website_news:2021010605

ថៅកែហាងម៉ាស្សាម្នាក់បញ្ជូនទៅតុលាការ , ស្រ្តីរកស៊ីផ្លូវភេទចំនួន ៥នាក់ ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា

https://cen-news.com/ Posted ByPen Srey Neat May 31, 2021

ខេត្តសៀមរាប៖ លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីឲ្យមន្ទីរសង្គមកិច្ចធ្វើការកំណត់អត្តសញ្ញាណបន្ត ព្រមទាំងធ្វើការស្ថារនីតិសម្បទា និងធ្វើសមាហរណកម្មទៅសហគមន៍វិញ ជនសង្ស័យសមត្ថកិច្ចបានយកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ និងបានបញ្ជូនខ្លួនទៅតុលាការ។ នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។

លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានស្រ្តីទាំង០៥នាក់ ពីស្នងការដ្ឋាននគរបាលខេត្ត និងក្រោយពីការបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃមក មន្ទីរបានធ្វើការសម្ភាសន៍កំណត់អត្តសញ្ញាណ ដោយក្នុងនោះបានធ្វើការសមាហរណកម្មត្រឡប់ទៅសហគមន៍វិញនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០៤នាក់ ដែលក្នុងម្នាក់ៗ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការកុមារមេត្រីអន្តរជាតិ ចំនួន ២០ដុល្លារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រឺឯអនីតិជន អាយុ១៧ឆ្នាំ ចំនួន០១នាក់នោះ ត្រូវបានមន្ទីរបញ្ជូនទៅស្នាក់នៅមណ្ឌលអង្គការកុមារមេត្រីអន្តរជាតិនៅរាជធានីភ្នំពេញ ដើម្បីធ្វើការស្តារនីតិសម្បទា តាមរយៈការរៀនជំនាញវិជ្ជាជីវៈ ។

website_news/2021010605.txt · Last modified: 2021/06/01 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki