website_news:2021020203

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរជិត ២០នាក់ ក្នុងពេលឆ្លងដែនមកពីប្រទេសម៉ាឡេស៊ីខុសច្បាប់

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2021-02-01

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរជិត ២០នាក់ ដែលបានឆ្លងដែនត្រឡប់មកពីធ្វើការនៅប្រទេសម៉ាឡេស៊ី (Malaysia) ចូលទៅប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣១ មករា។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករទាំងនោះ អាចនឹងត្រូវអាជ្ញាធរថៃ ពិន័យជាប្រាក់ និងផ្ដន្ទាទោស ដាក់ពន្ធនាគារមុននឹងបញ្ជូនពួកគេត្រឡប់ទៅកម្ពុជា។ ពលករខ្មែរប្រមាណ ១៧នាក់ មានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ ត្រូវបានទាហានថៃចាប់ខ្លួនក្នុងពេលពួកគាត់ធ្វើដំណើរនៅតំបន់ព្រំដែនក្នុងខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ជាប់ព្រំដែនដែនប្រទេសម៉ាឡេស៊ី (Malaysia) នៅព្រឹកថ្ងៃទី៣១ មករា។

ទូរទស្សន៍ថៃ ភីប៊ីអេស (Thai PBS) របស់ថៃ ផ្សាយនៅយប់ថ្ងៃទី៣១ មករាថា ពលករទាំងនោះបានឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយពួកគេត្រូវបានចាប់ខ្លួន ក្នុងពេលដែលអាជ្ញាធរថៃចុះល្បាតនៅតំបន់ព្រដែន។ អាជ្ញាធរថៃបានបញ្ជូនពលករទាំងនោះទៅធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ នៅខេត្តណារ៉ាធិវ៉ាត់(Narathiwat) ហើយប្រសិនបើរកមិនឃើញមានជំងឺកូវីដ១៩ នឹងបញ្ជូនពួកគេទៅតុលាការផ្ដន្ទាទោសតាមច្បាប់បន្តទៀត។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំពីការចាប់ខ្លួនពលករខ្មែរនេះបានទេ នៅថ្ងៃទី១ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

អាជ្ញាធរថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី២៨ កុម្ភៈ ដើម្បីទប់ស្កាត់កុំមានការរាតត្បាតជំងឺកូវីដ១៩។ ច្បាប់នេះបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាជាច្រើននាក់ និងមិនឱ្យពលករបរទេសចល័តទីតាំងពីខេត្តមួយទៅខេត្តមួយទៀតជាដើម។ ពលរដ្ឋណាល្មើសនឹងបម្រាមនេះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៤ម៉ឺនបាត (៤០.០០០) ស្នើនឹង ១ពាន់ ៣០០ដុល្លារ (១.៣០០)។

ទាក់ទងនឹងការចាប់ខ្លួនពលករខ្មែរនេះ មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា យល់ថា ពលករខ្មែរទាំងនោះអាចនឹងត្រូវអាជ្ញាធរថៃផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់តាមច្បាប់ ដោយសារពួកគេបានល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលថៃ។ ចំណែកករណីដែលពលករខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ លោកប្រាប់ថា ដោយសារពួកគេគ្មានការងារធ្វើ ព្រោះប្រទេសម៉ាឡេស៊ី កំពុងរាតត្បាតដោយជំងឺកូវីដ-១៩ដែរ៖ «អីចឹងវាមានទាំងពិន័យជាប្រាក់ និងដាក់ពន្ធនាគារ ប៉ុន្តែបើសិនជាពិន័យជាប្រាក់ពួកគាត់មិនមានលុយទេ។ អ៊ីចឹងហើយ ឱកាសដែលពួកគាត់ត្រូវជាប់មន្ទីរឃុំឃាំងវាមានច្រើនភាគរយណាស់។ មូលហេតុដែលគេជ្រើសយកជម្រើសនេះ តាមពិតទៅគេមិនចង់ចាប់ពលករទេ ដោយសារមួយរយៈពេលនេះការចាប់ខ្លួនមានច្រើននាក់ ដើម្បីបង្ហាញនូវវិធានការតឹងតែងមួយ ដើម្បីឱ្យអ្នកដទៃទៀតឱ្យមានការបារម្ភភ័យខ្លាចពីចំណុចហ្នឹងដែរ»។

ពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី លោក ជុំ សុខវរៈ ប្រាប់អាស៊ីសេរីថា នៅព្រឹកថ្ងៃទី១ កុម្ភៈថា ពលករខ្មែរជាច្រើននាក់ធ្វើការជាមួយលោក ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារជំងឺកូវីដ១៩ កំពុងមានការរាតត្បាតខ្លាំងនៅប្រទេសម៉ាឡេស៊ី។ ពលករវ័យ ៣៩ឆ្នាំរូបនេះ បន្តថា មានពលករខ្មែររាប់ពាន់នាក់អត់ការងារធ្វើ ហើយពួកគេចង់ត្រឡប់ទៅកម្ពុជាវិញ ប៉ុន្តែមិនអាចទៅរួច ដោយសារមួយរយៈនេះអាជ្ញាធរម៉ាឡេស៊ី បានបង្កើនការត្រួតពិនិត្យតឹងតែង និងហាមឃាត់មិនឱ្យពលករបរទេសចល័តទីកន្លែងធ្វើការនោះឡើយ៖ «ទី១ភ័យខ្លាចថាយើងជាជនជាតិក្រៅស្រុកគេឆ្លងច្រើនរហូតដល់មន្ទីរពេទ្យប្រទេសម៉ាឡេស៊ីហ្នឹងគេលែងមានកន្លែងដាក់ហើយ។ អីចឹងសម្រាប់ជនជាតិគេឆ្លងច្រើនគេយកចិត្តទុកដាក់តែប្រជាពលរដ្ឋគេទេ វាអាចដែរ នេះគ្រាន់តែជាការប៉ានស្មានរបស់ពួកខ្ញុំទេ។ អ៊ីចឹងយើងភ័យខ្លាចថា បើយើងជាជនជាតិក្រៅស្រុក ខ្លាចគេមិនមើលយើងដិតដល់មិនយកចិត្តទុកដាក់យើង ហើយគេយកយើងទៅដាក់ចោលអ៊ីចឹង។ ឥឡូវឧទាហរណ៍ផ្ទាល់នៅរោងចក្រដែលកំពុងតែកើតឡើងនៅកន្លែងធ្វើការរបស់ខ្ញុំ ពួកជនជាតិភូមា និងនេប៉ាល់ (Nepal) ឆ្លងចំនួន ១០នាក់ហ្នឹង គឺគេអត់ទាន់មានកន្លែងដាក់ទេ គេដាក់ឱ្យនៅផ្ទះនៅឡើយទេ គេអត់ទាន់បញ្ជូនទៅមន្ទីរពេទ្យទេ»។

មន្ត្រីសិទ្ធិការងារលោក ឌី ថេហូយ៉ា ឱ្យដឹងថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១ កុម្ភៈ មានពលករខ្មែរជាង១ម៉ឺននាក់ (១០.០០០) ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងពេលដែលពួកគេស្នាក់ នៅ និងធ្វើដំណើរក្នុងប្រទេសថៃដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរកម្ពុជាគួរតែផ្ដល់ស្បៀងអាហារ និងរកទីកន្លែងឱ្យពលករបានស្នាក់នៅក្រៅប្រទេសជាបណ្ដោះអាសន្នមួយរយៈ ដើម្បីជួយសម្រួលដល់ពួកគាត់កុំឱ្យឆ្លងដែនដោយប្រថុយប្រថានអំឡុងពេលនេះ៕

website_news/2021020203.txt · Last modified: 2021/02/02 13:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki