website_news:2021011202

ពលករខ្មែរជាង៣០នាក់ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួនពេលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅបាងកក

https://kohsantepheapdaily.com.kh/ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១១:០៥

ប្រទេសថៃ ៖ ជនជាតិខ្មែរ ៣២ នាក់និងជនជាតិមីយ៉ាន់ម៉ា ៦៣ នាក់ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លូនពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងដែនខុសច្បាស់ គ្មានឯកសារសម្គាល់ខ្លួន ដើម្បីចូលទៅធ្វើការនៅក្រុងបាងកក និងបណ្តាខេត្តមួយចំនួននៅប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជ្ញាធរថៃបានឱ្យដឹងថា ការឃាត់ខ្លួន ពលករចំណាកស្រុកជិត១០០នាក់ មកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើង នៅខេត្តរ៉ាណង (Ranong) និងស្រះកែវ (Sa Kaeo) ក្នុងការបង្ក្រាបការឆ្លងព្រំដែនខុសច្បាប់។ នៅខេត្តស្រះកែវ កម្លាំងចម្រុះបានចាប់ជនជាតិខ្មែរចំនួន ៣២ នាក់ ក្នុងនោះមានក្មេងប្រុស ៣ នាក់ ខណៈពួកគេកំពុងលួចចូលស្រុកថៃ តាមច្រកខុកស៊ុង។ គ្មាននរណាម្នាក់ក្នុងចំណោមជនជាតិខែ្មរដែលត្រូវបានឃាត់ខ្លួន «មានឯកសារធ្វើដំណើរទេ» ។

ពលករខ្មែរដែលត្រូវបានឃាត់ខ្លួន បាននិយាយថា ពួកគេត្រូវបានភ្នាក់ងារកម្ពុជារត់ពន្ធចូល ហើយគ្រោងទៅស្វែងរកការងារធ្វើនៅទីក្រុងបាងកក ខេត្តសាមុតប្រាកាន ខេត្តរ៉ាយ៉ង ខេត្តឈុនបុរី និងខេត្ត ឆាឈឿងសៅ។ករណីនេះ ត្រូវបានគេជឿថាលំហូរចូលនៃពលករចំណាកស្រុកនាពេលថ្មីៗនេះ ត្រូវបណ្តាលមកពីការកៀកនឹងថ្ងៃផុតកំណត់ (ថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកា) សម្រាប់កម្មករ ពលករ (ដែលបានជួលដោយខុសច្បាប់) ដើម្បីធ្វើ សេចក្តីរាយការណ៍ និងត្រូវសុំនូវការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ។

នៅក្នុងស្រុក La-un នៃខេត្ត Ranong កម្មករសរុបចំនួន ៦៣ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានឃាត់ខ្លួន នៅពេលដែលអាជ្ញាធរបានបញ្ឈប់ និងឆែកឆេររថយន្តមួយ ហើយបានរកឃើញបុរស ២១ នាក់បានញាត់នៅខាងក្នុងឃ្លុបឡាន ។ អ្នកបើកបរជនជាតិថៃ អាយុ ២៩ឆ្នាំ បានសារភាពថា ខ្លួនកំពុងដឹកពួកគេទៅកាន់ចំការដូងប្រេង ដែលមានមនុស្សប្រុសស្រីចំនួន ២១ នាក់ផ្សេងទៀត ដែលត្រូវបានដាក់ចុះរួចរាល់ ហើយ។ បើតាមមន្ត្រីបានឲ្យដឹងថា ពលករចំណាកស្រុកទាំងនោះកំពុងធ្វើដំណើរទៅស្រុក Hat Yai ខេត្ត Songkhla និងប្រទេសម៉ាឡេស៊ី ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ខណៈដែលប្រទេសនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់របស់ប្រទេសនៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ៕

website_news/2021011202.txt · Last modified: 2021/12/01 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki