website_news:2021010705

ខេត្តជាប់ព្រំដែនចាប់ផ្តើមពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម សម្រាប់ដាក់ពលករខ្មែរមកពីថៃ

https://www.kampucheathmey.com/ ថ្ងៃពុធ ៣០ មិថុនា ២០២១ដោយ Kang Tola

នៅជាប់ព្រំដែនកម្ពុជាថៃ បានចាប់ផ្តើមរៀបចំពង្រីកមណ្ឌលចត្តាឡីស័កឲ្យបានច្រើនថែមទៀតសម្រាប់ត្រៀមដាក់ពលករខ្មែដែលវិលត្រឡប់មកពីថៃមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះអាជ្ញាធរខេត្តបាត់ដំបងក៏បានធ្វើការណែនាំដល់ក្រុងស្រុកនីមួយៗត្រូវរៀបចំមណ្ឌលចត្តាឡីស័ក ដែលអាចដាក់បានមនុស្សពី៥០០ទៅ១ពាន់នាក់ សម្រាប់ត្រៀមដាក់ពលករខ្មែរមកពីប្រទេសថៃ ខណៈបច្ចុប្បន្ននៅតាមស្រុកក្រុងអាចដាក់បានតែ១០០ទៅ២០០នាក់ប៉ុណ្ណោះ។

លោក សៀម ប៊ុនរឹទ្ធី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី៣០ មិថុនានេះថា បច្ចុប្បន្ននៅខេត្តបាត់ដំបងមានអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលទាំង១៩កន្លែង ប្រមាណជាង២២០០នាក់ ក្នុងនោះមានពលករខ្មែរឆ្លងដែនមកពីប្រទេសថៃជាង២ពាន់នាក់ និងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាង២០០នាក់។ លោកអភិបាលរងខេត្តបានបន្តថា អាជ្ញាធរបានយកពលករខ្មែរ និងអ្នកជាប់ពាក់ព័ន្ធសហគមន៍ដាក់ដាច់ដោយឡែកពីគ្នារួចហើយដើម្បីបង្ការការឆ្លងរាលដាលជំងឺបំប្លែងខ្លួនថ្មីដែលតានៅក្នុងមណ្ឌលចត្តាឡីស័ក។លោកអភិបាលរងខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំផែនការឱ្យតាមបណ្តាស្រុកក្រុងទាំងអស់រៀបចំមណ្ឌលចត្តាឡីស័កដែលអាចដាក់មនុស្សបានចាប់ពី៥០០នាក់ដល់១០០០ពាន់ហើយនៅទូទាំងខេត្តឲ្យបានពី៨០០០នាក់ទៅ១ម៉ឺននាក់ ដើម្បីត្រៀមបង្ការពេលមានពលករខ្មែរសម្រុកមកពីថៃច្រើនខណៈបច្ចុប្បន្ននៅតាមស្រុកក្រុងអាចដាក់បានតែ១០០ ទៅ២០០នាក់ ប៉ុណ្ណោះទៅតាមស្រុកក្រុងធំតូច។ លោកអភិបាលរងខេត្តបានបន្ថែមថា «យើងបានណែនាំដល់ក្រុងស្រុកនីមួយៗធ្វើយ៉ាងណារកទីតាំងដូចជាសាលារៀនអីហ្នឹងសម្រាប់ត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័កអាចដាក់មនុស្សបានយ៉ាងហោចណាស់ពី៥០០នាក់ ទៅជិត១ពាន់នាក់ក្នុងស្រុកក្រុងនីមយៗដើម្បីត្រៀមបង្ការពេលមានពលករខ្មែរសម្រុកមកពីថៃច្រើន»។

ការរៀបចំផែនការធ្វើមណ្ឌលចត្តាឡីស័កបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតម្រូវឱ្យខេត្តជាប់ព្រំដែនកម្ពុជា ថៃរៀបចំមណ្ឌលចត្តាឡីស័កដាច់ដោយឡែកសម្រាប់ដាក់ពលករខ្មែរមកពីថៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ខណៈមានពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានរកឃើញមេរោគបំប្លែងខ្លួនថ្មីនេះជាច្រើនករណី។

លោក អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនិងជំងឺកូវីដ១៩ បានណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាថៃឲ្យរៀបចំជាបន្ទាន់មណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ច្រកព្រំដែនកម្ពុជាថៃជាពិសេសសម្រាប់ខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់សម្រាប់ដាក់ឱ្យដាច់ដោយឡែកពីគ្នា រវាងអ្នកដំណើរឆ្លងដែនចូលមកកម្ពុជាតាមព្រំដែននានា ពិសេសពលករខ្មែរមកពីប្រទេសថៃ និងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ដើម្បីបង្ការការចម្លងជាយថាហេតុនៃមេរោគបម្លែងខ្លួនថ្មីនេះ នៅក្នុងមណ្ឌលចត្តាឡីស័ក។ ជាមួយគ្នានេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានណែនាំឱ្យអាជ្ញាធរធ្វើការសហការជាមួយខេត្តជាប់ព្រំដែនកម្ពុជាថៃ ដើម្បីពង្រឹងការគ្រប់គ្រងរំហូរចូលនៃប្រជាជននិងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជានិងដើម្បីជៀសវាងការលួចចូលឆ្លងដែនដោយខុសច្បាប់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ចំនួន២២ករណីដែលជាអ្នកដំណើរឆ្លងដែនមកពីប្រទេសថៃ៕ ដោយ ៖ សំអឿន

website_news/2021010705.txt · Last modified: 2021/07/01 21:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki