website_news:2021010903

មន្រ្តីជំនាញ៖ រយៈពេល៦ខែដើមឆ្នាំនេះ ករណីជួញដូរមនុស្សនៅកម្ពុជាកើនឡើង៣ដង

https://khmer.voanews.com/ 27 សីហា 2021លាស់ លីបលីប

ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ករណីជួញដូរមនុស្សក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ បានកើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋបានចំណាកស្រុកច្រើន ដោយសារជួបប្រទះបញ្ហាសេដ្ឋកិច្ចក្នុងវិបត្តិជំងឺកូវីដ១៩។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ករណីនៃការជួញដូរមនុស្សក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ កើនឡើង៣ដង ដោយសារតែប្រជាជននៅតែចាញ់បោកល្បិចរបស់មេខ្យល់ក្នុងការបញ្ចុះបញ្ចូលទៅរកការងារធ្វើ ឬរៀបការជាមួយជនបរទេស ដោយខុសច្បាប់ជាដើម។ អ្នកស្រីថ្លែងថា៖ «៦ខែដើមឆ្នាំ គឺករណីដែលយើងបង្ក្រាបករណីដែលជួញដូរ គឺមានរហូតដល់ទៅ១៩៣ករណី ហើយបើប្រៀបធៀបទៅឆ្នាំមុនមានតែ៦៨ករណី។ អញ្ចឹងមានន័យថា វាខុសគ្នាឆ្ងាយ គឺវាកើនឡើង៣ដង»។ អ្នកស្រី ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា ការចាញ់បោកមេខ្យល់ គឺដោយសារតែប្រជាពលរដ្ឋខ្វះការយល់ដឹង មានបញ្ហាផ្នែកសេដ្ឋកិច្ច ជាមួយនឹងការសម្រេចចិត្តទាំងប្រថុយប្រថានរបស់ពួកគេ។ អ្នកស្រីបន្តថា ដំណាក់កាលនេះ ភាពប្រឈមរបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែចាញ់បោកមេខ្យល់យកទៅលក់ ឬទៅជួញដូរនោះទេ ប៉ុន្តែអាចរងហានិភ័យ ពាក់ព័ន្ធការឆ្លងជំងឺកូវីដ១៩ ជាពិសេសដាក់បន្ទុកបន្ថែមដល់គ្រួសារថែមទៀតផង។ អ្នកស្រីបន្តថា៖ «ប្រជាពលរដ្ឋមួយចំនួនធំ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ហៅថាកាត់បន្ថយផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ហ្នឹង កំពុងគិតថា បើមានឱកាសគាត់នឹងសម្រេចចិត្តថាធ្វើអ្វី។ ដល់ពេលជនជួញដូរមនុស្ស គឺធម្មតា គាត់មានល្បិចកល ហើយគាត់អូសទាញដោយយកការភូតភរពីរឿងផលប្រយោជន៍ ដើម្បីឲ្យអ្នកខ្វះការយល់ដឹងទៅតាម»។ អ្នកស្រីបន្ថែមថា៖ «អញ្ចឹងវាមានភាពប្រឈមធំជាងមុនសម្រាប់ពលករ ឬមួយអ្នកដែលសម្រេចចិត្តចេញទៅ[ចំណាកស្រុក]…បរទេសក្នុងពេលនេះ ដែលហៅថា ជាឱកាសរបស់មេខ្យល់ផង ហើយក៏វាពាក់ព័ន្ធនឹង[ការ]ទទួលវិញនូវផលវិបាក ដែលគាត់ត្រឡប់មកវិញ ទាំងមិនបានការងារ ទាំងនាំយកមេរោគមក ហើយដាក់បន្ទុកបន្ថែមទៅលើគ្រួសារថែមទៀត»។

អ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក ដែលធ្វើការលើការជួយពលរដ្ឋខ្មែរដែលចាញ់បោកគេនៅបរទេស មានប្រសាសន៍ថារដ្ឋាភិបាលត្រូវតែផ្តល់ការទំនុកបម្រុង និងបង្កើតឱកាសការងារទៅដល់ប្រជាពលរដ្ឋ ដើម្បីអាចឲ្យពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតបានសមរម្យ ហើយនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបការជួញដូរមនុស្ស។ អ្នកស្រីបានថ្លែងថា៖ «ទីមួយ ត្រូវមានការងារសមស្រប ហើយត្រូវមានទីផ្សារការងារ ហើយមានប្រព័ន្ធធារាសាស្រ្ត មានការផ្គត់ផ្គង់ពូជស្រូវ ដីធ្លីឲ្យពួកគាត់[ប្រជាពលរដ្ឋ] ឲ្យបានពេញលេញ និងសមស្របទៅនឹងលទ្ធភាព សមត្ថភាពរបស់ពួកគាត់។ ទីពីរទាក់ទងការជួយសង្គ្រោះ ហើយនឹងអន្តរាគមន៍ក្រោយពេលជួយមកវិញហ្នឹង គឺត្រូវមើលថ្លឹងថ្លែងផ្តល់សេវាពេញលេញ ក្នុងនោះដែរមានទាំងសេវាសុខភាពផ្លូវកាយ ផ្លូវចិត្ត ទាំងសេវាផ្នែកច្បាប់ បានន័យថា ស្វែងរកយុត្តិធម៌ ការទាមទារសំណងកុំឲ្យចំណាយរយៈពេលយូរ យឺតយ៉ាវសម្រាប់ពួកគាត់។ អញ្ចឹងនីតិវិធីហ្នឹង ត្រូវពង្រឹង និងពន្លឿនផងដែរ»។

កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ស្រ្តីខ្មែរចំនួន១២នាក់ ត្រូវបានជួយសង្រ្គោះពីការជួញដូរក្នុងប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានបង្ហោះសារនៅក្នុងប្រព័ន្ធតេឡេក្រាម(Telegram) ជាការផ្តល់ដំណឹងដល់អ្នកសារព័ត៌មានថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន១២នាក់ ដែលរងគ្រោះដោយការជួញដូរ។ លោកបន្ថែមថា ពួកគេនឹងវិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣:៣០នាទីល្ងាច តាមជើងយន្តហោះ។ ទោះជាយ៉ាងណា លោក កុយ គួង មិនបានបញ្ជាក់ថា ស្រ្តីខ្មែរទាំង១២នាក់នោះ រងគ្រោះ ដោយការជួញដូរប្រភេទណានោះទេ។ លោក កុយ គួង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់មានព័ត៌មានលម្អិតអំពីស្រ្តីទាំង១២នាក់នោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ គឺចាប់ពីខែមករាដល់ខែមិថុនា ស្រ្តីខ្មែរដែលត្រូវបានជួយសង្គ្រោះពីប្រទេសចិនសរុបចំនួន២៣០នាក់។

កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាបានកត់ត្រាថា ស្រ្តីខ្មែរ១១១នាក់ បានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញ ដោយពួកគេអះអាងថា ត្រូវបានបង្ខំឲ្យរៀបការជាមួយជនជាតិចិន។ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិឈ្មោះ UN-ACT ដែលផ្សាយកាលពីឆ្នាំ ២០១៦ បានលើកឡើងថា ស្រ្តីខ្មែរទៅប្រទេសចិនដោយសារចាញ់បោកមេខ្យល់ ដែលសន្យាបោកប្រាស់ថា ពួកគេនឹងទទួលបានការងារមានប្រាក់ខែច្រើន។ របាយការណ៍បន្តថា ស្រ្តីខ្មែរមួយចំនួនក៏បានយល់ព្រមរៀបការ ប៉ុន្តែពួកគេត្រូវបានប្រាប់ព័ត៌មានខុសដោយថា ពួកគេនឹងមានជីវភាពល្អពេលរៀបការជាមួយស្វាមីចិន ប៉ុន្តែការពិត ពួកគេបានធ្លាក់ជាជនរងគ្រោះវិញ ដោយរៀបការជាមួយបុរសជនជាតិចិន ដែលក្រីក្រនៅតាមជនបទ។ របាយការណ៍ឲ្យដឹងទៀតថា បុរសជនជាតិចិនបានឲ្យប្រាក់ទៅមេខ្យល់ពី១ម៉ឺន ទៅ២ ម៉ឺនដុល្លារ ដើម្បីឲ្យទាក់ទងស្រ្តីខ្មែររៀបការជាមួយខ្លួន។

កាលពីចុងខែមិថុនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ ដែលមិនមានអ្វីប្រែប្រួលប្រសើរជាងឆ្នាំមុននោះទេ។ របាយការណ៍នោះបានឲ្យដឹងថា កម្ពុជាបានបន្តស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្រោមការឃ្លាំមើល ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមនិយាមអប្បបរិមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ដូចជាការមិនស៊ើបអង្កេត ឬយកមកកាត់ទោសក្រុមមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសជាដើម។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពីការប្រឆាំងការជួញដូរមនុស្ស បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជាក្នុងការជួយជនរងគ្រោះ ក៏ដូចជាបង្កើនសេវាដែលមានស្រាប់សម្រាប់ជួយជនរងគ្រោះដែលជាបុរស។ អនុសាសន៍សំខាន់ៗនោះរួមមាន អាជ្ញាធរកម្ពុជាត្រូវតែកាត់ទោសជនដែលប្រព្រឹត្តបទល្មើសទាំងឡាយពាក់ព័ន្ធការជួញដូរមនុស្ស ហើយផ្តល់អំណាចដល់ការប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតដោយសម្ងាត់ក្នុងការអនុវត្តន៍ច្បាប់ប្រឆាំងការជួញដូរ និងការបង្កើតនីតិវិធីជាប្រព័ន្ធ ហើយបែងចែកធនធាន ដើម្បីជួយពលរដ្ឋកម្ពុជារងគ្រោះ តាមបេសកកម្មការទូតនៅបរទេស និងក្នុងប្រទេសទាំងឡាយណា ដែលមិនមានតំណាងការទូតកម្ពុជានៅទីនោះ៕

website_news/2021010903.txt · Last modified: 2021/09/01 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki