website_news:2020311209

ថៃ នឹងផ្តល់ប័ណ្ណការងារដល់ពលករខុសច្បាប់ដែលគ្មានឯកសារ ដើម្បីបង្ការជំងឺកូវីដ-១៩

https://thmeythmey.com/ 30, Dec 2020 , 5:29 pm ដោយ: គយ រតនបុរិន្ទ

នៅថ្ងៃទី២៩ ធ្នូ រដ្ឋាភិបាលថៃសម្រេចផ្តល់ប័ណ្ណការងារដល់ពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលពុំមានឯកសារឲ្យធ្វើការដោយស្របច្បាប់នៅថៃក្នុងរយៈពេល២ឆ្នាំ ដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩។ ចំណែកពលករដែល ប័ណ្ណការងារហួសកំណត់ អាចបន្តស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃរយៈពេល២ឆ្នាំបន្ថែមទៀតដែរ។

សេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះជំងឺឆ្លងកូវីដ-១៩ ជាង១,៥០០ករណី នៅខេត្តសមុទ្រសាគរ ដែលជាប់ពាក់ព័ន្ធទៅនឹងពលករមីយ៉ាន់ម៉ា ធ្វើការនៅផ្សារលក់គ្រឿងសមុទ្រ។ «រដ្ឋាភិបាលមើលឃើញថា ពលករបរទេសប្រឈមនឹងបញ្ហា ដោយសារតែនិយោជកតម្រូវឲ្យពលករប្តូរទីតាំងដើម្បីរួចខ្លួនពីការល្មើសច្បាប់»។ នេះជាការលើកឡើងរបស់លោកTraisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ។ លោកបន្តថា ពលករបរទេសរត់គេចពីកន្លែងមួយ ទៅកន្លែងមួយទៀត ជាហេតុបណ្តាលឲ្យសាយភាយជំងឺកូវីដ-១៩ ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។

ដើម្បីអាចទទួលបានប័ណ្ណការងារ ដែលមានសុពលភាពរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ពលករបរទេសត្រូវមានឈ្មោះក្នុងបញ្ជីរបស់និយោជក ចាប់ពីពាក់កណ្តាលខែកញ្ញាទៅ។ បន្ថែមពីនេះ ពលករបរទេសត្រូវឆ្លងកាត់ការធ្វើតេស្តសុខភាព ដែលមានតម្លៃប្រមាណ៣២០ដុល្លារ។ ពលករបរទេស មានពេលវេលាចុះឈ្មោះទទួលប័ណ្ណការងាររហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១។ ថៃមានពលករបរទេស ចំនួន២,២លាននាក់ ដែលចុះបញ្ជីស្របច្បាប់ ដែលមួយភាគធំមកពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដោយធ្វើការក្នុងវិស័យនេសាទ សាងសង់ និងកសិកម្មជាដើម។ អង្គការក្រុមការងារពលករចំណាកស្រុក(MWG) ប៉ាន់ស្មានថា ពលករបរទេសប្រមាន៦សែន ទៅ៨សែននាក់ អាចនឹងទទួលបានប័ណ្ណការងារយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលថ្មីនេះ។

លោក Adisorn Kerdmongkol អ្នកសម្របសម្រួលអង្គការ MWG និយាយថា រដ្ឋាភិបាលថៃគួរតែអនុញ្ញាតឲ្យពលករបរទេស១សែននាក់ផ្សេងទៀត ដែលទទួលបានប័ណ្ណការងារ ហើយឲ្យចូលមកធ្វើការក្នុងប្រទេសថៃ បើទោះបីជាមានការបិទព្រំដែនក្តី។ លោក Kerdmongkol បន្ថែមថា ពលករបរទេសមួយចំនួនដែលជាប់បំណុល កំពុងរង់ចាំចូលធ្វើការក្នុងប្រទេសថៃដើម្បីបង់ប្រាក់ទៅមេខ្យល់ ឬភ្នាក់ងារស្វែងរកការងារ។ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) សាទរសេចក្តីសម្រេចរបស់រដ្ឋាភិបាល ប៉ុន្តែទទូចឲ្យរដ្ឋាភិបាលថៃផ្តល់ការធ្វើ តេស្តជំងឺកូវីដ-១៩ ដល់ពលករដោយគ្មានការរើសអើង។ លោកស្រី Geraldine Ansart ប្រធាន IOM ប្រចាំថៃអះអាងថា ការភ័យខ្លាចពីការរើសអើង ចាប់ខ្លួន ឃុំខ្លួន និងរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរ ជាឧបសគ្គសម្រាប់ពលករក្នុងការទទួលបានការព្យាបាលជំងឺ និងថៃទាំសុខភាព។

កាលពីខែមុន ក្រសួងការងារថៃនិយាយថា ពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវចំនួន១សែន៣ម៉ឺននាក់ ដែលចូលមកធ្វើការក្នុងប្រទេសថៃស្របច្បាប់ ហើយដែលប័ណ្ណការងារនឹងត្រូវអស់សុពលភាព អាចបន្តធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំបន្ថែមទៀត។ គិតត្រឹមថ្ងៃទី៣០ ធ្នូ ថៃមានករណីឆ្លងសរុបចំនួន៦,៤៤០ករណី ស្លាបចំនួន៦១នាក់ និងជាសះស្បើយចំនួន៤,១៨០ករណី ដោយមានករណីឆ្លងជាមធ្យមចំនួន១៤២ករណីក្នុងមួយថ្ងៃ៕

website_news/2020311209.txt · Last modified: 2020/12/31 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki