website_news:2021011102

ប៉ូលិសថៃបង្គាប់ឲ្យពលករខ្មែរ៧នាក់ រកលុយបង់ធ្វើប័ណ្ណការងារ ជាថ្នូរនឹងការដោះលែងនៅសប្ដាហ៍ក្រោយ

https://www.rfa.org/ ដោយ យន់ សាមៀន 2021-10-31

ប៉ូលិសថៃសន្យាជាមួយពលករថា នឹងដោះលែងពលករខ្មែរចំនួន៧នាក់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ តែតម្រូវឲ្យពួកគេបង់លុយដើម្បីធ្វើប័ណ្ណការងារស្របច្បាប់ ទើបព្រមដោះលែងវិញ។ អ្នកឃ្លាំមើល ជំរុញឲ្យអាជ្ញាធរថៃយោគយល់ចំពោះពលករ ព្រោះពួកគាត់គ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលច្រើនខែមកហើយ។ ប៉ូលិសថៃ បានបញ្ជូនពលករខ្មែរចំនួន៧នាក់ ទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ នៃការិយាល័យប៉ូលិសអន្តោប្រវេសន៍ ទីក្រុងបាងកក (IDC Prison - immigration detention center) តាំងពីរសៀលថ្ងៃទី២៩ តុលា មក។

ពលករធ្វើសំណង់ជាមួយក្រុមពលករដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន គឺលោក ឆៃ លឿង ប្រាប់អាស៊ីសេរីថា អ្នកត្រូវចាប់ខ្លួន មានប្រុស ៣នាក់ ស្រី៤នាក់។ លោកថា ការឆ្មក់ចាប់នេះ ធ្វើឡើងនៅមុខក្រសួងការងារថៃ ក្នុងពេលពួកគេកំពុងដាក់ញត្តិស្នើសុំដំណោះស្រាយផ្នែកការងារ។ លោក ឆៃ លឿង រៀបរាប់ថា ប៉ូលិសថៃមួយក្រុម បានចុះមកត្រួតពិនិត្យពលករទាំងអស់ដែលឈរដាក់ញត្តិនៅខាងមុខក្រសួងការងារ កាលពីថ្ងៃទី២៩ តុលា ដើម្បីរកឯកសារបញ្ជាក់ការងារ ហើយប៉ូលិសថៃបានចាប់ពលករ៧នាក់ បញ្ជូនទៅប៉ុស្តិ៍ប៉ូលិស រួចហើយបញ្ជូនបន្តទៅពន្ធនាគារនៃការិយាល័យអន្តោប្រវេសន៍ទីក្រុងបាងកក។ ក្រោយមកពលករជាច្រើននាក់ បានទៅសុំអង្វរប៉ូលិសថៃឲ្យដោះលែងពលករទាំង៧នាក់វិញ និងបានប្រាប់ហេតុផលថា ពួកគាត់គ្មានប្រាក់ចំណូល ហើយគ្មានការងារធ្វើច្រើនខែហើយ ទើបពួកគាត់គ្មានលទ្ធភាពធ្វើប័ណ្ណការងារស្របច្បាប់។ ពលករឲ្យដឹងថា ការធ្វើប័ណ្ណការងារម្ដងមានសុពលភាព២ឆ្នាំ ត្រូវចំណាយលុយសរុបទាំងថ្លៃរត់ការ និងថ្លៃសេវារដ្ឋ ជាងមួយម៉ឺន (១២.០០០) បាត ឬប្រហែលបួនរយ(៤០០)ដុល្លារ។ លោក ឆៃ លឿង បន្តថា ប៉ូលិសបានសន្យាថា នឹងដោះលែងពលករទាំង៧នាក់វិញ តែតម្រូវឲ្យពួកគេបង់លុយក្នុងម្នាក់ជាងពីរម៉ឺន(២១.០០០)បាត ឬស្មើ៧០០ដុល្លារ ដើម្បីយកទៅធ្វើប័ណ្ណការងារស្របច្បាប់ ទើបព្រមដោះលែងវិញនៅដើមសប្ដាហ៍ក្រោយ៖ «អ្នកចាប់ហ្នឹង មានចាស់ មានក្មេង។ មានម្នាក់គាត់មានកូនតូចនៅឯហង់(បន្ទប់ជួល) ហើយម្ដាយជាប់នៅឯនោះឯង។ ម្នាក់ហ្នឹង គាត់រាងពិការជើងផង គាត់មានលេបថ្នាំរាល់ថ្ងៃផង។ ចង់ឲ្យបងប្អូនយើងទៅមើលគាត់ផង»។

តំណាងពលករប្រមាណ៥០នាក់ បានប្រមូលផ្ដុំគ្នាដាក់ញត្តិជាថ្មីទៀត កាលពីថ្ងៃទី២៩ តុលា ទាមទារឲ្យថៅកែថៃបញ្ឈប់ការកិបកេងកម្លាំងពលកម្ម និងត្រូវផ្ដល់ផលប្រយោជន៍ឲ្យពលករ ឲ្យបានត្រឹមត្រូវតាមច្បាប់។ ក្រុមពលករអះអាងថា ថៅកែជនជាតិថៃជាច្រើននៅតែបន្តគេចវេះពីការទទួលខុសត្រូវលើពលករ ដោយមិនបានផ្ដល់ប្រាក់ឧបត្ថម្ភ៥០ភាគរយ និងថ្លៃអាហារហូបចុក៣ពេលឲ្យពលករទេ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ (Covid-19)នេះ។ ពលករថា បញ្ហានេះ គឺបណ្ដាលមកពីក្រសួងការងារថៃចុះធ្វើអធិការកិច្ចគ្មានប្រសិទ្ធភាព។

ពលករផ្នែកសំណង់ម្នាក់ ធ្វើការនៅទីក្រុងបាងកក ដែលបានចូលរួមការដាក់ញត្តិកាលពីថ្ងៃទី២៩ តុលា គឺ លោក ម៉ុត មុល ឲ្យដឹងថា ក្នុងពេលប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩ធ្ងន់ធ្ងរច្រើនខែមកនេះ អាជ្ញាធរថៃបានបិទតំបន់មួយចំនួន ហើយរដ្ឋាភិបាលថៃ បានបង្គាប់ឲ្យថៅកែផ្ដល់ប្រាប់ឧបត្ថម្ភឲ្យពលករពាក់កណ្ដាលក្នុងមួយខែ ផ្ដល់ជូនកន្លែងស្នាក់នៅឲ្យបានសមរម្យ និងផ្ដល់អាហារសមរម្យក្នុងមួយថ្ងៃ៣ពេលឲ្យពលករ។ លោកអះអាងថា ថៅកែភាគច្រើនមិនគោរពកាតព្វកិច្ចនេះទេ ហើយឆ្លៀតឱកាសកូវីដ១៩នេះ លែងរវល់ និងដោះដៃចោលពលករតែម្ដង៖ «បិទខ្ទប់យើង អត់មានការងារធ្វើ ប្រកាន់សង្គម(ធានារ៉ាប់រង) គេជួយយើង៥០ភាគរយ ប៉ុន្តែកន្លែងខ្លះបានតែ២៥ភាគរយ ដូចកន្លែងខ្ញុំអ៊ីចឹងណាបង។ កន្លែងគេដទៃខ្លះណាអត់អ៊ីចឹងទៅ បានយើងដាក់សំណើទៅកាន់ក្រសួងដើម្បីឲ្យជួយត្រួតពិនិត្យបញ្ហាត្រង់នេះបន្តិចណាបង ខ្លាចមានករណីពុករលួយកើតឡើង ឬថៅកែឲ្យយើង ឬក៏ក្រសួងគេចេញមកហើយ តែថៅកែគេកាត់យកពីយើង អត់ឲ្យយើងអ៊ីចឹងណា»។

នេះគឺជាលើកទី៣ហើយ ដែលតំណាងមូលនិធិពលករខ្មែរនៅប្រទេសថៃ នាំគ្នាដាក់ញត្តិទៅក្រសួងការងារថៃ ចាប់តាំងពីថៃជួបវិបត្តិជំងឺកូវីដ១៩ ពីខែមីនាមក។ ការដាក់ញត្តិនៅក្រសួងការងារថៃទាំង៣លើកនេះ ក្នុងគោលបំណងតែមួយគត់ គឺសុំរដ្ឋាភិបាលថៃគិតគូរដល់ពលករខ្មែរផង។ ទោះជាយ៉ាងណា តំណាងពលករមិនបានទៅរកកិច្ចអន្តរាគមន៍ ឬក៏ទៅដាក់ញត្តិនៅស្ថានទូតខ្មែរនៅទីក្រុងបាងកកនោះឡើយ ចាប់តាំងពីជួបវិបត្តិជំងឺកូវីដ១៩មក ព្រោះពួកគាត់បារម្ភខាតពេលវេលា ដោយសារមន្ត្រីស្ថានទូតខ្មែរមិនព្រមជួយពលករ។

ពាក់ព័ន្ធនឹងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃលោក អ៊ូក សោភ័ណ បានទេនៅថ្ងៃទី៣០ តុលា។ ចំណែកបណ្ដាញសង្គម(Facebook)របស់ស្ថានទូតខ្មែរនៅប្រទេសថៃ ក៏មិនបានបង្ហោះសារទាក់ទងនឹងស្ថានភាពរបស់ពលករដែរ ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ។

កាលពីចុងខែមិថុនា ក្រុមមូលនិធិពលករខ្មែរក៏ធ្លាប់បានដាក់ញត្តិទៅរដ្ឋសភាថៃ និងគណៈរដ្ឋមន្ត្រីថៃដែរដើម្បីស្នើសុំឲ្យមានដំណោះស្រាយជុំវិញបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលធ្ងន់ធ្ងរមកលើក្រុមពលករខ្មែរធ្វើការក្នុងប្រទេសថៃ។ ស្ថាប័នរដ្ឋរបស់ថៃទាំងអស់ តែងតែចេញមកទទួលញត្តិ និងអញ្ជើញតំណាងពលករចូលជជែករកដំណោះស្រាយ ហើយសន្យាជាមួយតំណាងកម្មករនឹងជួយដោះស្រាយឲ្យជានិច្ច។

ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ លោក ស៊ុន សីហា សង្កេតឃើញថា ថ្វីត្បិតតែខាងក្រសួងបានសន្យាថា ជួយពលករមែន តែច្រើនខែមកនេះ មន្ត្រីក្រសួងការងារថៃចុះធ្វើអធិការកិច្ច បានផលតិចតួចបំផុត។ លោកបន្ត ថៅកែខ្លះបានបាំងព័ត៌មានស្ដីពីស្ថានភាពពលករ ហើយថៅកែខ្លះទៀតយកពលករទៅលាក់បំពួននៅពេលក្រុមអធិការកិច្ចចុះមកពិនិត្យ ជាហេតុធ្វើឲ្យការធ្វើអធិការកិច្ចមានភាពទន់ខ្សោយ។ លោកបន្តទៀតថា ក្រុមពលករស្ទើរទាំងអស់ កំពុងជួបការលំបាកក្នុងការធ្វើប័ណ្ណការងារ និងបន្តសុពលភាពប័ណ្ណការងារ ព្រោះតែការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ និងបញ្ហាគ្មានប្រាក់ចំណូល៖ «ពួកយើងបានទៅធ្វើហ្នឹង គឺចង់ផ្សព្វផ្សាយទៅដល់អន្តរជាតិ ក៏ដូចជាអង្គការILO ជាអង្គការគ្រប់គ្រងសិទ្ធិពលករអន្តរជាតិក្ដីហ្នឹង ឲ្យបានដឹងថា នៅក្នុងប្រទេសថៃហ្នឹង អត់បានគោរពទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការគាំពារសិទ្ធិពលករ»។

របាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) បង្ហាញថា មុនពេលប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩ មានពលករខ្មែរធ្វើការនៅក្នុងប្រទេសនេះជិតពីរលាន(២លាន)នាក់ គឺរាប់បញ្ចូលទាំងពលករមានប័ណ្ណការងារ និងពលករគ្មានប័ណ្ណការងារ។ ចំណែកអគ្គនាយកដ្ឋានអន្តោប្រវេសន្តវិញធ្លាប់បង្ហាញថា មានពលករយ៉ាងតិចណាស់ជាងបួនម៉ឺន(៤៤.០០០)នាក់ បានចូលមកកម្ពុជា ក្នុងចន្លោះពីធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃខែមិថុនា ឆ្នាំ២០២១។ ទន្ទឹមនេះ ពលករដែលបានវិលត្រឡប់មកព្យាបាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជាវិញ និងពលរដ្ឋគ្មានការងារធ្វើមួយចំនួន កំពុងរកវិធីលបចូលទៅរកការងារធ្វើ នៅក្នុងប្រទេសថៃវិញ៕

website_news/2021011102.txt · Last modified: 2021/11/01 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki