website_news:2021020705

សមត្ថកិច្ចមូលដ្ឋានត្រូវបង្កើនការគ្រប់គ្រងពលរដ្ឋមកពីថៃឱ្យមានប្រសិទ្ធភាពខ្ពស់

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១ កក្កដា ២០២១ដោយ KC Virak

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានណែនាំទៅដល់កងកម្លាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសជិតខាង ពិសេសប្រទេសថៃ និងវៀតណាម ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីចូលមកនៅក្នុងប្រទេសកម្ពុជា។

ការណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពីចម្ងាយ ស្ដីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្នើទៅដល់ កម្លាំងនគរបាល ព្រំដែន ត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាពទប់ស្កាត់មិនឱ្យបទល្មើសឆ្លងដែនចេញ-ចូលខុសច្បាប់ និងត្រូវសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ដើម្បីគ្រប់គ្រងពលរដ្ឋដែលឆ្លងដែនចូលកម្ពុជាវិញឱ្យបានហ្មត់ចត់។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់កងកម្លាំងការពារព្រំដែន ដោយខិតខំឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តវិធានសុខាភិបាល និងការធ្វើតេស្តឆាប់រហ័ស (Rapid Test) ក្នុងករណីមានអាការៈសង្ស័យ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា សមត្ថកិច្ចត្រូវធ្វើជាសេនាធិការជូនគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ នៅគ្រប់ថ្នាក់ ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩ ដោយអនុវត្តវិធានការរដ្ឋបាល និងផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសនឹងវិធានសុខាភិបាល ក៏ដូចជាបទកំណត់នានាជាធរមាន សំដៅកាត់ផ្តាច់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវត្រៀមកម្លាំងជួយអធិការដ្ឋាន ថ្នាក់អធិការដ្ឋានត្រូវត្រៀមជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅពេលមានការចាំបាច់ផងដែរ។

ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មីនេះដែរ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលហៅកាត់ថា (គ.ប.ក) បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍តាមរយៈអ្នកដំណើរឆ្លងដែនចូលមកកម្ពុជាតាមព្រំដែននានា ពិសេសពលករខ្មែរមកពីប្រទេសថៃ។ ក្នុងនោះអនុញ្ញាតឱ្យធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជួនទំនិញដែលឆ្លងកាត់ព្រំដែនរៀងរាល់៧២ម៉ោងម្តង និងធ្វើតេស្តរហ័សប្រចាំខែដល់កងកម្លាំងដែលឈរជើងនៅតាមមាត់ច្រកព្រំដែនផងដែរ៕ ៖ សំអឿន

website_news/2021020705.txt · Last modified: 2021/07/02 15:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki