website_news:2021011002

ពលករខ្មែរ លួចឆ្លងដែនចូលទៅប្រទេសវៀតណាម ក្រែងបានធូរ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ថានអគ្គកុងស៊ុលកម្ពុជាជួយ

https://cen.com.kh/ Posted ByPen Srey NeatSeptember 30, 2021

ភ្នំពេញ ៖ ពលរដ្ឋខ្មែរ ១៨នាក់ ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ និងប្រកបរបរចិញ្ជឹមជីវិត នៅទីក្រុងហូជីមិញនាពេលកន្លងមក ហើយត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួននោះ ពេលនេះត្រូវបានសម្របសម្រួលឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ការសម្របសម្រួលដល់ពលរដ្ឋខ្មឺរ ១៨នាក់ ឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាមនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ជាមួយសមត្ថកិច្ចក្រុងហូជីមិញ ហើយក៏ទទួលបានការយោគយល់ និងអនុញ្ញាតតែម្ដង។ ចំពោះការលួចឆ្លងដែនចូលទៅក្នុងទីក្រុងហូជីមីញទៀតសោត គឺដោយសារពួកគេជួបការលំបាកក្នុងបរិបទនៃជំងឺកូវីដ-១៩ និងមានជីវភាពខ្វះខាតខ្លាំង។ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជា បានរៀបចំរថយន្តដឹកជញ្ជូន និងបានជូនដំណើរពួកគេ ដល់ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង និងបានរៀបចំទឹកបរិសុទ្ធ នំបុ័ងសាច់ ទុកសម្រាប់អាហារថ្ងៃត្រង់, លើសពីនេះ បានផ្តល់មីក្នុងមួយគ្រួសារ ១កេស សម្រាប់ហូបក្នុងពេលចត្តាឡីស័កនៅកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងផងដែរថា ពលករខ្មែរ ១៨នាក់នេះ មុននឹងចេញដំណើរមកកម្ពុជា គឺបានធ្វើតេស្តរកកូវីដ-១៩រួចហើយ គឺលទ្ធផលអវិជ្ជមានទាំង ១៨នាក់៕ ពិសិដ្ឋ CEN

website_news/2021011002.txt · Last modified: 2021/10/01 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki