website_news:2021010202

សូមបន្តទប់ស្កាត់ពលករចំណាកស្រុក ដើម្បីបង្ការកូវីដ១៩

https://kohsantepheapdaily.com.kh/ Banteay Meanchey ៣១ ខែ មករា ឆ្នាំ ២០២១ ម៉ោង ២០:៥៧

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ពលករចំណាកស្រុក ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩។ លោកមេបញ្ជាការ បានលើកឡើងដូច្នេះ ក្នុងឱកាស ដែលលោកបំពេញការងារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនគោក លេខ៥០៣ ក្នុងទិសទីមួយ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងចូលរួមទប់ស្កាត់អោយបាននូវពលករចំណាកស្រុកខុសច្បាប់ ដែលលួចឆ្លងដែន ដោយល្មើសច្បាប់ ការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់កូវីដ១៩ ដើម្បីអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា ជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់បង្ការ ទប់ស្កាត់កូវីដ១៩ ហើយពង្រឹងការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កដល់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ លោក ហ៊ុន ម៉ាណែត បានកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ដែលសហការគ្នាល្អ ដែលទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ និងទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃ។ ពលករមកពីថៃ ត្រូវទទួលយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដែលត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់អគារស្នាក់នៅដល់កងល្បាតទី៣ ចំនួន១ខ្នង ឃ្លាំងអាវុធ ១ខ្នង រថយន្តសង្គ្រោះ ១គ្រឿង និងអគារស្នាក់នៅរបស់កងល្បាតទី២ ចំនួន ១ខ្នង និងវិទ្យុទាក់ទងលើតុចំនួន ៨គ្រឿង វិទ្យុទាក់ទងកាន់ដៃ ២០គ្រឿង ផ្ទាំងសូឡា៥០ផ្ទាំង និងឧបត្ថម្ភថវិកាដល់បញ្ជាការដ្ឋានកងការពារព្រំដែនគោកលេខ ៥០៣ ចំនួន ១០លានរៀល និងថវិកាកងល្បាតទាំង ៧ ចំនួន ៥០លានរៀល៕ ដោយ៖ ប៊ុន ធឿន

website_news/2021010202.txt · Last modified: 2021/02/01 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki