website_news:2021020607

តុលាការសម្រេចឃុំខ្លួនមនុស្សប្រុសស្រី ២ នាក់ ករណីនាំក្មេងអនីតិជនប៉ុនប៉ងឱ្យបម្រើក្នុងហាងស្រាបៀរ

https://www.postkhmer.com/ គឹម សារុំ | Publication date 01 June 2021 | 17:04 ICT

ព្រះវិហារ៖ តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនមនុស្សប្រុសស្រី ២ នាក់ ក្នុងពន្ធនាគារខេត្តកាលពីថ្ងៃទី ៣១ ឧសភា ពាក់ព័ន្ធករណីនាំក្មេងស្រីជាអនីតិជន ២ នាក់ ចេញពីភូមិពោធិ៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែប ខេត្តព្រះ វិហារ ប៉ុនប៉ងយកទៅឱ្យបម្រើក្នុងហាងលក់ស្រាបៀរ ១ កន្លែង ក្នុងក្រុងព្រះវិហារ កាលពីថ្ងៃទី ២៧ ឧសភា។

លោកស្រីឧត្តមសេនីយ៍ត្រី ប្រាំង ធីតា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រាប់នៅរសៀលថ្ងៃទី ១ មិថុនាថា ជនសង្ស័យ ឈ្មោះ សុខ សាយ ភេទ ប្រុស អាយុ ២២ ឆ្នាំ មានរបរជាជាងឈើ រស់នៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប។ ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ សុខ ស្រីពៅ អាយុ ២៨ ឆ្នាំ ប្រកបរបរជានារីបម្រើសេវាស្រាបៀរ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកស្រីថ្លែងថា៖ «បុរសឈ្មោះ សុខ សាយ ត្រូវតុលាការចោទពីបទការនាំចេញយកអនីតិជនជាអាទិ៍ចេញ ដោយមិនស្របច្បាប់តាមមាត្រា ៩។ ស្ត្រីម្នាក់ទៀតចោទពីបទការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើសតាមមាត្រា ២០។ ទាំង ២ នាក់ ចោទតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។

យោងតាមមាត្រា ៩ នៃច្បាប់នេះ បើតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំដល់ ៥ ឆ្នាំ។ រីឯមាត្រា ២០ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី ៤ លានដល់ ១០ លានរៀល។ តែបើជនរងគ្រោះជាអនីតិជនវិញនឹងត្រូវផ្តន្ទាទោសពី ៥ ឆ្នាំដល់ ១០ ឆ្នាំ។

បើតាម លោកស្រី ធីតា ការចាប់ខ្លួននេះធ្វើតាមបណ្តឹងអាណាព្យាបាលរបស់ក្មេងស្រីទាំង ២ នាក់ ថ្ងៃទី ៣០ ឧសភា ដែលបានប្ដឹងទៅនគរបាលប៉ុស្តិ៍ឃុំម្លូព្រៃ ១ ដោយបានអះអាងថា កាលពីថ្ងៃទី ២៧ ឧសភា មានបុរសម្នាក់ឈ្មោះ សុខ សាយ បាននាំក្មេងស្រីឈ្មោះ ម.ថ អាយុ ១៥ ឆ្នាំ និងក្មេងស្រីឈ្មោះ ណ.រ អាយុ១៦ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នាដោយឌុបតាមម៉ូតូនាំទៅស្នាក់នៅក្នុងបន្ទប់ជួលរបស់ស្ត្រីឈ្មោះ សុខ ស្រីពៅ ក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ លោកស្រីបន្តថា ក្រោយពីនគរបាលប៉ុស្ដិ៍ទទួលបានពាក្យបណ្តឹងរួចមកក៏បានរាយការណ៍ទៅលោកអធិការនគរបាលស្រុកឆែប និងបន្តមកការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តព្រះវិហារ ទើបមានការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅថ្ងៃទី ៣០ ឧសភា ក្រោយទទួលបណ្តឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ លោកស្រី ធីតា បានបញ្ជាក់ថា៖ «ជនប្រុសស្រី២នាក់នោះមិនសារភាពថា នាំក្មេងរងគ្រោះក្នុងគោលដៅឱ្យទទួលភ្ញៀវក្នុងហាងទេ តែបើតាមការសន្និដ្ឋានរបស់យើងគឺជនត្រូវចោទមានបំណងយកក្មេងទៅបម្រើក្នុងហាងលក់ស្រាបៀរ ព្រោះស្ត្រីត្រូវចោទធ្វើការនៅក្នុងហាងនោះ»។

ពាក់ព័ន្ធករណីនេះដែរ នៅរសៀលថ្ងៃទី ១ មិថុនា លោក សូ ស្ម័គ្រ នាយនគរបាលប៉ុស្តិ៍ឃុំព្រៃម្លូ ១ បានប្រាប់ថា ក្មេងស្រីរងគ្រោះទាំង ២ នាក់នោះ រស់នៅក្នុងភូមិជាមួយគ្នា ហើយត្រូវបានសមត្ថកិច្ចរំដោះ និងអនុញ្ញាតឱ្យត្រឡប់មកលំនៅឋានវិញហើយ។ លោកថា៖ «បុរសម្នាក់ឈ្មោះ សុខ សាយ នោះគាត់ឌុបក្មេងស្រីពីភូមិមិនឱ្យឪពុកម្តាយក្មេងដឹង ទើបគាត់មកប្តឹងខ្ញុំ។ ឥឡូវក្មេងរងគ្រោះមកផ្ទះវិញអស់ហើយ»៕

website_news/2021020607.txt · Last modified: 2021/06/02 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki