website_news:2021020404

ពលករខ្មែរ គួរតែបន្តនៅធ្វើការក្នុងប្រទេសថៃ ជាជាងមកលេងស្រុក ពេលចូលឆ្នាំ

https://www.rasmeinews.com/ 1 April, 2021

ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពលករខ្មែរចំនួន ៤០នាក់ បានលួចឆ្លងដែន មកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ ៥៣ សហការជាមួយកម្លាំងនគរបាល ការពារព្រំដែនគោក លេខ៨១៧ និងកម្លាំងផ្នែក សឹករង ស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន បានឃាត់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។

ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន ៤០នាក់នោះ មានប្រុសចំនួន ១៦នាក់ ស្រីចំនួន ១៩នាក់ និងកុមារចំនួន ៥នាក់។ ពួកគេត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការរឹតបន្តឹងការឆ្លងដែន ក្នុងពេលប្រទេសថៃ ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ពលរដ្ឋខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ ត្រូវបានពិនិត្យសុខភាព ហើយនាំទៅធ្វើចត្តាឡីស័ក នៅតាមតំបន់ព្រំដែន។ រហូតដល់ពេលនេះ មានពលករខ្មែរ ឆ្លងដែនពីប្រទេសថៃ ៩១នាក់ រកឃើញឆ្លងកូវីដ១៩ និងរាប់ម៉ឺននាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក មុននឹងបញ្ជូនទៅស្រុកកំណើត។ ក្រោយមក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យរឹតបន្តឹងការធ្វើចត្តាឡីស័ក ដោយកំណត់ផាកពិន័យលើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ពោលគឺអ្នកលួចឆ្លងដែនខុសច្បាប់នេះ ត្រូវពិន័យពី ១លានរៀល ទៅ ៥លានរៀល។ រីឯមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ គឺក្រៅពីត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀលហើយ ក៏ត្រូវមានទោស ត្រូវបញ្ជូនទៅតុលាការ កាត់ទោសថែមទៀត។ ក្នុងអំឡុងពេលជិតដល់ពេលចូលឆ្នាំថ្មីនេះ បើសិនជាពលករខ្មែរយើង មកពីប្រទេសថៃ ត្រូវតែឆ្លងកាត់ការពិនិត្យសុខភាព ធ្វើតេស្តរកមេរោគកូវីដ ហើយត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ បើលួចឆ្លងដែន គឺត្រូវអាជ្ញាធរសមត្ថកិច្ច ចាប់បាន នឹងត្រូវនាំទៅធ្វើចត្តាឡីស័កហើយ ត្រូវផាកពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ហើយបើក្នុងករណី មានផ្ទុកកូវីដ១៩ ហើយឆ្លងទៅអ្នកដទៃ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ មួយចំណុចទៀត ក្នុងពេលនេះ អ្នករស់នៅ និងធ្វើការក្នុងប្រទេសថៃ មានសុវត្ថិភាពជាងមកលេងស្រុក ក្នុងពេលសែនឆេងម៉េង និងបុណ្យចូលឆ្នាំ នាពាក់កណ្តាលខែមេសាខាងមុខ។ នៅថៃធ្វើការធម្មតា ដោយអនុវត្តនូវវិធានការការពារកូវីដផង គឺមិនមានហានិភ័យពីការឆ្លងកូវីដ១៩ឡើយ។ ផ្ទុយទៅវិញ បើសិនជាធ្វើដំណើរមកលេងស្រុក ពេលនេះ នៅកម្ពុជាយើង កំពុងប្រឈមនឹងការឆ្លងកូវីដ១៩ ដែលមិនទាន់ថមថយនៅឡើយ។ ពេលធ្វើដំណើរ អាចនឹងមានហានិភ័យខ្ពស់ពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ម្យ៉ាងបើសិនជាលួចលាក់តាមមធ្យោបាយណាមិនដឹងទេ រហូតធ្លាយទៅដល់ផ្ទះនៅស្រុកកំណើត ក៏អាចនឹងក្លាយជាភ្នាក់ងារ ឬជាអ្នកចម្លងជំងឺកូវីដ១៩ ដល់ក្រុមគ្រួសារ ញាត្តិមិត្ត និងអ្នកស្រុក អ្នកភូមិដោយមិនដឹងខ្លួន បើសិនជាបុគ្គលនោះ មានផ្ទុកមេរោគកូវីដ១៩។ បើសិនជាទៅដល់ផ្ទះនៅស្រុកកំណើត ក៏បុគ្គលចំណូលថ្មីនោះ ត្រូវតែធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដោយខ្លួនឯងនៅផ្ទះយ៉ាងត្រឹមត្រូវ ឬក៏ត្រូវអាជ្ញាធរភូមិឃុំសង្កាត់នៅមូលដ្ឋាន នាំយកទៅធ្វើចត្តាឡីស័ក នៅកន្លែងរៀបចំ រយៈពេល ១៤ថ្ងៃជាមិនខាន។ ដូច្នេះបើមកស្រុក ពេលចូលឆ្នាំនេះ គឺក៏មិនបានជួបជុំអ្វីដូចរៀងរាល់ឆ្នាំទេ។ នៅឆ្នាំនេះ រាជរដ្ឋាភិបាល ក៏បានចេញបម្រាមរួចហើយ មិនឲ្យមានការជួបជុំអ្វីឡើយ រួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន ក្នុងពេលចូលឆ្នាំ ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩។ ក្នុងសារាចរ នៅថ្ងៃទី៣១ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់សាធារណជនទាំងអស់ នៅក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំ នៅឆ្នាំនេះ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ ឆ្លងកាត់រាជធានី-ខេត្ត។

ដូច្នេះសរុបទៅ ពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ គួរតែបន្តស្នាក់នៅ និងធ្វើការជាធម្មតា ហើយបើថៃឲ្យឈប់សម្រាក ក្នុងពេលចូលឆ្នាំ ក៏គួរតែនៅស្រុកថៃ ចូលឆ្នាំនៅទីនោះ ដើម្បីសុខសុវត្ថិភាពផង និងដើម្បីកុំឲ្យហត់ ព្រោះមកស្រុក ក៏មិនបានជួបជុំបងប្អូន ញាត្តិមិត្តដូចមុនឡើយ។ ពិសេសជាងនេះទៀត គឺកុំឲ្យឆ្លងរោគ ព្រោះពេលនេះ កូវីដកាចសាហាវណាស់ មិនថា ចាស់ក្មេងកូនង៉ែតទេ គឺឆ្លងទាំងអស់ ហើយមានរហូតដល់ស្លាប់ថែមទៀតផង នៅក្នុងប្រទេសយើងសព្វថ្ងៃ។ នៅទីណាក៏ដោយ សូមកុំភ្លេចវិធានការ ៣ការពារ និង ៣កុំ គឺកុំជួបជុំមនុស្សច្រើន កុំចូលក្នុងបន្ទប់បិទជិតប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់-ចាប់ដៃគ្នា។ រីឯ ៣ការពារ គឺត្រូវបន្តពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា។ ពេលនេះ មានតែការពារទេ ទើបប្រសើរជាងព្យាបាល៕sen

website_news/2021020404.txt · Last modified: 2021/04/02 12:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki