website_news:2021020403

សង្គមស៊ីវិល និងពលរដ្ឋចង់ឱ្យអាជ្ញាធរដាក់ទោសក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតធ្ងន់ធ្ងរ រឿងនាំមនុស្សឆ្លងដែនខុសច្បាប់

https://www.rfa.org/ ដោយ មួង ណារ៉េត 2021-03-31

មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដន្ទាទោសដល់សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ពាក់ព័ន្ធនឹងរឿងលបនាំមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលយល់ថា ការធ្វើបែបនេះ ដើម្បីព្រមានដល់មន្ត្រីដទៃទៀតកុំឱ្យចេះតែលួចនាំមនុស្សឆ្លងដែនប្រថុយប្រថាននៅថ្ងៃក្រោយទៀត។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៣០ មីនាថា លោកព្រួយបារម្ភខ្លាចអាជ្ញាធរពាក់ព័ន្ធមិនបានផ្ដន្ទាទោសលើសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គឺលោក យិន នៅ តាមច្បាប់។ លោកបញ្ជាក់ថា មន្ត្រីក្រុមប្រឹក្សារូបនេះបានលួចនាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ លោកបញ្ជាក់ថា រឿងនេះតុលាការគួរតែផ្ដន្ទាទោសលើជនល្មើសឱ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមានដល់មន្ត្រីខិលខូចដទៃទៀតកុំឲ្យពួកគេចេះតែប្រព្រឹត្តខុសច្បាប់តាមអំពើចិត្ត៖ «ថាកុំឱ្យដាក់ធ្វើជាសំណាញ់ ឬជាឆ្នៀងសម្រាប់ត្រង់ អ្នកហក់ចូលមកជាប់ទោស អីចឹងបទល្មើសហ្នឹងវាស្រាកស្រាន្ត ឬអត់ វាអត់ទេ ព្រោះអ្នកដែលត្រូវរកស៊ីបានអ្នកដែលធ្លាប់ធ្វើបែបទៅជាត្រូវជាប់ទោស។ ប៉ុន្តែអ្នកដែលត្រូវរកស៊ីបានជាប់ទោសហ្នឹងធ្វើម៉េចឱ្យគាត់មើលឃើញទៅថា ទង្វើរបស់គាត់ជាទង្វើបំពានច្បាប់ គឺជាទង្វើជាប់គុក ទង្វើរបស់គាត់គឺជាទង្វើមួយដែលមិនអាចសូកលុយទិញ ឬក៏អាងខ្សែអាងវល្លិឱ្យរួចខ្លួន គឺត្រូវអីចឹង ហើយនៅពេលនោះគាត់នឹងរាងចាលហើយ គាត់នឹងឈប់»។

ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ លោកស្រី ស សុជាតិ ថ្លែងថា អាជ្ញាធរគួរតែដាក់ទោសលើជនប្រព្រឹត្តឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ពីព្រោះមន្ត្រីក្រុមប្រឹក្សារូបនេះ ជាមនុស្សចេះដឹងច្បាប់ទម្លាប់ តែមិនគោរពច្បាប់នោះទេ។ បន្ថែមពីនេះ លោកស្រី ក៏អំពាវនាវឱ្យអាជ្ញាធរស្រាវជ្រាវចាប់អ្នកពាក់ព័ន្ធមកផ្ដន្ទាទោសបន្ថែមទៀត ដើម្បីកុំឱ្យពួកគេនាំមនុស្សឆ្លងដែនប្រថុយប្រថាននៅថ្ងៃក្រោយទៀត៖ «ខ្ញុំស្អប់ខ្ពើម ដោយសារគាត់មានប្រាក់ខែជាមន្ត្រីរាជការហើយ គាត់ទៅធ្វើទង្វើបែបហ្នឹង។ ក្នុងនាមពលរដ្ឋ បើសិនជាយើងមិនដឹងច្បាប់ទម្លាប់នោះ វាទទួលទោសសមស្របជួនកាលតាមកាលទេសគ្នាដឹង ប៉ុន្តែបង្ខំចិត្ត ដូចយើងមន្ត្រីរាជការដែលមានប្រាក់ខែត្រឹមត្រូវហើយយើងទៅធ្វើទង្វើបែបហ្នឹង ខ្ញុំអត់គាំទ្រទេ បើសិនជាទោសសូមឱ្យធ្ងន់ជាងប្រជាពលរដ្ឋ គឺសំណូមពរដកគាត់ចេញតែម្ដង។ ខ្ញុំចង់និយាយថា គាត់ជាមនុស្សចេះច្បាប់ អីចឹងបើគាត់ធ្វើអ្វីខុសច្បាប់ដូចគាត់ហ្នឹងវាអន់ជាងពលរដ្ឋដែលមិនចេះច្បាប់ទៀត»។

ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនេះ ក្រោយពេលមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែត បានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់គឺ លោក យិន នៅ កាលពីព្រឹកថ្ងៃទី២៩ មីនា ពាក់ព័ន្ធនឹងរឿងការលបនាំជនជាតិថៃនិងពលករខ្មែរឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ អាជ្ញាធរបានបញ្ជូនមន្ត្រីសង្កាត់រូបនេះទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តនេះនៅរសៀលថ្ងៃដដែល ប៉ុន្តែរហូតមកទល់ពេលនេះ ពុំដឹងថា អាជ្ញាធរបានបញ្ជូនជនល្មើសទៅឃុំខ្លួន ឬដោះលែងវិញនោះទេ។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា រឿងនេះ មន្ត្រីប៉េអឹមបានចុះចាប់ជនល្មើសតាមបញ្ជារបស់តុលាការ។ ចំណែកការបញ្ជូនជនប្រព្រឹត្តទៅឃុំខ្លួននៅកន្លែងណានោះ លោករុញឱ្យសួរខាងទៅមន្ត្រីតុលាការ៖ «បាទប៉េអឹមចាប់មែន ក៏ប៉ុន្តែអ្នកដឹកនាំគឺយើងគ្រាន់តែជាអ្នកធ្វើទេ តែអ្នកដឹកនាំពាក់ព័ន្ធហ្នឹង គឺអាជ្ញាធរដែនដីជាមួយនឹងអយ្យកា អីចឹងអយ្យកាគេមានអ្នកនាំពាក្យដែរ»។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យលោក រឿន លីណា និងព្រះរាជអាជ្ញាសាលាដំបូងខេត្តនេះ លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំអត្ថាធិប្បាយជុំវិញ បញ្ហានេះបានទេនៅថ្ងៃទី៣០ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ នេះជាលើកទី២ ហើយ ដែលអាជ្ញាធរចាប់ខ្លួនមន្ត្រីរបបក្រុងភ្នំពេញ បញ្ជូនទៅតុលាការ ដោយសារតែពួកគេឃុបឃិតជាមួយក្រុមមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។

កាលពីដើមខែកុម្ភៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអធិការនគរបាលស្រុកកំរៀង គឺលោក គឹម ពន្លក ម្ដងរួចមកហើយ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា លោកបានដោះលែងមេខ្យល់ជាច្រើននាក់ ដែលលួចនាំពលករឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ ភ្លាមៗ នោះ អាជ្ញាធរបានបញ្ជូនលោក គឹម ពន្លក វ័យ ៤៦ឆ្នាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទនាំពលករឆ្លងដែនខុសច្បាប់។

ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតែអះអាងថា ក្រុមមេខ្យល់ជាច្រើននាក់បន្តលបនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃដដែល ដោយសារតែរបរនេះរកប្រាក់បានងាយ ព្រោះការនាំពលករឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះមានតម្លៃខ្ពស់ ប្រមាណពី ៤.០០០បាត ទៅ ៥.០០០បាត ឬប្រហែលពី ១៣០ ទៅ ១៥០ដុល្លារក្នុងម្នាក់៕

website_news/2021020403.txt · Last modified: 2021/04/02 12:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki