website_news:2021010703

ពលករ៤០នាក់ ដែលព្យាយាមឆ្លងខុសច្បាប់ទៅថៃ ត្រូវបានឃាត់ខ្លួន

https://thmeythmey.com/ 28, Jun 2021 , 12:59 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ ពលករខ្មែរ៤០នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់ តាមច្រកព្រំដែនបាត់ដំបង និងបន្ទាយមានជ័យ ដើម្បីស្វែងរកការងារធ្វើនៅថៃនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះបើតាមអគ្គនាយកដ្ឋាននគរបាលជាតិ។

កម្លាំងសមត្ថកិច្ចល្បាតតាមជួរព្រំដែន បានឃាត់ពលករខ្មែរ៣២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ តាមក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥មិថុនា។ ក្នុងចំណោមពួកគេទាំង៣២នាក់ មាន២៧នាក់ ត្រូវសមត្ថកិច្ចអប់រំណែនាំ និងបញ្ជូនទៅធ្វើចត្តាឡីស័ក ខណៈមនុស្ស៥នាក់ទៀត កំពុងស្ថិតក្នុងការសាកសួរ ដើម្បីស្រាវជ្រាវរកមេខ្យល់ រួមទាំងចាត់វិធានការតាមច្បាប់។

ដោយឡែកពលករ៨រូបទៀត ដែលព្យាយាមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ តាមច្រកព្រំដែនស្រុកសំពៅលូន ក៏ត្រូវសមត្ថកិច្ចព្រំដែនខេត្តបាត់ដំបងឃាត់ខ្លួន និងអប់រំដែរ ។ បច្ចុប្បន្ននៅតាមព្រំដែន កម្លាំងសមត្ថកិច្ច បានពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនទាំងយប់និងថ្ងៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ពិសេសគឹទប់ស្កាត់ការរាលដាលកូវីដ-១៩ចូលសហគមន៍។ គិតត្រឹមថ្ងៃ២០ធ្នូ ២០២០ ដល់ថ្ងៃទី១០មិថុនា ២០២១នេះ ពលរដ្ឋខ្មែរត្រឡប់ពីថៃ មានជាង៤.៤ម៉ឺននាក់។ ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ ៤ពាន់នាក់ មកអាជ្ញាធរកម្ពុជាវិញដែរ។ នេះបើតាមលោក កែ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលផ្ដល់របាយការណ៍ឱ្យសារព័ត៌មានថ្មីៗ៕

website_news/2021010703.txt · Last modified: 2021/07/01 21:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki