website_news:2021010208

មន្ត្រីសិទ្ធិការងារយល់ថា ពលករចំណាកស្រុកនៅតែចាញ់បោកមេខ្យល់ និងប្រថុយប្រថានទៅធ្វើការ

https://www.rfa.org/khmer/ ដោយ ខែ សុណង 2021-01-29

មន្ត្រីសិទ្ធិការងារយល់ថា ពលករចំណាកស្រុកនៅតែចាញ់បោកមេខ្យល់ និងប្រថុយប្រថានទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី (Malaysia) គឺដោយសាររដ្ឋាភិបាលមិនបានយកបញ្ហានេះជាអាទិភាពក្នុងការដោះ ស្រាយ។ មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា ថ្លែងថា ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធនេះជាប្រភពសំខាន់នាំឱ្យមានការជួញដូរកម្លាំងពលកម្ម និងការលួចលាក់នាំពលរដ្ឋចេញទៅធ្វើការខុសច្បាប់ ចេះតែបន្តកើតមានឡើងដដែលៗ ឥតស្រាកស្រាន្ត។ លោកថា រដ្ឋាភិបាលនឹងស្ថាប័នពាក់ព័ន្ធគួរយកបញ្ហានេះជារឿងអាទិភាព ពីព្រោះជនល្មើសភាគច្រើនជាមុខសញ្ញាដដែលៗ ហើយក៏មិនមែនជាពលរដ្ឋសាមញ្ញដែលហ៊ានរកស៊ីជួញដូរមនុស្សដែរ៖ «ទោះដឹងថា មានមេខ្យល់នៅត្រង់ណាក៏ដោយប្រសិទ្ធភាពនៃការចាត់វិធានការមិនសូវម៉ឺងម៉ាត់ឱ្យមានប្រសិទ្ធភាពនៅតែគិតថា វាដូចជារឿងសាមញ្ញ ជារឿងធម្មតាអ៊ីចឹងទៅ មិនបានគិតថា វាជាកិត្យានុភាពជាតិ វាជាមុខមាត់ជាតិ ជាបញ្ហារបស់ប្រជាពលរដ្ឋនៅស្រុកខ្មែរនេះ ជនអ្នកប្រព្រឹត្តបទល្មើសបើសិនជាគេចង់ចាប់មិនលើសពី២នាទីទេ គេចាប់បានហើយ ចុះមេខ្យល់ច្រងោៗ ដដែលៗ ចេញពីប្រភពដដែលៗម៉េចមិនចាប់»។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានអន្តរាគមន៍បញ្ជូនពលករខ្មែរចំនួន ៦នាក់ និងទារកម្នាក់ មកកម្ពុជាវិញ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឱ្យដឹងថា អ្នកទាំងនេះ ដែលចាញ់បោកមេខ្យល់ឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ ស្ថានទូតខ្មែរបានរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បីបញ្ជូនពួកគេទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងជូនពួកគេទៅព្រលានយន្តហោះត្រឡប់មកកម្ពុជា នៅល្ងាចថ្ងៃទី២៧ មករា។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែមករា ក៏បានអំពាវនាវដល់ពលករខ្មែរ ឱ្យឈប់ចំណាកស្រុកដោយប្រថុយប្រថានខុសច្បាប់តទៅទៀត៕

website_news/2021010208.txt · Last modified: 2021/02/01 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki