website_news:2021010901

៦ខែឆ្នាំនេះ ពលរដ្ឋកម្ពុជាដែលរងគ្រោះបញ្ហាជួញដូរមនុស្ស ជាង២ពាន់នាក់ ត្រូវបានសង្គ្រោះពីបរទេស

http://freshnewsasia.com/ 2021-08-31 02:14pm

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ ពលរដ្ឋកម្ពុជា ដែលរងគ្រោះលើបញ្ហាជួញដូរមនុស្ស ចំនួន ២៣១៧នាក់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងត្រូវបញ្ជូនមកមាតុប្រទេសវិញ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងចំណោមមនុស្សរងគ្រោះទាំងអស់នោះ មានស្ត្រី ៩៧២នាក់ ដែលមានមកពី ៨ប្រទេស គឺចិន ម៉ាឡេស៉ី សិង្ហបូរី ថៃ ឥណ្ឌូនេស៉ី វៀតណាម ឡាវ និងឥណ្ឌា។ ក្នុងនោះ មកពីថៃច្រើនជាងគេ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងការងារខុសច្បាប់»។

បើតាមលោកស្រី ជូ ប៊ុនអេង, នៅឆ្នាំ២០២០ វិញ គឺប្រជាពលកម្ពុជារងគ្រោះ ១៥៧៤នាក់ ពាក់ព័ន្ធនឹងការងារខុសច្បាប់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងបញ្ជូនមកមាតុប្រទេសវិញ។មន្ត្រីជំនាញបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចំនួន ១៩៨ករណី កើនឡើង ១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណី។ លោកស្រី ជូ ប៊ុនអេង បានបន្តថា ក្នុងការបង្ក្រាបទាំង ១៩៨ករណី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់ ក្នុងនោះករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ១៣៩ករណី ដែលឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងការធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ដែលឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់។ លោកស្រីកត់សម្គាល់ថា ករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ទាំង ១៣៩ករណី ភាគច្រើនក៏ជាការនាំចេញដោយខុសច្បាប់សម្រាប់ឆ្លងដែន ដែលមានរហូតដល់ទៅ ១២១ករណី ឃាត់បានជនសង្ស័យ ១៩៨នាក់។ នៅមានប្រភេទនៃការជួញដូរមនុស្ស និងកេងវ័ញ្ច ច្រើនទៀត ប៉ុន្តែចំណុចដែលលើកឡើងនេះ ជាករណីធំៗ និងទូទៅ។ ចំពោះការបង្រ្កាបបានច្រើនបែបនេះ ត្រូវបានលោកស្រី ជូ ប៊ុនអេង ពន្យល់ថា មកពីដៃគូពាក់ព័ន្ធសហការគ្នាបានល្អ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គមមនុស្សជាតិ៕

website_news/2021010901.txt · Last modified: 2021/09/01 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki