website_news:2021020202

នាយកដ្ឋានទីចាត់ការព្រំដែន អគ្គបញ្ជាការ ប្រជុំដាក់ផែនការបន្តទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ

http://www.freshnewsasia.com/ 2021-02-01 06:09pm

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការព្រំដែន អគ្គបញ្ជាការ និងប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារថ្មីៗ ដើម្បីពង្រឹងវិន័យ សណ្តាប់ធ្នាប់ ជូនដល់នាយទាហាន ជាពិសេសដាក់ផែនការអនុវត្តការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានគូសបញ្ជាក់ថា «បណ្តាកងកម្លាំងឈរជើងនៅតាមច្ររបៀងខ្មែរ-ថៃ ត្រូវចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនចំណុចក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ពីប្រទេសថៃ ដែលកំពុងផ្ទុះក្នុងសហគមន៍យ៉ាងខ្លាំង»។ លោកបានបញ្ជាក់ឲ្យទៀតថា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ពលករដែលវិញមកពីប្រទេសថៃចូលមកស្រុកខ្មែរ តាមច្រករបៀងតាមខេត្តបន្ទាយមានជ័យ ត្រូវចូលទៅក្នុងមណ្ឌល ចត្តាឡីស័ក ដែលរដ្ឋបាលខេត្តរៀបចំទុកជាស្រេច ដើម្បី វាស់កំដៅ និងបង្ខាំងទុក ១៤ថ្ងៃ ពិនិត្យឲ្យបានត្រឹមត្រូវទើបឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។

លោកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារអង្គភាពទាំង៣រួមមាន៖ អាវុធហត្ថ នគរបាល និងយោធា រួមជាមួយក្រុមគ្រូពេទ្យស័្មគចិត្ត និងគ្រូពេទ្យជាប់កិច្ចសងន្យា ដែលកំពុងឈរជើងប្រចាំទទួលពលករដែលវិលត្រឡប់មកពីប្រទេថៃ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ថា «សព្វថ្ងៃនេះរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកកំពុងយកចិត្តទុកដាក់ខិតខំបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះបានយ៉ាងល្អ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកបានផ្តល់កម្លាំងចិត្ត និងផ្តល់កម្លាំងចិត្តដល់បងប្អូនពលករ ឲ្យគោរពវិន័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានឆាប់វិលត្រឡប់ទៅផ្ទះសម្បែង ហើយក្លាយជាកម្លាំងពលកម្មដ៏រឹងមាំ មានសុខភាពល្អសម្រាប់កសាងជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនថែទៀត»៕

website_news/2021020202.txt · Last modified: 2021/02/02 13:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki