website_news:2021010303

ពលករឆ្លងដែនចេញពីប្រទេសថៃចូលមកស្រុកកំណើតបានកើនឡើងដល់ជាង៩០០០នាក់គិតត្រឹមថ្ងៃទី២៦ខែកុម្ភៈ

https://www.kampucheathmey.com/ on February 27, 2021By Sokhom Khon

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមតំបន់ព្រំដែននានាក្នុងខេត្តបាត់ដំបងបានទទួលពលករខ្មែរសរុបចំនួន៩៦១៦នាក់ ក្នុងនោះពលករប្រុសស្រីក្មេងចាស់ដែលបានឆ្លងដែនពីប្រទេសថៃចូលមកស្រុកកំណើតនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរសរុបចំនួន១៨៤នាក់។ ដោយឡែកពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័កអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗវិញ នៅថ្ងៃដដែលមានចំនួន៣២២នាក់ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត។ មន្ត្រីរដ្ឋបាលខេត្តបានបន្ថែមថា ក្រៅពីការទទួលពលករដែលឆ្លងដែនតាមច្រកត្រង់មិនគេចវេះ អាជ្ញាធរក៏កំពុងជំរុញការបង្កើនកម្លាំងដាក់ពង្រាយការពារត្រួតពិនិត្យយ៉ាងតឹងតែងផងដែរទៅលើពលករខ្មែរដែលឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ប្រសិនបើរកឃើញថាពលករដែលចេញឬចូលខុសច្បាប់និងត្រូវនាំខ្លួនយកទៅកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ភ្លាម។ ដោយឡែកក្នុងករណីរកឃើញមេខ្យល់នឹងត្រូវនាំខ្លួនឲ្យធ្វើចត្តាឡីស័កតាមការកំណត់រួចរាល់ហើយ និងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ។

លោក ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរខេត្តបានបញ្ជាក់ដែរថា ភូមិសាស្ត្រដែលមេខ្យល់តែងនាំពលករចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនិងត្រឡប់ពីប្រទេសថៃចូលមកប្រទេសកំណើតវិញនោះ មាននៅតាមបណ្តាច្រករបៀងនានាជាច្រើនផងដែរមានដូចជាតំបន់ព្រំដែនស្រុកកំរៀង,ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។លោកបន្តថា កន្លងមកសមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនមេខ្យល់បានជាបន្តបន្ទាប់បានបញ្ជូនទៅកាន់តុលាការសរុបចំនួន៣៩នាក់រួចមកហើយលើសំណុំរឿង២១ករណី៕ អត្ថបទ ៖ សៅ សារិទ្ធ

website_news/2021010303.txt · Last modified: 2021/03/01 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki