website_news:2021011006

កម្ពុជា-ចិន ឯកភាពបន្តកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន

https://www.postkhmer.com/ រី សុចាន់ | Publication date 30 September 2021 | 10:36 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន ល្បែងស៊ីសងតាមអនឡាញខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីភាគីទាំង ២ បានកត់សម្គាល់សមិទ្ធផលសំខាន់ៗ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំង ២ រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែកញ្ញា ដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនបានធ្វើជាសហប្រធានដឹកនាំ ហើយរដ្ឋមន្ត្រីទាំង ២ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តច្បាប់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំង ២។ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំង ២ ត្រូវបានអនុវត្តតាំងពីខែមីនា ឆ្នាំ ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញាថា៖ «ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំង ២ ក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗនារយៈពេល ជាង ២ ឆ្នាំកន្លងមក»។ សេចក្តីប្រកាសព័ត៌មានបន្តថា ដោយមើលឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងប្រទេសទាំង ២ ភាគីទាំង ២ បានចុះហត្ថលេខាលើផែនការការងារនេះ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្មក្នុងគោលដៅ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង ២។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ក្នុងនោះ [ភាគីទាំង ២] បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់។ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់»។

បើតាមប្រភពដដែល ភាគីទាំង ២ ក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗឱ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក។ ក្នុងនោះរួមមានការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ការប្រកួតកីឡារដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗដទៃទៀតដែលប្រារព្ធធ្វើនៅកម្ពុជា និងប្រទេសចិន។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋមន្ត្រីទាំង ២ បានអបអរសាទរពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកនាំមកនូវវឌ្ឍនភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំង ២។ រដ្ឋមន្ត្រីទាំង ២ បានថ្លែងកោតសរសើរទៅវិញទៅមកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំង ២ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដោយជំងឺកូវីដ ១៩ ក៏ដោយ។

លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៩ កញ្ញាថា ផែនការការងារនេះ គឺបន្តអនុវត្តនូវអ្វីដែលបានចុះហត្ថលេខាម្តងរួចមកហើយកាលពីឆ្នាំ ២០១៩។ ភាគីទាំង ២ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជារួមពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ប៉ុន្តែគ្រាន់តែបន្ថែមការយកចិត្តទុកដាក់លើបទល្មើសមួយចំនួន ដូចជាការឆបោកតាមអនឡាញ ការរត់ពន្ធមនុស្សឆ្លងដែន ការជួញដូរមនុស្សជាដើម។ លោកថ្លែងថា៖ «មានសកម្មភាពសំខាន់ៗមួយចំនួននៅក្នុងផែនការការងារនេះដែលយើងខកខានមិនបានអនុវត្តកាលពីឆ្នាំ ២០១៩ និង ២០២០ កន្លងទៅ ដោយសារតែជំងឺកូវីដ ១៩ ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ការបណ្តុះបណ្តាលកសាង សមត្ថភាពកងកម្លាំង និងការប្រារព្ធកម្មវិធីបង្កើនចំណងមិត្តភាពផ្សេងៗ (ប្រកួតកីឡា សិល្បៈ ជាដើម)។ ដូច្នេះហើយ ទើបយើងចុះហត្ថលេខា ដើម្បីបន្តអនុវត្តនូវអ្វីដែលខកខាន និងមិនទាន់សម្រេចបានកន្លងមក»៕

website_news/2021011006.txt · Last modified: 2021/10/01 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki