website_news:2021010207

បុរសជនជាតិបារាំងរងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកុមារខ្មែរ និងនេប៉ាល់

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2021-01-30

តុលាការបារាំងបង្គាប់ឱ្យបើកសវនាការជំនុំជម្រះទណ្ឌិតបារាំងម្នាក់ឡើងវិញ ដែលរងការចោទប្រកាន់ថា បានរំលោភផ្លូវភេទលើកុមារាខ្មែរ និងនេប៉ាល់ (Nepal) ជាច្រើននាក់ តាមរយៈសមាគមសាមគ្គី ហ្វីលមី (Philmy) របស់លោក។ ទីភ្នាក់ងារព័ត៌មានបារាំងអា.អេហ្វ.ប៉េ (AFP) កាលពីថ្ងៃទី២៩ ខែមករា ឱ្យដឹងថា ទណ្ឌិត ហ្វីលីព ហ្យឺរ៉ាដ (Philippe Gerard) អាយុ៥១ ឆ្នាំ ត្រូវបានតុលាការបារាំង សម្រេចឱ្យបើកការជំនុំជម្រះសាជាថ្មីទៀត ពីបទចោទប្រកាន់ថា បានរំលោភផ្លូវភេទលើកុមារខ្មែរ៩នាក់ និងកុមារនេប៉ាល់១៥នាក់ ដែលមានអាយុចន្លោះពី ៦ឆ្នាំដល់ ១៤ ឆ្នាំ កាលពីអំឡុងឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥។ ជនជាប់ចោទរូបនេះ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ប៉ុន្តែក្រោយមកក៏បានសារភាពនៅចំពោះមុខចៅក្រមស៊ើបអង្កេតសាកសួរ។ ចំណែកមេធាវីការពារក្តី ទណ្ឌិត ហ្វីលីព ហ្យឺរ៉ាដ បដិសេធមិនឆ្លើយបញ្ជាក់ពីករណីចោទប្រកាន់នេះទេ។ ក៏ប៉ុន្តែប្រសិនបើតុលាការរកឃើញកំហុសពិតមែន ជនល្មើសរូបនេះនឹងប្រឈមការជាប់ពន្ធនាគារចំនួន ២០ឆ្នាំ។ លោក ហ្វីលីព ហ្យឺរ៉ាដ ធ្លាប់ត្រូវបានតុលាការនៅទីក្រុងតុងនុន (Thonon) ស្ថិតនៅតំបន់ភាគខាងកើតប្រទេសបារាំង បានកាត់ទោស ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ និងព្យួរទោស១៨ខែ កាលពីឆ្នាំ ២០០៥ ក្រោមបទចោទថា បានរំលោភកុមារបារាំង នៅជំរំវិស្សមកាល។ ក្រោយពីបានដោះលែងមកជនសង្ស័យ រូបនេះ ក៏បានទៅប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា ដោយបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានការជួយឧបត្ថម្ភថវិកា ពីក្រុមគ្រួសារនិងមិត្តភ័ក្ដិ៕

website_news/2021010207.txt · Last modified: 2021/02/01 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki