website_news:2020310306

ពលករមកពីថៃខ្លះដាក់ខ្លួនឯងដាច់ដោយឡែកនៅឆ្ងាយពីអ្នកផ្ទះ១៤ថ្ងៃ ដើម្បីតាមដានសុខភាព

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2020-03-29

ក្រុមពលករខ្មែរ ត្រលប់មកពីធ្វើការនៅប្រទេសថៃ មួយចំនួនបានដាក់ខ្លួនឯងឱ្យនៅឆ្ងាយពីអ្នកផ្ទះ ដើម្បីត្រួតពិនិត្យសុខភាព។ ពួកគេ ឱ្យដឹងថា អាជ្ញាធរបានចុះទៅត្រួតពិនិត្យនិងតាមដានសុខភាពរបស់ពួកគេដល់បន្ទប់ស្នាក់នៅរាល់ថ្ងៃ។ ពលករស៊ីឈ្នួលលក់ស្បែកជើងនៅក្នុងផ្សាររុងក្លឿម្នាក់ លោក ស៊ុន ចិន និយាយថា លោកបានវិលចូលកម្ពុជា នៅយប់ថ្ងៃទី២២ មីនា ដោយភាពប្រញាប់ប្រញាល់ព្រោះអាជ្ញាធរថៃ ប្រកាសបិទព្រំដែននៅពេលនោះ។ លោកថា នៅពេលឆ្លងកាត់ប៉ុស្តិ៍ព្រំដែន ទាំងនៅខាងថៃ និងនៅប៉ោយប៉ែត គ្មានការត្រួតពិនិត្យសុខភាព ពលករទេដោយសារពលករមានគ្នាច្រើនហើយប្រជ្រៀតគ្នាសម្រុកចូលព្រោះខ្លាចចូលមិនទាន់ការកំណត់បិទព្រំដែន។នៅពេលមកដល់ក្នុងទឹកដីខ្មែរ ម្ដុំព្រំដែនប៉ោយប៉ែត ពលកររូបនេះ ឱ្យដឹងថា អាជ្ញាធរក៏មិនបានពិនិត្យសុខភាពដែរ ហើយពលករទាំងអស់បាននាំគ្នាបន្តដំណើរទៅស្រុកកំណើតរៀងៗខ្លួន។ ប៉ុន្តែ លោកអះអាងថា ក្រុមពលករខ្លះក៏មានការប្រយ័ត្នប្រយែងខ្លួនឯងដែរ។ សម្រាប់រូបលោក បានយល់ដឹងពីការចម្លងជំងឺកូវីដ១៩ (Covid-19) និងបានរក្សាអនាម័យតាំងពីស្នាក់នៅ កន្លែងធ្វើការក្នុងប្រទេសថៃមក។ លោក បានធ្វើដំណើរចូលមកកម្ពុជា ២នាក់បងប្រុស ហើយសុទ្ធតែពាក់ម៉ាស់ និងមានអាកុលដាក់តាមខ្លួនសម្រាប់លាងដៃ ញឹកញាប់ នៅពេលធ្វើដំណើរ។

តែយ៉ាងណា នៅពេលធ្វើដំណើរមកដល់ភ្នំពេញ លោកស្នាក់នៅបន្ទប់ជួលជាមួយបងប្រុស នៅម្ដុំភូមិទួលពង្រ ហើយអាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះទៅស្ទង់កម្ដៅ ឃើញ លោក មានកម្ដៅ៣៧.៥ អង្សាសេ ទើបអាជ្ញាធរណែនាំឱ្យលោក ស្នាក់នៅក្នុងបន្ទប់មួយរយៈ តែមិនបានយកសំណាកទៅពិសោធន៍ទេ។ លោកថា មូលហេតុឡើងកម្ដៅ ដោយសារអាជ្ញាធរចុះទៅវាស់កម្ដៅនៅពេលថ្ងៃត្រង់ ហើយលោកទើបត្រលប់មកពីក្រៅ ក្រោមអាកាសធាតុក្ដៅខ្លាំង និងការរស់នៅក្នុងបន្ទប់ជួលតូច និងក្ដៅ ដូច្នេះធ្វើឱ្យកម្ដៅ លោកឡើងខ្លាំង។ តែមួយថ្ងៃក្រោយមក កម្ដៅលោកបានថយចុះវិញរហូត៖ «ខ្ញុំមកពីថៃ ដេកបានមួយយប់។ ស្អែកឡើងទិញម៉ូតូនៅចោមចៅហើយមកវិញ ក្ដៅចែស។ ចូលដល់ក្នុងបន្ទប់គេមកវាស់កម្ដៅពួកខាងក្រសួងគេហ្នឹង ហើយដឹងស្រាប់ហើយ នៅភ្នំពេញក្ដៅ។ គេមិនឱ្យដើរទៅណាទេ រយៈពេល១៤ថ្ងៃហ្នឹង។ បើសិនជាអត់មានបញ្ហា ឬគ្មានអាមេរោគនៅក្នុងខ្លួនហ្នឹងទេ យើងអាចដើរចេញទៅក្រៅបាន។ តែខ្ញុំអត់ដឹងទេ លក្ខណៈការពារហ្នឹង គេការពាររបៀបម្ដេចទេ ខ្ញុំអត់យល់ទេ។ ម្នាក់ៗ មកពីថៃ គឺគេរើសអើង គេថា អត់ឱ្យដើរចូលផ្ទះគេផ្ដេសផ្ដាសអ៊ីចឹង វាពិបាកដែរ វាខ្លាំងមែនទែនតែម្ដង។ ពិបាកណាស់ ទៅណាក៏មិនរួច ដេកនៅតែក្នុងផ្ទះ មើលទូរស័ព្ទ។ អាទូរស័ព្ទហ្នឹង គ្មានសេវាទៀត»។

អ្នកទើបត្រលប់ពីប្រទេសថៃមួយក្រុមទៀត គឺជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ដែលទៅរៀនវិធីផលិតស្បែកជើង នៅក្នុងរោងចក្រជាយទីក្រុងបាងកក។ ពួកគេ បានប្រាប់ថា បានត្រលប់មកប្រទេសកម្ពុជាវិញ ភ្លាមៗ តាមយន្តហោះនៅថ្ងៃទី២២ មីនា ព្រោះខ្លាចមិនទាន់ការកំណត់បិទព្រំដែន។ ពលករមួយក្រុមនេះមានគ្នា៤នាក់ ក៏ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី១ វាស់កម្ដៅលើស៣៧អង្សាសេដែរ នៅពេលត្រលប់មកដល់បន្ទប់ជួលវិញ។

លោក សួង ផា ប្រាប់ថា នៅមុនពេលឡើងយន្តហោះ នៅក្រុងបាងកក អាជ្ញាធរថៃ បានវាស់កម្ដៅលោក លើស៣៧អង្សាសេ ហើយក្រោយមកអាជ្ញាធរបានឱ្យលោកសម្រាកបន្តិច។ ជាងមួយម៉ោងក្រោយមក កម្ដៅលោកថយចុះក្រោម៣៧ ទើបអាជ្ញាធរថៃ អនុញ្ញាតឱ្យលោកឡើងយន្តហោះ។ លោកតែងពាក់ម៉ាស់រាល់ពេលធ្វើដំណើរ ហើយនៅលើយន្តហោះ លោកបានប្រើអាល់កុល បាញ់នៅលើកៅអីអង្គុយ និងមានការប្រយ័ត្នប្រយែងគ្រប់ពេល រាល់ពេលធ្វើដំណើរ។ នៅពេលមកដល់ព្រលានយន្តហោះភ្នំពេញ កម្ដៅលោក ក្រោម៣៧អង្សាសេ។ លោកបានស្នាក់នៅបណ្ដោះអាសន្ន ជាមួយពលករដែលមកជាមួយគ្នា ក្នុងបន្ទប់ជួល នៅជាយក្រុង ហើយអាជ្ញាធរមូលដ្ឋានបានចុះទៅស្ទង់កម្ដៅពួកលោក ហើយរកឃើញពួកលោក សុទ្ធតែលើស៣៧អង្សា។ អាជ្ញាធរបានណែនាំឱ្យពួកលោក កុំចាកចេញពីបន្ទប់មួយរយៈ ដើម្បីបន្តការតាមដានកម្ដៅ តែមិនបានយកសំណាកទៅពិនិត្យទេ។ តែដោយសារការរស់នៅបន្ទប់ជួលតូចចង្អៀតពេកលោកបានស្នើសុំអាជ្ញាធរដើម្បីទៅរស់នៅស្រុកកំណើតក្នុងឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាលវិញ។

បច្ចុប្បន្នពលកររូបនេះ បានរស់នៅក្នុងកូនរោងមួយ នៅខាងក្រោយផ្ទះ ដើម្បីដាក់ខ្លួនឯង ឱ្យនៅដាច់ដោយឡែក ចេញពីគ្រួសារ ១៤ថ្ងៃ។ យ៉ាងណា លោកយល់ថា កម្ដៅក្នុងខ្លួនលោក ក្ដៅខ្លាំង ដោយសារការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅជាយក្រុងរួមទាំងអាកាសធាតុក្ដៅខ្លាំង តែក្រោយពេលលោក បានទៅដល់ស្រុកកំណើត កម្ដៅក្នុងខ្លួនលោក ថយមកជាធម្មតា គឺក្រោម៣៧ អង្សា៖ «ឥឡូវកម្ដៅខ្ញុំធម្មតាវិញហើយបង។ សុខភាពខ្ញុំធម្មតា អត់មានក្អក អត់មានឈឺក្បាល ហើយអត់មានឈឺកអ្វីទេបង អត់មានផ្ដាសាយទេ ធម្មតា ហើយខ្ញុំនៅដាច់ដោយឡែកពីគ្រួសារ។ ធ្វើរោងនៅក្រោយផ្ទះ។ ខ្ញុំការពារគ្រួសារខ្ញុំហ្មង»។

ចំណែកមិត្តភក្ដិរបស់លោក ជាពលករ៣នាក់ទៀត ដែលវាស់កម្ដៅលើស៣៧អង្សាសេដែរនោះ កំពុងរស់នៅជុំគ្នា ៣នាក់ក្នុងបន្ទប់ជួលជាយក្រុងដដែល។ ម្នាក់ក្នុងចំណោម៣នាក់ គឺ លោក វ៉ិត វ៉ាន់ ឱ្យដឹងថា អាជ្ញាធរបានចុះទៅវាស់កម្ដៅពួកគេរាល់ថ្ងៃ នៅបន្ទប់ជួលនិងផ្ដាំកុំឱ្យដើរចេញក្រៅ បើគ្មានការចាំបាច់ ហើយរង់ចាំលិខិតបញ្ជាក់សុខភាពសិន។ ទោះយ៉ាងណា លោកថា កម្ដៅក្នុងខ្លួនលោកទាំង៣នាក់ បានថយចុះមកនៅកម្រិតធម្មតាវិញហើយ និងមិនបានដើរចេញក្រៅបន្ទប់ទេ ក្រៅពីទៅទិញម្ហូបអាហារក្បែរបន្ទប់ជួល នៅម្ដុំរោងចក្រក្បែរនោះ។ លោកអះអាងថា ការដើរចេញក្រៅទៀតសោត លោកតែងពាក់ម៉ាស់ និងមានអាកុលលាងដៃជានិច្ច៖ «ខាងភូមិឃុំខ្ញុំប្រាប់គេថា នៅរយៈពេល១៤ថ្ងៃសិន ដើម្បីគេ(ពិនិត្យ)អាការៈយើង សុខភាពល្អ (សិន) អ៊ីចឹងគេនឹងចាំឱ្យយើងយកក្រដាសបញ្ជាក់សិន ចាំឱ្យទៅផ្ទះ»។

ពលករម្នាក់ទៀត ជាកម្មករបេះផ្លែឈើ ក្នុងប្រទេសថៃ កញ្ញា ខេង សៀកហេង ដែលបានវិលចូលកម្ពុជាវិញ កាលពីកន្លះខែមុន គឺនៅថ្ងៃទី១៣ មីនា ក៏ត្រូវបានអាជ្ញាធរតាមដានសុខភាពផងដែរ និងបានវាស់កម្ដៅកាលពីថ្ងៃទី២៤ មីនា បង្ហាញថា នាងលើស៣៧អង្សា។ ឪពុករបស់កញ្ញា សៀកហេង គឺជាអ្នកលក់ម្ជូរ និងចង្រិតលីងនៅមុខរោងចក្រម្ដុំភូមិទួលពង្រ ឱ្យដឹងថា កម្ដៅកូនស្រីលោក លែងចោទជាបញ្ហាហើយ ព្រោះធ្លាក់មកក្រោម៣៧អង្សាវិញហើយ។ យ៉ាងណា លោកថា នាងកំពុងស្នាក់នៅក្នុងបន្ទប់ ដោយមិនឱ្យដើរហើរចេញក្រៅទេ៖ «កាលហ្នឹងមក ខ្ញុំក៏មិនសូវចាប់អារម្មណ៍ដែរ។ មកធម្មតាកាលហ្នឹងមិនទាន់បែកអារឿងហ្នឹងខ្លាំងផង ដល់កូនខ្ញុំមកបានប៉ុន្មានថ្ងៃ ចាប់ផ្ដើមប្រធានភូមិប្រធានអ្វី គេ ប៉េអិមប៉ូលិសគេហ្នឹង គេចុះល្បាតតាមភូមិ ថា អ្នកមកពីថៃ មកពីអ្វីអ៊ីចឹង គេមកពិនិត្យមកអ្វីអ៊ីចឹងណា។ កាលអាភ្លាមៗហ្នឹង (ត្រួតពិនិត្យ)បាន២នាក់ កូនខ្ញុំមួយ ហើយប្រុសម្នាក់ទៀត នៅទួលពង្រនេះដែរ ខាងត្បូងនេះ មកពីថៃដែរ។ តែលើកក្រោយៗមកទៀត ខ្ញុំអត់ដឹងផង»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងក្នុងពេលចុះជួបមន្ត្រីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២៨ មីនា ថា ពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្នុងអំឡុងពេលថៃបិទព្រំដែនមានប្រមាណ មួយម៉ឺន ប្រាំពាន់ (១៥ ០០០) នាក់ហើយបានត្រឡប់ចូលយ៉ាងគំហុកដែលមិនអាចគ្រប់គ្រងបាន។ យ៉ាងណា លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានធ្វើយុទ្ធនាការអប់រំពលរដ្ឋឱ្យបានច្រើន ឬអាចបិទភូមិប្រសិនបើរកឃើញថា មានឆ្លងជំងឺកូវីដ១៩ ច្រើន នៅក្នុងភូមិនោះ។ ប៉ុន្តែទោះជាយ៉ាងណា មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់រកឃើញពលរដ្ឋខ្មែរទើបត្រលប់ចូលប្រទេសកម្ពុជាណាម្នាក់ មានផ្ទុកជំងឺកូវីដ១៩ទេ។ មូលហេតុនៃការវិលត្រឡប់ ចូលកម្ពុជា របស់ពលរដ្ឋខ្មែរ យ៉ាងគំហុកដោយសារតែថៃប្រកាសបិទព្រំដែនឯកន្លែងធ្វើការរបស់ពលករស្ទើរទាំងអស់ ក៏បិទទ្វារឈប់ធ្វើការដែរដូចជាហាងខារ៉ាអូខេ ភោជនីយដ្ឋានហាងកាត់សក់ហាងសាំងហាងម៉ាស្សា ហាងលក់ទំនិញជាដើម។ ការបិទនេះ បានជះឥទ្ធិពលដល់ពលករខ្មែរដែលធ្វើការនៅទីនោះគ្មានលទ្ធភាពបន្តការស្នាក់នៅក្នុងប្រទេសបាន។

ទោះជាយ៉ាងណា ក្រុមពលករ និងអ្នកឃ្លាំមើលឱ្យដឹងថា ពលរដ្ឋខ្មែរវិលចូលកម្ពុជាភាគច្រើន គឺជាអ្នករកស៊ីនៅម្ដុំព្រំដែន ឯពលករធ្វើការនៅក្នុងក្រុងបាងកក និងខេត្តមួយចំនួនទៀត នៅឆ្ងាយពីព្រំដែន មិនបានវិលត្រលប់ចូលកម្ពុជាទេ។ ទន្ទឹមគ្នានេះ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃបានស្នើសុំពលរដ្ឋខ្មែរទាំងកំពុងសិក្សា កំពុងធ្វើការនិងប្រកបមុខរបរក្នុងទឹកដីថៃអនុវត្តការណែនាំរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងស្នើសុំឱ្យពលរដ្ឋខ្មែរកុំចាកចេញពីទឹកដីថៃ បើសិនមិនមានភាពចាំបាច់៕

website_news/2020310306.txt · Last modified: 2020/03/31 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki