រសិទ្ធភាព សំដៅកាត់បន្ថយជាអតិបរមា នូវការលួចប្រើកម្លាំង ពលកម្មបរទេស ដោយមិនបង់អាករ និងរួមចំណែករក្សាទីផ្សារការងាររបស់ប្រជាពលរដ្ឋខ្មែរ។ ត្រូវកំណត់គោលដៅមានពលករបរទេសឲ្យបានអស់ ហើយខិតខំធ្វើ អធិការកិច្ចឲ្យបានកាន់តែសកម្ម និងត្រូវពិចារណាដាក់ចេញផែនការត្រួតពិនិត្យឲ្យបាននៅតាមទីតាំងអាជីវកម្មខ្នាតតូច ចល័ត អាជីវកម្មលើផ្ទៃទឹក លើកោះ និងតាមដំបន់ដាច់ស្រយ៉ាល ឬព្រំដែន ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីការងារឲ្យមានប្រសិទ្ធិភាព។

*ទី៥៖ ត្រូវប្រមូលផ្តុំ តាមដានសភាពការណ៍ប្រែប្រួលនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិទាក់ទងនឹងចលនាបម្លាស់ទី និងចលនាជនភៀសខ្លួនឲ្យបានជាប្រចាំ ដើម្បីដាក់ចេញនូវវិធានការសមស្របទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងដោះស្រាយប្រកបដោយការឈ្លាសវៃនូវលំហូរអ្នកសុំសិទ្ធិជ្រកកោន ឬជនភៀសខ្លួនមកកាន់កម្ពុជា សំដៅជៀសវាងបាននូវការចោទប្រកាន់ពីអន្តរជាតិ និងធានាបាននូវក្នុងការកម្រិតមួយសមស្រប សម្រាប់ស្ថានភាពរបស់ប្រទេសយើង។ ត្រូវខិតខំគ្រប់គ្រងឲ្យបានហ្មត់ចត់សកម្មភាពជនភៀសខ្លួន និងការសុំសិទ្ធិជ្រកកោនដែលមានបច្ចុប្បន្ន និងខិតខំបញ្ចប់បញ្ហាជនម៉ុងតាញ៉ា ២៧នាក់ ដែលនៅសេសសល់។

*ទី៦៖ យោងតាមនិន្នាការរីកចម្រើន និងសំណូមពរចាំបាច់ នៃការងារអន្តោប្រវេសន៍ សម្ដេចយល់ថា ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺជាវិញ្ញាសាដ៏មានសារៈសំខាន់ ដែលត្រូវគិតគូរធ្វើឲ្យមានការវិវឌ្ឍល្អប្រសើរស្របតាមតម្រូវការជាក់ស្តែង។ ក្នុងន័យនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាំបាច់ត្រូវខិតខំពង្រឹង និងពង្រីក មន្ត្រីដែលមានសមត្ថភាព I.T បង្កើនការបណ្តុះបណ្តាលជំនាញ និងសិក្សាស្រាវជ្រាវ ដើម្បីពង្រីកប្រព័ន្ធដែលមានស្រាប់ និងរៀបចំឲ្យទៅជាបណ្តាញតភ្ជាប់ (Networking) ដែលអាចក្លាយជាស្តង់ដាប្រើប្រាស់សម្រាប់គ្រប់ផ្នែកជំនាញ។

*ទី៧៖ តាមរបាយការណ៍បូកសរុបបានបង្ហាញថា ឆ្នាំកន្លងទៅនេះ មានការលេចឡើងគួរចាប់អារម្មណ៍ នូវបាតុភាពប្រព្រឹត្តបទល្មើសផ្សេងៗ និងការលួចស្នាក់នៅ ហួសរយៈពេលកំណត់ រយៈពេលវែងរបស់ជនបរទេស ជាមួយនឹងការលួចជ្រៀតចូលមកស្នាក់នៅធ្វើការ ដោយគ្មានលិខិតស្នាម ក្នុងនោះមានមួយចំនួនបានបង្ក សកម្មភាពបំផ្លាញទ្រព្យសម្បត្តិ បង្កអសន្តិសុខ បាត់សណ្តាប់ធ្នាប់នៅតាមទីប្រជុំជន និងរមណីយដ្ឋានផងដែរ។ ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចស្នើអគ្គនាយកដ្ឋាន និងលោកស្នងការនគរបាលរាជធានី-ខេត្ត ទាំងអស់ចាំបាច់ត្រូវបង្កើនសកម្មភាពស្រាវជ្រាវស៊ើបអង្កេត ឲ្យបានសកម្មថែមទៀត ដើម្បីបោសសម្អាត ដោះស្រាយកុំឲ្យបាតុភាពអវិជ្ជមាននេះកើតមាន រំខានដល់ដំណើរការវិវឌ្ឍដ៏ល្អ នៃខឿនសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃយើង ក្នុងនោះត្រូវយកចិត្តទុកដាក់កំណត់គោលដៅ គ្រប់គ្រងស្រាវជ្រាវ និងត្រូវមានវិធានការតាមនីតិវិធីម៉ឺងម៉ាត់ ចំពោះជនបរទេសល្មើសច្បាប់ និងត្រូវបណ្តេញចេញផុតពីកម្ពុជា។

*ទី៨៖ ស្នើឲ្យពង្រឹងជាប្រចាំនូវតួនាទីរបស់ក្រុមប្រឹក្សាវិន័យគ្រប់លំដាប់ថ្នាក់ និងត្រូវចាត់តាំងកម្មវិធីលើកសរសើរ ជូនរង្វាន់ចំពោះមន្ត្រីមានស្នាដៃ និងដាក់វិន័យចំពោះមន្ត្រីមានកំហុសឲ្យបានម៉ឺងម៉ាត់។

*ទី៩៖ ស្នើដល់មន្ត្រីច្រកទ្វារព្រំដែនគ្រប់រូប ត្រូវសហការល្អជាមួយភ្នាក់ងារក្រសួងសុខាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួស ឲ្យពួកគាត់បានបំពេញភារកិច្ចនៅទីនោះ។ ជាមួយនោះក៏ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នការឆ្លងមេរោគមកកាន់ខ្លួនឯងផងដែរ៕

website_news/2020310104.txt · Last modified: 2020/01/31 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki