website_news:2020310704

អាជ្ញាធរថៃចាប់ផ្សឹកព្រះសង្ឃខ្មែរ ៥អង្គ ដែលលួចចូលទឹកដីថៃដោយខុសច្បាប់

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-07-30

អាជ្ញាធរប្រទេសថៃ បានចាប់ផ្សឹកព្រះសង្ឃខ្មែរប្រាំអង្គ និងគ្រោងបញ្ជូនមកខ្មែរវិញ ដោយសារព្រះសង្ឃខ្មែរទាំងនេះលួចចូលទឹកដីថៃដោយខុសច្បាប់ និងដើរអង្គាសប្រាក់ពីពលរដ្ឋថៃ។ កាសែតបាងកកប៉ុស្ដិ៍ (Bangkok Post) ចុះផ្សាយ កាលពីថ្ងៃទី២៩ កក្កដាថា មន្ដ្រីផ្នែកអន្ដោប្រវេសន៍របស់ប្រទេសថៃ ថា ព្រះសង្ឃខ្មែរទាំងប្រាំអង្គ បានលួចចូលទឹកដីថៃតាមព្រៃ ដែលជាប់ព្រំប្រទល់ខេត្ដស្រះកែវ របស់ប្រទេសថៃ រួចបន្ដដំណើរទៅខេត្ដសមុទ្រប្រាកាន ដើម្បីអង្គាសប្រាក់ពីពលរដ្ឋថៃ នៅតំបន់នោះ។ កាសែតដដែលបន្ដថា បន្ទាប់ពីមានការចាប់ខ្លួនព្រះសង្ឃខ្មែរចំនួន ១១អង្គ កាលពីថ្ងៃទី១១ ខែកក្កដា ទើបអាចធ្វើឱ្យពួកគេ អាចចាប់បានសង្ឃខ្មែរប្រាំអង្គទៀត កាលពីថ្ងៃទី២៨ ខែកក្កដា។ ព្រះសង្ឃទាំង ១១អង្គនោះ បានលួចគង់នៅដីទំនេរ ដែលមានព្រៃក្រាស់ មួយកន្លែងនៅតាមបណ្ដោយផ្លូវ ទៅព្រលានយន្ដហោះអន្ដរជាតិសុវណ្ណភូមិ (Suvarnabhumi Airport) របស់ប្រទេសថៃ។ បន្ទាប់ពីមានការសាកសួរ ព្រះសង្ឃ ១១អង្គ បានប្រាប់ប៉ូលីស ពីទីតាំងផ្សេងទៀត ដែលព្រះសង្ឃខ្មែរប្រាំអង្គទៀតគង់នៅដោយខុសច្បាប់ គឺក្នុងគម្រោងអគារដែលគេបោះបង់ចោលមួយ នៅក្នុងខេត្ដសមុទ្រប្រាកាន។ បន្ទាប់ពីការឃាត់ខ្លួន អាជ្ញាធរថៃបាននាំព្រះសង្ឃខ្មែរទាំង ៥អង្គនោះទៅវត្ដមួយដើម្បីផ្សឹក និងគ្រោងបញ្ចូនមកកម្ពុជាវិញ បន្ទាប់ពីអនុវត្ដទោសរបស់ប្រទេសថៃរួចរាល់។

ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក ប្រទេសថៃបានចាប់បញ្ចូនពលរដ្ឋខ្មែរមកកម្ពុជាវិញជាច្រើននាក់។ ពួកគេថា ការចាប់បញ្ចូននេះដោយសារតែពលរដ្ឋខ្មែរទាំងនោះ មិនគោរពគោលការណ៍របស់អជ្ញាធរថៃ ក្នុងការដាក់ប្រទេសក្នុងគ្រារមានអាសន្ន និងការលួចឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់ ក្នុងពេលប្រទេសថៃកំពុងរឹតបណ្ដឹងការចេញចូល ក្នុងពេលមានវិបតិ្ដសកលនៃជំងឺកូវីដ-១៩។ មន្ដ្រីសង្គមស៊ីវិលថា កត្ដាជីវភាព និងការអូសទានពីមេខ្យល់ ទើបបណ្ដាលឱ្យពលរដ្ឋខ្មែរមួយចំនួនប្រថុយប្រថានគ្រោះថ្នាក់លួចឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់។ មន្ដ្រីសង្គមស៊ីវិលទាំងនោះស្នើឱ្យរដ្ឋាភិបាល រៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ ដោយមានការផ្សព្វផ្សាយបញ្ហាប្រឈមពីការចំណាកស្រុកខុសច្បាប់ ឱ្យបានទូលំទូលាយ បង្ហាញគោលនយោបាយគាំពារពីតម្រូវការចាំបាច់ ដាក់បម្រាមកំណត់ចំពោះការផ្អាកបងបំណុលរបស់ធនាគារ និងជំរុញផលិតផលដាំដុះក្នុងស្រុក៕

website_news/2020310704.txt · Last modified: 2020/07/31 13:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki