website_news:2021020305

អាជ្ញាធរស្រុកមោងឫស្សី រកឃើញពលករលួចឆ្លងដែនខុសច្បាប់ជាង ១០០នាក់ គេចវេះការធ្វើចត្តាឡីស័ក

http://btv.com.kh/ 01/03/2021

បាត់ដំបង ៖ ពលករលួចឆ្លងដែនខុសច្បាប់ ភាគច្រើនចេញតាមច្រកព្រំដែនជាប់ខេត្តប៉ៃលិន ជាង ១០០នាក់ បានគេចវេះធ្វើចត្តាឡីស័ក ធ្វើដំណើរមកដល់ទីកន្លែងកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានអាជ្ញាធរដឹង និងនាំទៅធ្វើចត្តាឡីស័កវិញ ដើម្បីទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍កាន់តែខ្លាំង ។

លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានប្រាប់តាមទូរស័ព្ទ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ថា ចាប់ពីទី ២២ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករលួចឆ្លងដែនមិនបានធ្វើចត្តាឡីស័ក ពីតំបន់ព្រំដែនមកដល់ស្រុកមោងឫស្សីចំនួន ៩២ នាក់ ភាគច្រើនឆ្លងដែនតាមច្រកព្រំដែន ខេត្តប៉ៃលិន ហើយគេចវេះមិនព្រមធ្វើចត្តាឡីស័កនៅទីនោះ ។ លោកអភិបាលស្រុក បន្ថែមថា ដោយឡែកកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាជ្ញាធរស្រុក និងមន្ត្រីសុខាភិបាល ក៏បាននាំពលករចំនួន៩នាក់ទៀត ស្រី៦នាក់ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ដែលបានធ្វើដំណើរតាមច្រកព្រំដែនជាប់ខេត្តប៉ៃលិន គេសវេះ ការធ្វើចត្តាឡីស័ក ដើម្បីនាំពួកគេឲ្យមកអនុវត្តតាមវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

តាមការសាកសួរព័ត៌មាន ពលករបានឆ្លើយប្រាប់អាជ្ញាធរថា ពួកគេមិនមានមេខ្យល់ណានាំនោះទេ ដោយសារពួកគេធ្វើការចេញចូលតាមច្រករបៀងក្បែរច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន នោះយូរស្គាល់ផ្លូវច្បាស់ ទើបអាចគេចវេះពីភ្នែកសមត្ថកិច្ចដែលឈរជើងនៅតំបន់ព្រំដែននោះបាន និងអាចជិះឡានតាក់ស៊ី និងម៉ូតូឌុបមកដល់ស្រុកកំណើត ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ ក្នុងខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង កើនដល់ជិត ១ម៉ឺននាក់ បានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជាង៦០៩៥នាក់ កំពុងនៅក្នុងមណ្ឌលចត្តាឡីស័ក ជាង៣៥០០នាក់ ខណៈកំណើតពលករឆ្លងដែនពីថៃ កាន់តែច្រើនឡើងនោះ អាជ្ញាធរខេត្តបាត់ដំបង កំពុងរៀបចំមណ្ឌលចត្តាឡីស័ក បន្ថែមទៀតផងដែរ ៕

website_news/2021020305.txt · Last modified: 2021/03/02 14:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki