website_news:2020311206

ពលករខ្មែរដែលភ័យខ្លាចឆ្លងកូវីដ-១៩ បន្តចាកចេញពីប្រទេសថៃតាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ

http://btv.com.kh/ 30/12/2020

ឧត្ដរមានជ័យ ៖ ពលករខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសថៃបច្ចុប្បន្ននេះ បានបន្តនាំគ្នាចាកចេញ ដោយសារភ័យខ្លាច ឆ្លងកូវីដ–១៩ បន្ទាប់ពីវាបានផ្ទុះឆ្លងរាលដាលក្នុងសហគមន៍ នៃប្រទេសនេះ។ ពលករ ចំនួនជាងមួយរយនាក់ ក្នុងមួយថ្ងៃៗ បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមព្រំដែនអន្តរជាតិអូរស្មាច់ និងច្រក ជាំសាងាំ តែពួកគេ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីសុខាភិបាល យ៉ាងហ្មត់ចត់។ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្ដរមានជ័យ បានជំរុញឱ្យមន្ត្រីសុខាភិបាល ដែលជាគ្រូពេទ្យ ជួរមុខទាំងអស់ ឈរជើងប្រចាំការនៅតាមច្រកព្រំដែន ត្រូវចាត់វិធានការឱ្យបានហ្មត់ចត់ ក្នុងការពិនិត្យ សុខភាព និងធ្វើចត្តាឡីស័កពួកគេគ្រប់រូប មុនអនុញ្ញាតឱ្យទៅស្រុកកំណើត។ ឯកឧត្តម បានបញ្ជាក់ថា ការដែលអាជ្ញាធរខេត្ត បន្តធ្វើការរឹតបន្តឹង និងចាត់វិធានការយ៉ាងតឹងរឹង បែបនេះ គឺដោយសារបច្ចុប្បន្ន ប្រទេសថៃ កំពុងតែរងការរាតត្បាតនៃមេរោគកូវីដ–១៩ ចូលដល់សហគមន៍ ខេត្តមួយចំនួនធំ ដូច្នេះហើយក្នុងនាមអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយប្រឈមជាប់ព្រំដែន ប្រទេសថៃ ត្រូវតែអនុវត្តវិធានបង្ការការនាំមេរោគកូវីដ–១៩ ចូលមក តាមរយៈពលករដែលធ្វើការនៅ ប្រទេសថៃ។

តាមការឱ្យដឹងពីអាជ្ញាធរខេត្តឧត្ដរមានជ័យ គិតចាប់ពីថ្ងៃទី២០ រហូតមកដល់ថ្ងៃ៣០ ខែធ្នូនេះ មានពលករខ្មែរចំនួនជាងមួយពាន់នាក់ហើយ បានចាកចេញពីប្រទេសថៃ ចូលមកប្រទេសកំណើតខ្លួន តាមច្រកព្រំដែនខេត្តនេះ ហើយពលករចំនួនជិត៤០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត តែលទ្ធផល គឺអវិជ្ជមានទាំងអស់៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2020311206.txt · Last modified: 2020/12/31 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki