website_news:2021010702

ពលករត្រឡប់ពីថៃ យ៉ាងតិច៣០០នាក់ក្នុងមួយថ្ងៃ ខណៈថៃបិទខ្ទប់ ដោយសារកូវីដ-១៩កាន់តែខ្លាំង

https://thmeythmey.com/ 29, Jun 2021 , 10:29 pm

ភ្នំពេញ៖ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ បានបញ្ជាក់ថា ពលករសម្រុកត្រឡប់វិញនេះ ដោយសារពួកគេគ្មានការងារធ្វើ ខណៈថៃកំពុងរាតត្បាតកូវីដ-១៩កាន់តែខ្លាំង។ ការសម្រុកមកនេះ ពួកគេប្រឈមនឹងការកេងប្រវ័ញ្ចលើមធ្យោបាយធ្វើដំណើរនិងការឆ្លងកូវីដ-១៩។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ឃុន ថារ៉ូ បានបញ្ជាក់ថា នាពេលថ្មីៗនេះ ពលករខ្មែបានសម្រុកមកកម្ពុជាវិញ ប្រមាណ៣០០នាក់ ក្នុងមួយថ្ងៃ ពិសេសពលករដែលធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសម្រុកមកវិញនេះ គឺដោយសារថៃកំពុងរាលដាលកូវីដ-១៩ រួមទាំងចាត់វិធានការរឹតបន្តឹងនិងបិទខ្ទប់ទីក្រុងបាងកក។ «ពលករភាគច្រើនដែលត្រឡប់មកវិញ គឺអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករសំណង់ អ្នកធ្វើការតាមហាង និងផ្សារជាដើម ដោយសារពួកគេមិនមានកិច្ចគាំពារសង្គម ខណៈការបិទទីក្រុងបាងកក គឺត្រូវឲ្យបិទការដ្ឋានសំណង់។

លើសពីនេះ ពួកគេព្រួយបារម្ភការស្នាក់នៅដោយគ្មានច្បាប់ត្រឹមត្រូវនិងការឆ្លងរាលដាលកូវីដ-១៩ ទើបបង្ខំចិត្តត្រឡប់វិញ»។ នេះបើតាមការលើកឡើងរបស់លោក ថារ៉ូ ដោយបន្ថែមថា ពួកគេងាយនឹងចាញ់បោកមេខ្យល់ ដោយសារការធ្វើដំណើរត្រឡប់មកវិញ មិនបានត្រៀមទុក ពិសេសគឺ ការឆ្លងរាលដាលកូវីដ-១៩។ទន្ទឹមនឹងការសម្រុកត្រឡប់មកវិញរបស់ពលករខ្មែរ ក៏មានពលករខ្មែរជាច្រើននាក់ ព្យាយាមឆ្លងដែនខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅតាមខេត្តជាប់ព្រំដែនកម្ពុជា។ បើតាមលោក ថារ៉ូ ពលករដែលឆ្លងដែនខុសច្បាប់ទៅធ្វើនៅអំឡុងពេលនេះ ភាគច្រើនទៅធ្វើការប្រមូលផលកសិកម្មដំណាំផ្លែឈើ ដើម្បីដោះស្រាយជីវភាពខ្វះខាត ពិសេសអំឡុងពេលរងវិបត្តិកូវីដ-១៩។

ជុំវិញស្ថានភាពពលករខ្មែរនៅក្រៅប្រទេសសារព័ត៌មានថ្មីៗមិនទាក់ទងសុំព័ត៌មានលម្អិតពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឡើយ។ ដោយឡែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកពុំទាន់មានរបាយការណ៍ជុំវិញពលករក្រៅប្រទេសនោះទេ។

បើតាមលោក ថារ៉ូ បច្ចុប្បន្ននេះមានពលករខ្មែរនៅប្រទេសថៃប្រមាណ៤០០នាក់ ហើយបានឆ្លងកូវីដ-១៩។ ក្រៅពីពលករខ្មែរ កើតកូវីដ-១៩ នេះ ក៏មានពលករខ្មែរ៣០នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ការងារ បើគិតពីដើមឆ្នាំ២០២១មក។ នេះជាការបញ្ជាក់របស់លោក ថារ៉ូ។

ជាមួយគ្នានេះលោក កែ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗថា គិតត្រឹមថ្ងៃ២០ ធ្នូ ២០២០ ដល់ថ្ងៃទី១០ មិថុនា ២០២១នេះ ពលរដ្ឋខ្មែរត្រឡប់ពីថៃ មានជាង៤.៤ម៉ឺននាក់។ ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ ៤ពាន់នាក់ មកអាជ្ញាធរកម្ពុជាវិញដែរ។

website_news/2021010702.txt · Last modified: 2021/07/01 21:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki