website_news:2021010206

អង្គការធ្វើការផ្នែកកុមារ រកឃើញករណីរំលោភផ្លូវភេទលើកុមារាច្រើនជាងកុមារី

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 29 January 2021 | 10:22 ICT

ភ្នំពេញៈ អង្គការធ្វើការងារផ្នែកកុមារ រកឃើញករណីរំលោភបំពានផ្លូវភេទលើកុមារាមានការកើតឡើងច្រើនជាងកុមារីនៅក្នុងប្រទេសកម្ពុជា ពិសេសនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្ដែការផ្សព្វផ្សាយការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាលើបញ្ហានេះនៅមិនទាន់មានគ្រប់គ្រាន់នៅឡើយ។

នាយកប្រតិបត្ដិអង្គការសកម្មភាពដើម្បីកុមារ (APLE) លោក សំលៀង សីលា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៧ មករា ថា ករណីរំលោភបំពានផ្លូវភេទលើកុមារា កាលពីប្រមាណ ៤ ឆ្នាំមុន ភាគីពាក់ព័ន្ធមិនសូវបានលើកយកមកពិភាក្សា ផ្សព្វផ្សាយឱ្យបានទូលំទូលាយទេ ហើយការយល់ដឹងក៏មានកម្រិតទាប។ ប៉ុន្ដែបច្ចុប្បន្នពិសេសក្នុងពេលថ្មីៗនេះតាមរយៈការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលរបស់អង្គការ និងក្រសួងពាក់ព័ន្ធចំណេះដឹងអំពីបញ្ហានេះ មានការកើនឡើង។ បើតាមលោក សីលា ការរំលោភបំពានផ្លូវភេទលើកុមារាសម្រាប់ទិន្នន័យដែលអង្គការ APLE ទទួលបានគឺមានច្រើនជាងការរំលោភបំពានលើក្មេងស្រី។ ទិន្នន័យដែលអង្គការទទួលបាននេះ គឺប្រព្រឹត្ដឡើងដោយជនដែលធ្វើដំណើរ ឬអ្នកទេសចរ ពិសេសជនបរទេស។ លោកថ្លែងថា៖ «អ្វីដែលជាបញ្ហា គឺការផ្ដល់សេវាសម្រាប់កុមារា ព្រោះនៅកម្ពុជាមិនទាន់មានការផ្ដល់សេវាដល់កុមារាដូចកុមារីទេ។ វិធីនៃការផ្ដល់សេវាដូចជាតើកុមារារងគ្រោះត្រូវការអ្វី ហើយរបៀបនៃការផ្ដល់សេវាដល់ក្មេងប្រុសត្រូវមានបែបបទយ៉ាងម៉េចនោះក៏មិនទាន់បានល្អដែរ គឺស្ថិតនៅក្នុងដំណាក់កាលនៃការរៀនសូត្រនៅឡើយ»។

លោកបញ្ជាក់ថា៖ «តួលេខរបស់យើង បើគិតពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២០ ចំពោះករណីរំលោភបំពានផ្លូវភេទលើកុមារដោយអ្នកទេសចរ ឬអ្នកធ្វើដំណើរដែលភាគច្រើនជាជនបរទេសក្នុងនោះបានកើតឡើងលើកុមារាជាមធ្យមមានចំនួន ៥៦% ចំណែកកុមារីមានតែ ៤៤% ទេ ក្នុងចំណោមករណីរំលោភបំពានផ្លូវភេទលើកុមារជាង ៩៨០ នាក់»។ លោក សីលា អះអាងថាករណីរំលោភផ្លូវភេទលើកុមារាកាលពីប្រមាណ ៥ ឆ្នាំមុនមិនសូវកើតមានឡើងទេ គឺជាករណីដែលកម្រ។ ប៉ុន្ដែនាប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងហើយជាចំនួនមួយដែលគួរឱ្យព្រួយបារម្ភផងដែរទាក់ទងនឹងជនជាតិខ្មែរ រំលោភទៅលើក្មេងប្រុស។

លោក យួន សារ៉ាត់ ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូងកម្ពុជា ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីថ្ងៃទី ២៧ មករា ថា តាំងពីចាប់ផ្ដើមធ្វើការលើករណីរំលោភបំពានផ្លូវភេទលើកុមារានៅកម្ពុជាពីឆ្នាំ២០១០ ដល់ ២០២០ មានករណីសរុប ៨៣០ ទាំងកុមារា និងកុមារី។ ករណីដែលកើតឡើងលើកុមារាស្ថិតក្នុងវ័យ ចាប់ពី ៨ ដល់ ១៧ ឆ្នាំ។លោកថ្លែងថា៖ «ជាទូទៅកុមារទាំងអស់សុទ្ធតែប្រឈមក្នុងការទទួលរងការរំលោភបំពានផ្លូវភេទប្រសិនបើមិនមានអ្នកមើលថែជាប់លាប់ និងអ្នកមើលថែមិនមានចំណេះដឹងអំពីការរំលោភបំពានផ្លូវភេទ។ ជាពិសេសកុមារដែលទទួលរងការរំលោភបំពានផ្លូវភេទនោះ គឺកុមារដែលត្រូវបានឪពុកម្តាយ និងអ្នកមើលថែបណ្តោយមិនសូវយកចិត្តទុកដាក់មើលថែកូនៗនិងទុកចិត្តអ្នកដទៃពេកមិនចាប់អារម្មណ៍ចំពោះប្រវត្តិរបស់អ្នកនោះ»។ បើតាមលោក សារ៉ាត់ អង្គការជំហានដំបូងកម្ពុជាកំពុងធ្វើការងារលើការបណ្ដុះបណ្ដាលតាមរយៈការបើកវគ្គសិក្ខាសាលា ស្តីអំពីការការពារកុមារពីការរំលោភបំពានផ្លូវភេទនៅតាមសហគមន៍ មណ្ឌលរបស់អង្គការនានា។ វគ្គបណ្តុះបណ្តាលដល់បុគ្គលិក រដ្ឋាភិបាល និងអង្គការនានា។ កសាងបណ្តាញជាមួយរដ្ឋាភិបាល អង្គការ និងសាលានានា និងផ្សព្វផ្សាយតាមរយៈវិទ្យុជាដើម។ លោកឱ្យដឹងថា អង្គការជំហានដំបូងកម្ពុជាបាននិងកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាលកម្ពុជាមានដូចជា ក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្នុងការផ្តល់សេវាសម្រាប់អតិថិជន ហើយក៏សហការជាមួយអាជ្ញាធរនៅតាមមូលដ្ឋានជាច្រើនផងដែរ។

លោក តូច ចាន់នី មន្ដ្រីនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទទួលស្គាល់ថា ករណីរំលោភបំពានផ្លូវភេទលើកុមារាពិតជាកើតមានឡើងនៅប្រទេសកម្ពុជា ប៉ុន្ដែករណីដែលកើតឡើងភាគច្រើន ជាជនបរទេសមកទេសចរណ៍នៅកម្ពុជា។ លោកថ្លែងថា៖ «យើងមិនអាចកំណត់បានថា ករណីរំលោភបំពានផ្លូវភេទលើកុមារានេះ កើតឡើងច្រើននៅក្នុងពេលណាទេ គឺករណីនេះបានកើតឡើងច្រើនឆ្នាំកន្លងមកហើយ ឥឡូវក៏នៅតែមានកើតឡើង»។ ក្រសួងសង្គមកិច្ចមានគោលជំហរ មិនអាចបណ្ដែតបណ្ដោយឱ្យសកម្មភាពរំលោភបំពានផ្លូវភេទលើកុមារា កើតមានឡើងទៀតទេ។ បច្ចុប្បន្នក្រសួងមាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងធ្វើការងារនេះដោយសហការជាមួយអង្គការដៃគូពាក់ព័ន្ធទាំងអស់។ នេះបើតាមការអះអាងរបស់លោក ចាន់នី។

អង្គការជំហានដំបូងកម្ពុជាកាលពីពេលថ្មីៗនេះចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ការរំលោភបំពានលើកុមារ «វាកើតឡើងលើកុមារាផងដែរ»។ អង្គការនេះថា ប្រសិនបើអ្នកសួរមនុស្ស ១០ នាក់ដោយចៃដន្យពីការគិតរបស់ពួកគេនៅពេលនិយាយអំពីការរំលោភបំពានផ្លូវភេទកុមារ និងជនរងគ្រោះ ស្វ័យប្រវត្តិចម្លើយ គឺប្រាកដជាជនរងគ្រោះដោយការរំលោភបំពាន គឺជាកុមារី។ បើតាមអង្គការនេះកុមារាទទួលរងការរំលោភបំពានផ្លូវភេទដូចកុមារីដែរ (យ៉ាងហោចណាស់ ៥% នៃកុមារនៅក្នុងប្រទេសកម្ពុជា)។ ប៉ុន្តែសម្រាប់ហេតុផលជាច្រើនករណីកុមារនេះស្ទើរតែមិនត្រូវបានរាយការណ៍។ (៦% នៃករណីរំលោភបំពានផ្លូវភេទកុមារាត្រូវបានរាយការណ៍) បើប្រៀបធៀបទៅនឹងការរំលោភបំពានផ្លូវភេទកុមារី ៤០% ត្រូវបានរាយការណ៍។ នេះបើតាមការស្រាវជ្រាវរបស់ UNICEF ឆ្នាំ ២០១២ និង ២០១៤។ អង្គការជំហានដំបូងកម្ពុជាបានអះអាងថា កំពុងធ្វើការនៅតាមមូលដ្ឋានលើបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ឱ្យកុមារចំពោះបញ្ហាដែលកប់ទុកគ្មានគេនិយាយ គ្មានអ្នកណាដឹង និងគ្មានអ្នកស្តាប់។ ប៉ុន្តែវាបានធ្វើឱ្យកុមារជាច្រើនឈឺចាប់ និងរងរបួសផ្លូវចិត្ត ជាពិសេសចំពោះកុមារាតែម្តង៕

website_news/2021010206.txt · Last modified: 2021/02/01 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki