website_news:2021010604

កងទ័ពកម្ពុជា ស្នើភាគីថៃកុំឲ្យមានការបាញ់ពលរដ្ឋខ្មែរ ខណៈពួកគេលួចឆ្លងដែនខុសច្បាប់

https://news.btv.com.kh/ 05/31/2021 10:05 AM

ភ្នំពេញ ៖ មន្ត្រីយោធារបស់កម្ពុជា បានស្នើទៅភាគីថៃជាថ្មីម្តងទៀត ដោយសូមឲ្យឆ្មាំការពារព្រំដែនរបស់ថៃ មានការយោគយល់ និងកុំធ្វើការបាញ់សម្លាប់ពលរដ្ឋខ្មែរ ពេលដែលពួកគាត់លួចឆ្លងដែនខុសច្បាប់ និងលួចទៅកាប់ឈើនៅលើទឹកដីថៃ ជាដើមនោះ។ ការស្នើសុំរបស់យោធាកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រជូរមុខតំបន់ភ្នំតាថាវ ខេត្តព្រះវិហារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងទប់ស្កាត់បង្ក្រាបរាល់បទល្មើស ផ្សេងៗនៅតាមព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលួចឆ្លងដែនដោយខុសច្បាប់ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅរកកាប់ឈើប្រណិតក្នុងទឹកដីថៃជាដើមនោះ។

យ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា បានធ្វើការស្នើសុំការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់ពលរដ្ឋខ្មែរពេលដែលពួកគាត់លួចឆ្លងដែនទៅកាន់ប្រទេសថៃ។ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែន មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់ និងការណាត់ជួបគ្នាឡើងវិញក្នុងរយ:ពេល១ខែម្តងនោះ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជាក់ផងដែរថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើគោលការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។ បន្ថែមពីនោះទៀត លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការក្រើនរំលឹកទៅដល់គ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃត្រូវប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងបន្តក្នុងការការពារ គ្រប់គ្រងបានយ៉ាងរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ពិសេសបង្កើនការចេញដើរល្បាតបានជាប់ជាប្រចាំ ទោះបីជាសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី ក៏ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕ អត្ថបទបាន ចក់

website_news/2021010604.txt · Last modified: 2021/06/01 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki