website_news:2020311204

លេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការការពារ នៃការចម្លងមេរោគកូវីត ១៩ នៅបណ្ដាក្រុង ស្រុក គោលដៅចំនួន នៃខេត្តកំពង់ចាម

https://www.pdikampongcham.info/ ៣០ ខែធ្នូ ២០២០ អត្ថបទ៖ជា គឹមហុង

ដើម្បី ចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងផ្តន្ទាទោសដាច់ខាត ចំពោះ មេខ្យល់ ដែលតែងតែប្រព្រឹត្តអំពើឆបោក អូសទាញបងប្អូន កូនក្មួយ កេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ នាព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមការងារលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកជំទាវ ប៉ាង ដានី ប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងខ្លឹមសារអប់រំ របស់ក្រសួងសុខាភិបាល ស្ដីពីវិធានការទប់ស្កាត់ការការពារ នៃការចម្លងមេរោគកូវីត ១៩ ព្រមទាំង ចែកម៉ាស់ដល់ប្រជាពលរដ្ឋ ចំនួន ៩ គោលដៅ ក្នុងក្រុងស្រុកគោលដៅ ចំនួន ៦ គឺ ៖ ក្រុងកំពង់ចាម ស្រុកកងមាស ព្រៃឈរ កំពង់សៀម ចំការលើ និងស្រុកស្ទឹងត្រង់ ។

ក្នុងឱកាសចុះផ្សព្វផ្សាយនោះដែរ លោកជំទាវ ប៉ាង ដានី ប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរ បានបញ្ជាក់លើខ្លឹមសារនៃមាត្រា១៥ ដែលបង្ហាញថា៖ ជនណាដែលលក់ដូរជនដទៃទៀត ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទះរបស់ជនរងគ្រោះ ស្មុំកូន ឬទម្រង់ នៃការកេងប្រវ័ញ្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់១៥ឆ្នាំ ប៉ុន្តែត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ២០ឆ្នាំ ក្នុងករណីជនរងគ្រោះជាកុមារក្រោមអាយុ១៨ឆ្នាំ ឬជាអនីតិជន ។

ជាមួយគ្នានោះដែរ លោកជំទាវ បានផ្សព្វផ្សាយ សារលិខិត របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទៅកាន់ប្រជាពលរដ្ឋ ៖ ដោយសូមបងប្អូនកូនក្មួយទាំងអស់ ប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះ ល្បិចកលឆបោករបស់មេខ្យល់ ដែលសន្យាថា នាំបងប្អូនកូនក្មួយទៅធ្វើការនៅក្រៅប្រទេស ហើយទទួលបានប្រាក់ខែខ្ពស់។ ការសន្យាបែបនេះ គឺមានបំណងបោកប្រាស់ ដើម្បី ទទួលបានផលប្រយោជន៍ផ្ទល់ខ្លួន ដោយការលក់បងប្អូន កូនក្មួយ ទៅឲ្យបរទេស ។ លោកជំទាវ បានបញ្ជាក់ថា ប្រសិនបើបងប្អូន លង់ក្នុងការឆបោកបញ្ឆោត ដោយហេតុផលណាមួយ សូមបងប្អូនកូនក្មួយ ដាក់ជាប់ខ្លួនជានិច្ច នូវលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ ស្ថានទូតខ្មែរនៅទីនោះ និងលេខទូរស័ព្ទ ឪពុកម្តាយ បងប្អូន ក្រុមគ្រួសារ ឬលេខទូរស័ព្ទ អាជ្ញាធរភូមិ ឃុំ របស់បងប្អូនកូនក្មួយ ។

ស្ថិតក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើ ទៅដល់បងប្អូនកូនក្មួយ ដែលបាននឹងកំពុងជួបជាមួយជនឆបោក ជាមេខ្យល់ ដែលកំពុងនិយាយបញ្ចុះបញ្ចូល ក្នុងបំណងអូសទាញ ឲ្យធ្លាក់ខ្លួនជាជនរងគ្រោះ ដោយជួញដូរមនុស្សក្នុងប្រទេស និងទៅក្រៅប្រទេស សូមបងផ្តល់ព័ត៌មាន ទាំងនេះទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬលោកមេឃុំ ចៅសង្កាត់ របស់បងប្អូន ឬក៏ការជួយអន្តរាគមន៍ ពិសេស របស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ដែលមានលេខទូរស័ព្ទ 081 37 38 39 ឬ 011 714 668 ឲ្យបានទាន់ពេលវេលា។

website_news/2020311204.txt · Last modified: 2020/12/31 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki