website_news:2021011201

សមត្ថកិច្ចវៀតណាម ជួយសង្គ្រោះនារីខ្មែរចំនួន២ នាក់ ចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសទីបី

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៣០ វិច្ឆិកា ២០២១ដោយ deth leng

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនារសៀលថ្ងៃទី ២៩ ខែវិច្ឆិកាថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានជួយ សង្គ្រោះនារីខ្មែរចំនួន២នាក់ដែលបានចាញ់បោកក្រុមមេខ្យល់នាំយកទៅលក់ទៅកាន់ប្រទេសទីបី។ លោក កុយ គួង ឱ្យដឹងថា នារីរងគ្រោះត្រូវបានក្រុមទុច្ចរិតបោកបញ្ឆោតថា នាំទៅធ្វើការងារនៅក្បែរព្រំដែនកម្ពុជា- វៀតណាម ដោយទទួលបានប្រាក់ខែ ១,៥០០ ដុល្លារក្នុងមួយខែ។ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មេខ្យល់បាននាំនារីរងគ្រោះទាំង ២នាក់ លួចឆ្លងដែនចូលវៀតណាមដោយខុសច្បាប់ (ពុំមានលិខិតឆ្លងដែន) ធ្វើដំណើរដោយថ្មើរជើងរត់កាត់ព្រៃ និងវាលស្រែនៅពេលយប់។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងយោធាការពារព្រំដែនវៀតណាម បានត្រួតពិនិត្យ និងរកឃើញនារីរងគ្រោះទាំងពីរនាក់ និងបានជួយសង្រ្គោះ និងនាំពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ លោក កុយ គួង ឱ្យដឹងទៀតថា ស្ថានទូតបានទៅទទួលនារីរងគ្រោះខាងលើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងរៀបចំនីតិវិធីបញ្ជូនត្រទ្បប់មកកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២០ នាទី និងទៅដល់ទីក្រុងហូជីមិញ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៥ និង ៥០ នាទីព្រឹក។ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញ នឹងបញ្ជូនបន្តទៅព្រំដែន ហើយអាជ្ញាធរខេត្តស្វាយរៀង និងមន្ទីរសង្គមកិច្ច នឹងរង់ចាំទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។ ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូត ស្នើបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលការនីបម្រើការងារតាមរោងចក្រ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំជឿតាមល្បិចបោកបញ្ឆោតរបស់ក្រុមទុច្ចរិតជួញដូរមនុស្ស និងសូមរាយការណ៍ជូនអាជ្ញារធរមានសមត្ថកិច្ចដែលនៅជិតបំផុត ប្រសិនបើមានករណីសង្ស័យ៕ អត្ថបទ៖ កោះកែវ

website_news/2021011201.txt · Last modified: 2021/12/01 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki