website_news:2021020702

បុរស ៤ នាក់ នាំពលករទៅធ្វើការនៅថៃ ត្រូវតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួន

https://www.postkhmer.com/national/ គឹម សារុំ | Publication date 30 June 2021 | 16:26 ICT

បន្ទាយមានជ័យៈ បុរសចំនួន ១០ នាក់ ដែលនាំពលករទៅធ្វើការនៅថៃ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចចោទប្រកាន់ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ នៅព្រឹកថ្ងៃទី ២៩ មិថុនា ៣ ថ្ងៃបន្ទាប់ពីចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ខណៈបុរសជាពលករចំនួន ៥ នាក់ (ជនជាតិថៃម្នាក់) ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ មិថុនាថា បុរសត្រូវចោទចំនួន ១០ នាក់ ត្រូវបានចៅក្រមស៊ើបសួរលោក ឃ្លោក ពិសិដ្ឋ សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៩ មិថុនា។ ការឃុំខ្លួនជនត្រូវចោទទាំង ១០ នាក់នេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើការសាកសួរពេញ ១ថ្ងៃទី ២៨ មិថុនា។ លោក សុខុន ថ្លែងថា៖ «ជនត្រូវចោទទាំង ១០ នាក់ត្រូវបានតំណាងអយ្យការចោទពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមមាត្រា ១១ នៃច្បាប់ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។ បទចោទតាមមាត្រា ១១ នៃច្បាប់ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ បើតុលាការរកឃើញថាពួកគេពិតជាមានទោសតាមបទចោទមែននោះត្រូវប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។

ជុំវិញការឃាត់ខ្លួនមេខ្យល់នេះ នៅថ្ងៃទី ២៩ មិថុនា ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងលោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនតាមទូរស័ព្ទដើម្បីសាកសួរព័ត៌មានបន្ថែម តែលោកស្រីប្រាប់ថា ជាប់ប្រជុំ។ ប៉ុន្តែលោកស្រី ឌី សុជាតិ ប្រាប់គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ មិថុនាថា ជនសង្ស័យទាំង ១០ នាក់ និងម៉ូតូ ៥ គ្រឿងត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ ៩១១ បានធ្វើការឃាត់ខ្លួនក្នុង ២ ករណីផ្សេងគ្នាតែនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងថ្ងៃតែ ១។ ការឃាត់ខ្លួនមេខ្យល់ទាំង ១០ នាក់នេះ គឺបន្ទាប់ពីកម្លាំងនគរបាល វរសេនាតូច ការពារព្រំដែនលេខ ៩១១ ឈរជើងនៅក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតឃាត់បានក្រុមជនសង្ស័យជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកនគរបាលវរសេនាតូច ការពារព្រំដែនលេខ ៩១១ បានប្រគល់ក្រុមជនសង្ស័យបន្តមកឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមលោកស្រី សុជាតិ បញ្ជាក់ថា ទន្ទឹមនឹងការឃាត់បានក្រុមមេខ្យល់ ១០ នាក់ហើយនោះ កម្លាំងសមត្ថកិច្ចក៏បានបន្តទប់ស្កាត់បុរសជាពលករខ្មែរបានចំនួន ៤ នាក់ និងបុរសជនជាតិថៃម្នាក់ផង។ ពលករទាំង ៥ នាក់នេះគឺក្រុមជនសង្ស័យបម្រុងលួចនាំឆ្លងដែនចូលទៅប្រទេសថៃកាលពីថ្ងៃទី ២៨ មិថុនា។ ចំពោះបុរសជាពលករទាំង ៥ នាក់ (ជនជាតិថៃម្នាក់) ត្រូវបានសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យា និងអប់រំ ហើយនឹងត្រូវអនុញ្ញាតឱ្យពួកគេវិលទៅផ្ទះវិញ ក្រោយពីពួកគេធ្វើចត្តាឡីស័ករួច។ រីឯបុរសជនជាតិថៃម្នាក់នឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរថៃ បន្ទាប់ពីបានធ្វើចត្តាឡីស័ក៕

website_news/2021020702.txt · Last modified: 2021/07/02 15:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki