website_news:2020310105

យុទ្ធនាការ«១០០កោដិសំឡេង» បំផុសស្មារតីឲ្យគ្រប់គ្នាបញ្ចប់ហិង្សាលើស្ត្រីនិងក្មេងស្រីធ្វើនៅកំពង់ស្ពឺ

https://thmeythmey.com/ 30, Jan 2020 , 7:11 pm ដោយ: ផាត ដាណេ

ភ្នំពេញ៖ ខណៈដែលស្ត្រី និងក្មេងស្រីកម្ពុជា ក៏ទទួលរងនូវការរំលោភបំពានទាំងផ្លូវកាយ និងសតិអារម្មណ៍ ក្នុងចំណោមស្រី៣០០លាននាក់នៅទូទាំងពិភពលោក ទើបអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) រៀបចំកម្មវិធីបោះជុំរុំ១០០កោដិសំឡេងក្រោមប្រធានបទ«សំឡេងរួម កម្លាំងរួម ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី»។ យុទ្ធនាការនេះ នឹងប្រព្រឹត្តនៅថ្ងៃទី១-២ ខែកុម្ភៈខាងមុខ នៅវិទ្យាល័យ ជាស៊ីមឱរ៉ាល់ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក ម៉េត រ៉ូពី អ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ការប្រារព្ធយុទ្ធនាការ ១០០កោដិសំឡេង ដើម្បីបំផុសស្មារតីដល់មនុស្សគ្រប់គ្នាឲ្យបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះ គឺដោយសារកន្លងមកធ្លាប់មានស្ត្រី១០០លាននាក់ ក្នុងចំណោមស្ត្រី៣០០លាននាក់ បានជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ, ការរំលោភបំពានផ្លូវភេទ, ការរំលោភសិទ្ធិ ហើយក៏ដូចជារូបភាពនៃអំពើហិង្សា ឬការរំលោភបំពានផ្សេង ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីកម្ពុជាទទួលរងនូវបញ្ហានេះផងដែរ។ គោលបំណងសំខាន់នៃកម្មវិធីបោះជុំរុំ ដែលមានអ្នកចូលរួម១០០នាក់ ដោយមាន៦០នាក់ជាស្ត្រីនេះ ត្រូវបានអ្នករៀបចំកម្មវិធីបញ្ជាក់ថា គឺផ្ដោតសំខាន់ទៅលើយុវជន ជាពិសេសនិស្សិត ដើម្បីឲ្យពួកគាត់យល់ដឹងអំពីបញ្ហាអំពើហិង្សា និងការរំលោភបំពាន ក៏ចូលរួមផ្សព្វផ្សាយឲ្យមានភាពទូលំទូលាយដល់ពលរដ្ឋកម្ពុជាផងដែរ។

សូមរម្លឹកថា យុទ្ធនាការ «១០០កោដិសំឡេង» របស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានបង្កើតឡើងតាំងពីឆ្នាំ២០១២ រហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺបានរយៈពេល៩ឆ្នាំហើយ។ តាំងពីចាប់ផ្ដើមរហូតដល់ឆ្នាំ២០១៨ យុទ្ធនាការនេះធ្វើឡើងតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ។ ប៉ុន្តែ នៅឆ្នាំ២០១៩ អង្គការបានប្រារព្វធ្វើនៅស្រុកបាភ្នំ ក្នុងខេត្តព្រៃវែង ហើយនៅដើមឆ្នាំ២០២០នេះ នឹងធ្វើនៅវិទ្យាល័យជាស៊ីមឱរ៉ាល់ នៃ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១-២ កុម្ភៈខាងមុខនេះ៕

website_news/2020310105.txt · Last modified: 2020/01/31 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki