website_news:2021020205

ពលករខ្មែរបន្តគេចចេញពីថៃ ដោយសារកំណើននៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ប្រទេសនេះ

http://btv.com.kh/ 01/02/2021

បាត់ដំបង ៖ នៅក្នុងសហគមន៍ប្រទេសថៃ ជារៀងរាល់ថ្ងៃ មានមនុស្សរាប់សិបនាក់ បានឆ្លងកូវីដ–១៩ ដែលស្ថាន ភាពនេះ បានធ្វើឱ្យមានផលប៉ះពាល់ដល់ការងារពលករខ្មែរ ក្នុងប្រទេសនេះ ដែលបញ្ហានេះ បានធ្វើឱ្យ ពលករខ្មែរជាច្រើនរយនាក់ សម្រេចចិត្តវិលមកប្រទេសកម្ពុជាវិញ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា មកទល់ពេលនេះ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ចំនួនជាង៤ពាន់នាក់ហើយ បានវិលមកវិញ តាមច្រកខេត្តបាត់ដំបង ហើយ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមជានិច្ចនូវមណ្ឌលចត្តាឡីស័ក ចំនួន១១កន្លែង សម្រាប់ធ្វើចត្តាឡីស័ក ពលករ ដែលមណ្ឌលទាំងនោះ មាននៅស្រុកកំរៀង ភ្នំព្រឹក សំពៅលូន បាណន់ សំឡូត ឯកភ្នំ ថ្មគោល បវេល មន្ទីរពេទ្យបង្អែកខេត្ត រតនមណ្ឌល និងស្រុកមោងឫស្សី ។ របាយការណ៍ បានបន្តថា សម្រាប់ពលករបានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ សរុបចំនួន២៧១៦នាក់ និងកំពុងធ្វើចត្តាឡីស័ក ចំនួន១០៤០នាក់ ។ ចំណែកការយកសំណាកចំនួនជិត ៤០០០នាក់ និងមានពលកររស់នៅខេត្តបាត់ដំបង មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧នាក់ បានសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ហើយបច្ចុប្បន្នពួកគេបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ វិញអស់ហើយ ។

ជាមួយនឹងវិធានការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ជាថ្មីក្នុងប្រទេសកម្ពុជា នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីសុខាភិបាល និងកងកម្លាំងទាំង៣ បានត្រៀមជានិច្ចនូវបន្ទាត់ព្រំដែន កម្ពុជា-ថៃ តាមព្រំដែននានា ជាប់ខេត្តបាត់ដំបង ក្នុងការទទួលពលករឆ្លងដែនពីថៃ និងនាំពួកគេទៅពិនិត្យ សុខភាព យកសំណាករកជំងឺកូវីដ១៩ ហើយធ្វើចត្តាឡីស័ក ឲ្យបានគ្រប់គ្នា តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាមួយនឹងការផ្ដល់នូវអាហារបីពេលក្នុងមួយថ្ងៃ ។

ក្នុងកិច្ចប្រជុំ ឬពិធីសំណេះសំណាលនានាជាមួយពលរដ្ឋ កងកម្លាំងជាដើមនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវ និងជំរុញឲ្យមានការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់កុំឲ្យ មានការរីករាលដាលជំងឺកូវីដ១៩។ ចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញនៅតាមព្រំដែន ត្រូវក្ដាប់ឲ្យបាននូវ ការឆ្លងដែន របស់ពលករមកពីប្រទេសថៃ ក្នុងការអនុវត្តវិធានការសុខាភិបាលលើពួកគាត់៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2021020205.txt · Last modified: 2021/02/02 13:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki