website_news:2021020301

មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ ០១ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ២០:០១

បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហៅថា មេខ្យល់។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ លី លីន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងវរៈការពារព្រំដែនគោក លេខ៩១១ បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចេញល្បាតតាមបន្ទាត់ព្រំដែន ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ លី លីន បម្រុងនាំពលករឆ្លងពីប្រទេសថៃ ចូលមកកម្ពុជា ដោយគេចវេះពីធ្វើចត្តាឡីស័ក។ បុរសមេខ្យល់នេះ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ១១:៥០នាទី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា វិធានការឃាត់ខ្លួនមេខ្យល់នេះ បានធ្វើឡើង ក្រោយពីសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ដែលត្រលប់ពីប្រទេសថៃ គេចវេះពីធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័កនេះ ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩។ លោកបានបញ្ជាក់ថា កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានអវត្តតាមការណែនាំទប់ស្កាត់ពលករលួចឆ្លងជាច្រើនលើក ត្រូវបានធ្វើការណែនាំ បញ្ជូនទៅធ្វើចត្តាឡីស័ក ហើយស្រាវជ្រាវចាប់បានមេខ្យល់បាន ៤ ទៅ ៥ករណី ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

website_news/2021020301.txt · Last modified: 2021/03/02 14:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki