website_news:2020310703

មន្ត្រីសង្គមកិច្ចៈ កម្ពុជា ត្រូវការគោលការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងជនរងគ្រោះដោយអំពើជួញដូមនុស្ស

https://www.rasmeinews.com/ July 30, 2020, 2:33 PM

ដោយៈ មេសា/ភ្នំពេញៈ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍អំពីតម្រូវការរបស់ កម្ពុជា ក្នុងគ្រប់គ្រង និង ឆ្លើយតបដល់តម្រូវការរបស់ជនរងគ្រោះពីអំពើជួញដូរមនុស្សថា “ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសហការជាមួយរដ្ឋាភិបាល នៃ បណ្តាប្រទេសនានាទាំងក្នុងតំបន់ និង ក្នុងពិភពលោក អង្គការជាតិ អន្តរជាតិ និង វិស័យឯកជន ហើយ ដើម្បី ពង្រឹងប្រសិទ្ធភាពថែមទៀត ក្នុងការបញ្ជូន និងការផ្តល់សេវាដល់ជនរងគ្រោះ យើងត្រូវការជាចាំបាច់នូវគោលការណ៍ណែនាំមួយ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដោយរួមមាន ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និង ភ្នាក់ងារ អង្គការសហប្រជាជាតិ ជាដើមផងដែរ ដើម្បី ឲ្យគោលការណ៍នេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះ “ ។ លោក ញ៉ឹក វណ្ណារ៉ា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាង ចុងក្រោយ នៃ គោលការណ៍ណែនាំស្តីពីការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស នាថ្ងៃទី៣០ កក្កដា ២០២០ សណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។

សូមជម្រាបថា គោលការណ៍ណែនាំស្តីពីយន្តការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលបានឈានដល់ដំណាក់កាលចុងក្រោយនេះ ត្រូវបានតាក់តែងឡើងដោយមានរចនាសម្ព័ន្ធសំខាន់ៗ ៦ ផ្នែកគឺ៖ ផ្នែកទី ១ ជាយន្តការបញ្ជូនជនរងគ្រោះ , ផ្នែកទី ២ គឺជាទស្សនទានចំពោះយន្តការបញ្ជូនជនរងគ្រោះ ការត្រួតពិនិត្យវាយតម្លៃ និង គោលនយោបាយបទដ្ឋានអប្បបរមា , ផ្នែកទី ៣ គឺជាការកំណត់អត្តសញ្ញាណជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស និង សិទ្ធិរបស់ជនទាំងនោះ , ផ្នែកទី ៤ គឺជាភារកិច្ចទំនួលខុសត្រូវ របស់អ្នកផ្តល់សេវា , ផ្នែកទី ៥ គឺជារបៀបដំណើរការក្នុងការបញ្ជូនជនរងគ្រោះទៅរកសេវាសមស្រប និង ផ្នែកទី ៦ គឺជាមធ្យោបាយត្រួពិនិត្យ និង វាយតម្លៃទៅលើការអនុវត្តក្នុងការបញ្ជូនជនរងគ្រោះទៅទទួលសេវាជាដើម ។

កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រភព ឆ្លងកាត់ និង គោលដៅ នៃការជួញដូរមនុស្សទៅប្រទេស ថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី ជប៉ុន វៀតណាម និង ប្រទេសដទៃទៀត ដោយក្នុងនោះ បុរស ត្រូវបានជួញដូរក្នុងគោលដៅកេងប្រវ័ញ្ចពលកម្មដោយបង្ខំក្នុងវិស័យឧស្សាហកម្ម កសិកម្ម នេសាទ រោងចក្រ និង សំណង់ ខណៈស្ត្រីត្រូវបានជួញដូរក្នុងគោលបំណងធ្វើអាជីវកម្មផ្លូវភេទ ការងារដោយបង្ខំ ឬ អ្នកបម្រើនៅតាមផ្ទះ និង ពរពោះជំនួស ចំណែកកុមារ ត្រូវបានជួញដូរក្នុងគោលបំណងកេងប្រវញ្ចផ្លូវភេទ ពលកម្មដោយបង្ខំក្នុងក្រុមអ្នកសុំទាន ពេស្យាចារ លក់ផ្កា ឬ ទំនិញផ្សេងៗតាមចិញ្ចើមថ្នល់ និង ការប្រព្រឹត្តបទល្មើសផ្សេងៗទៀតជាច្រើនរូបភាព ។

ជាការកត់សម្គាល់ កន្លងមក ក្នុងកម្រិតថ្នាក់ជាតិ កម្ពុជា បានដាក់ចេញនូវច្បាប់ និង យន្តការនានាជាបន្តបន្ទាប់ ដូចជាការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានលេខាធិការដ្ឋាន និង ក្រុមការងារជំនាញចំនួន ៦ ហើយក្រុមនីមួយៗ ដឹកនាំដោយរដ្ឋមន្ត្រីមកពីក្រសួងចំនួន ៦ និង គណៈកម្មាធិការរាជធានី ខេត្ត និងអង្គការពាក់ព័ន្ធក្នុងការត្រួតពិនិត្យការិយាល័យជំនាញ ទៅកម្រិតនាយកដ្ឋាន និង មន្ទីរ ។

លោកស្រី ព្រំ សាខន ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៃក្រសួងសង្គមកិច្ច ឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងកន្លងមកទទួលបានលទ្ធផលជាច្រើន ជាក់ស្តែងកាលពីឆ្នាំ ២០១៨ ទទួលបានជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៨៤៨ នាក់ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ធ្វើសមាហរណកម្ម ចំនួន ៣០៣ នាក់ ។ដោយឡែកមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ទទួលបានជនរងគ្រោះ ចំនួន ១៣១ នាក់ ធ្វើមាតុភូមិនិវត្តជនសង្ស័យថារងគ្រោះដោយអំពើរជួញដូរមនុស្សចំនួន ៨ ៤៨៩ នាក់ តាមរយៈស្ថានបេសកកម្មការទូតកម្ពុជា ប្រចាំប្រទេស ជាគោលដៅចំនួន ៨ ៕ Kh

website_news/2020310703.txt · Last modified: 2020/07/31 13:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki