website_news:2021010706

ស្ថានទូតខ្មែរនៅថៃ អំពាវដល់ពលករខ្មែរកុំបារម្ភ និងកុំចល័ត ព្រោះវិធានបិទខ្ទប់ បង្ការជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃ

https://m.postkhmer.com/ ឡុង គីមម៉ារីតា29 June 2021 | 17:16 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ជាពិសេសតំបន់ដែលមានហានិភ័យខ្ពស់ កុំឲ្យមានការមានភ័យខ្លាច និងធ្វើការចល័តទីតាំងក្នុងអំឡុងពេលដែល រដ្ឋាភិបាលថៃ ដាក់ចេញវិធានការបណ្តោះអាសន្នតាមការដ្ឋានសំណង់ក្នុងទៅក្រុងបាងកក និងខេត្តមួយចំនួន។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរដែលធ្វើការក្នុងវិស័យសំណង់នៅប្រទេសថៃ បានសម្រុកវិលត្រឡប់ចូលមកប្រទេសវិញតាមច្រកព្រំដែនអូរស្មាច់ ច្រកអូរបីជាន់ ច្រកព្រំដែនបឹងត្រកួន និងច្រករបៀងតូចៗផ្សេងទៀតជាប់ខេត្តសុរិន្ទរបស់ថៃ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្ហោះលើហ្វេសបុករបស់ស្ថានទូតថា សេចក្តីសម្រេចស្តីពីការគ្រប់គ្រងជំងឺកូវីដ ១៩ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដោយរដ្ឋាភិបាលថៃ បានសម្រេចបិទខ្ទប់ការដ្ឋានសំណង់ និងកន្លែងស្នាក់នៅ កម្មករ សំណង់រយៈពេល ៣០ ថ្ងៃ និងហាមមិនឲ្យចល័តកម្មករផងដែរ។ អនុលោមតាមវិធានការតឹងរ៉ឹងនេះ គឺត្រូវបានអនុវត្តនៅក្នុងទីក្រុងបាងកក ខេត្តណាក់ខនប៉ាក់ធុម ខេត្តនុនបុរី ខេត្តប៉ាក់ធុមថានី ខេត្តសមុទ្រប្រាកាន ខេត្តសាមុទ្រសាខន ខេត្តណារ៉ាត់ធីវ៉ាត់ ខេត្តប៉ាត់តានី ខេត្តយ៉ាក់ឡា និងខេត្តស៊ុងក្លា។

ឆ្លើយតបជាមួយវិធានការថ្មីនេះ ស្ថានទូតកម្ពុជាបានអះអាងថា នឹងបន្តសហការជាមួយបណ្តាស្ថាប័នដែលពាក់ព័ន្ធរបស់ថៃ ដើម្បីតាមដានអន្តរាគមន៏ជួយដោះស្រាយ និងសម្រាលការលំបាករបស់បងប្អូនក្នុងពេលមានវិបត្តិនេះ ដោយស្នើសុំដល់បងប្អូនពលករកុំមានការភ័យខ្លាច និងកុំចល័តដោយសារតែការអនុវត្តវិធានការបណ្តោះអាសន្នតាមការដ្ឋានសំណង់ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ នេះ។ ស្ថានទូតកម្ពុជា បានអះអាងថា៖ «ស្ថានទូតកម្ពុជាសូមថ្លែងអំណរគុណដល់បងប្អូនពលករខ្មែរទាំងអស់ ដែលបានចូលរួមអនុវត្ត និងសហការជាមួយរាជរដ្ឋាភិបាលថៃក្នុងការទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈពេលជាង ១ ឆ្នាំកន្លងមក។ រាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ថែទាំ និងព្យាបាលពលករគ្រប់គ្នា។ ចំពោះពលរកដែលមិនមានឯកសារគ្រប់គ្រាន់ ភាគីថៃ នឹងពុំយកទោសពៃរ៍ ហើយថែមទាំងរៀបចំឲ្យក្លាយជាពលករស្របច្បាប់»។

លោក លឹង សុផុន ក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ មិថុនាថា ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ កាន់តែច្រើនទៅៗ ដូច្នេះ ពលករខ្មែរ មានការព្រួយបារម្ភ និងភ័យខ្លាចខ្លាំង។ ដោយសារតែមូលហេតុបែបនេះ លោកសង្កេតឃើញថា ពលករខ្មែរ បានសម្រុកត្រឡប់ទៅកម្ពុជាវិញ ច្រើនជាងសព្វដង ខណៈដែលការប្រកាសបិទរបស់រដ្ឋាភិបាលថៃ គឺបិទការដ្ឋានសំណង់ដែលសម្បូរទៅដោយពលករខ្មែររស់នៅ។ លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងវិធានការរបស់ថៃ ដែលបានប្រកាសឲ្យពលករដែលមិនមានឯកសារត្រឹមត្រូវក្តី មិនមានវិសារក្តី សូមឲ្យមានការធ្វើដំណើរឆ្លងកាត់ និងធ្វើដំណើរត្រឡប់ទៅខ្មែរនេះ គឺពលករខ្លះ មិនបានទទួលដំណឹងទាំងនេះនោះទេ។ យើងដឹងស្រាប់ហើយ ចាប់តាំងពីផ្ទុះនេះមក គឺមានពលករជាច្រើន បានចល័តទី និងផ្លាស់ប្តូរកន្លែងស្នាក់នៅរួចទៅហើយ»។

លោកបានបន្ថែមទៀតថា៖ «ពេលខ្លះ ការប្រកាសរបស់រដ្ឋាភិបាលថៃបែបនេះ តែជាក់ស្តែង ពលរកខ្មែរយើង ដែលគ្មានឯកសារនេះ នៅក្នុងតំបន់ខ្លះអី ត្រូវបានប៉ូលីសថៃ ចាប់ផាកពិន័យ បើទោះមានសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃបែបនេះក៏ដោយ។ ដូច្នេះពលករ គាត់ភ័យថា បើពួកគាត់ ឆ្លងកូវីដ ហើយមិនមានឯកសារ តើនឹងទទួលបានការព្យាបាល ឬយ៉ាងណា?»។ លោក លឹម សុផុន ថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានពលករខ្មែរជាច្រើនរួចទៅហើយ បានឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះ ដែលជាហេតុនាំឲ្យពលករខ្មែរដទៃទៀតមានការបារម្ភ និងភ័យខ្លាច ខណៈស្ថានភាពឆ្លងជំងឺកូវីដ ១៩ នៅប្រទេសថៃ បានផ្ទុះឡើងជាថ្មី ដោយក្នុងមួយថ្ងៃៗ មានអ្នកឆ្លងជំងឺកូវីដ ១៩ ដល់ទៅជាង ៥ ០០០ នាក់ ចំណែកចំនួនអ្នកស្លាប់ក៏មានច្រើនផងដែរ។

អ្នកស្រី គៀង ម៉ៅ អាយុជាង ៤០ ឆ្នាំ ដែលកំពុងធ្វើការនៅការដ្ឋានសំណង់មួយកន្លែងនៅខេត្តសមុទ្រប្រាកាន និងមានកម្មករខ្មែរជាង ៣០០ នាក់ កំពុងធ្វើការទីនោះ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៩ មិថុនាថា អ្នកស្រី និងកម្មករដទៃទៀត មិនត្រូវបានឲ្យកម្មករចេញពីការដ្ឋាននោះទេ។ អ្នកស្រីបន្តថា ជាមួយនឹងវិធានការថ្មីនេះ គឺកម្មករខ្មែរភាគច្រើន បានចូលរួមអនុវត្តតាម ប៉ុន្តែក៏មានការព្រួយបារម្ភពីបញ្ហាសុខភាពផងដែរ ខណៈក្នុងពេលនេះ កម្មករ គឺមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នោះទេ។ អ្នកស្រីបានរៀបរាប់ថា៖«ថៅកែគេមិនបានប្រាប់អ្វីច្រើននោះទេ គឺគេគ្រាន់តែឲ្យស្នាក់នៅហ្នឹងកន្លែង ហើយផុត ១ ខែហ្នឹង បានមានការងារធ្វើវិញ ហើយរឿងប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអីនោះ មិនទាន់ទទួលបានដំណឹងអ្វីច្បាស់ទេ។ នៅពេលនេះ យើងមិនសូវអីទេ គ្រាន់តែតទៅមុខទៅបារម្ភដែរ ព្រោះមិនដឹងយ៉ាងណា កំពុងតែដេកគិតដែរ»។ អ្នកស្រី គៀង ម៉ៅ ថ្លែងថា នៅក្នុងខេត្តសមុទ្រប្រាកាន គឺមិនទាន់ទទួលបានព័ត៌មានថា មានពលករខ្មែរឆ្លងជំងឺកូវីដ ១៩ នេះនៅឡើយទេ ខណៈនៅខេត្តជិតៗនោះ គឺមានពលករខ្មែរ បានឆ្លងរួចទៅហើយ ដោយអ្នកស្រី រំពឹងថា ពលរកខ្មែរ នឹងទទួលបានការយកចិត្តទុកដាក់ នៅពេលឆ្លងជំងឺកូវីដ ១៩ នេះ៕

website_news/2021010706.txt · Last modified: 2021/07/01 21:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki