website_news:2021020706

សង្គមស៊ីវិលស្នើឱ្យរកមេខ្លោងដែលនាំពលករចំណាកស្រុកខុសច្បាប់ ដើម្បីលុបបំបាត់ ការជួញដូរមនុស្ស

https://vodkhmer.news/ លោក ណាត សុភាព ២៩ មិថុនា ២០២១ម៉ោង ១៦:៣១

មន្ត្រីសង្គមស៊ីវិលបានជំរុញទៅរដ្ឋាភិបាលជាថ្មីទៀត ឱ្យធ្វើការស្រាវជ្រាវ និងជីកឫសគល់អ្នកពាក់ព័ន្ធករណីនាំពលករចំណាកស្រុកដោយខុសច្បាប់ ជាពិសេសមេខ្លោងធំៗ និងមន្ត្រីនៅតាមច្រកព្រំដែន ដែលគប់គិតគ្នាលើបញ្ហានេះ ដើម្បីឈានទៅលុបបំបាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលករខ្មែរបន្តទៀត។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនមេខ្យល់ចំនួន១០នាក់ទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៨ ខែមិថុនា ដើម្បីចាត់វិធានការបន្តតាមច្បាប់ ខណៈពលករចំនួន៥នាក់ត្រូវតម្រូវឱ្យធ្វើកិច្ចសន្យាអប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកឯជនជាតិថៃម្នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត មុននឹងមានចំណាត់ការបន្ត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា មេខ្យល់ចំនួន១០នាក់ដែលបញ្ជូនមកតុលាការកាលពីម្សិលមិញនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ លោកបន្តទៀតថា ក្រោយពីបញ្ជូនមកតុលាការ នៅថ្ងៃទី២៩ ខែមិថុនានេះ ចៅក្រុមស៊ើបសួរបានសម្រេចចោទប្រកាន់មេខ្យល់ចំនួន១០នាក់ដែលស៊ីឈ្នួលនាំពលករចំណាកស្រុកទៅប្រទេសថៃ ពីបទ «នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» និងឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។ លោកមានប្រសាសន៍ថា៖ «ចៅក្រមស៊ើបគេសម្រេចចោទប្រកាន់រួចហើយ គេកំពុងរៀបចំបញ្ជូនទៅពន្ធនាគារ បញ្ជូនទៅឥលូវហ្នឹង គេសម្រេចឃុំខ្លួនហើយ»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ជាពិសេសក្រោយពីរដ្ឋាភិបាលបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវនិងចាប់មេខ្យល់ដែលនាំពលករចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ នាអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ គឺមានមេខ្យល់ជាច្រើនត្រូវបានចាប់ខ្លួន។ តែយ៉ាងណា លោក ថេហូយ៉ា សង្កេតឃើញថា កន្លងមក អាជ្ញាធរចាប់បានតែមេខ្យល់តូចតាចតែប៉ុណ្ណោះ ខណៈអ្នកនៅពីក្រោយខ្នងមេខ្យល់តូចតាចទាំងនោះមិនត្រូវបានចាប់ខ្លួននៅឡើយ។ ករណីនេះ លោកជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវស្រាវជ្រាវរកមន្ត្រីខិលខូចដែលគប់គិតជាមួយមេខ្យល់នាំពលរដ្ឋឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស យកមកផ្តន្ទាទោស ទើបអាចទប់ស្កាត់បញ្ហានេះមានប្រសិទ្ធភាព។ លោកអំពាវនាវដូច្នេះថា៖ «ការជួញដូរមិនមែនមានតែមេខ្យល់តូចតាចទេ វាអាចមានពាក់ព័ន្ធនឹងអ្នកមានអំណាច ជាពិសេសមន្ត្រីខាងព្រំដែន ជាពិសេសអ្នកពាក់ព័ន្ធផ្សេងៗ។ ហើយដើម្បីឱ្យវាមានប្រសិទ្ធភាព វាទាល់តែចាប់ត្រីធំ កុំចាប់ត្រីតូច ហើយចាត់វិធានការឱ្យមានប្រសិទ្ធភាព»។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដើមចមដែលនាំឱ្យពលករនាំគ្នាចំណាកស្រុកទៅតាមមេខ្យល់ទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយសារពួកគេជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងបញ្ហាលំបាករកការងារធ្វើនៅក្នុងស្រុកនិងប្រាក់ខែមិនបានច្រើន ជាដើម។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូរ ប៊ុនអេង មានប្រសាសន៍ថា ក្រសួងមិនលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធដែលគប់គិតជាមួយមេខ្យល់នាំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃនោះទេ ព្រោះនាំឱ្យពលរដ្ឋខ្មែរជួបបញ្ហាប្រឈមនានា។ យ៉ាងនេះក្តី លោកស្រី ជូរ ប៊ុនអេង អះអាងថា អាជ្ញាធរជំនាញកំពុងសហការគ្នាស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយមេខ្យល់ទាំងនោះ ដើម្បីចាត់វិធានការច្បាប់ផងដែរ ដោយមិនបណ្តែតបណ្តោយឱ្យរឿងនេះកើតឡើងបន្តទៀតនោះទេ។ លោកស្រីមានប្រសាសន៍ថា៖ «បើនិយាយពីមន្ត្រីគប់គិត បើសិនជាសង្គមស៊ីវិលបានដឹងថាជានរណា សូមរាយការណ៍មក! យើងនឹងធ្វើការងារហ្នឹងជាមួយគ្នា ព្រោះយើងមិនបានគប់គិត ដើម្បីឱ្យរឿងហ្នឹងកើតឡើងដោយមិនបានដោះស្រាយទេ។ យើងអត់មានទុកឱ្យអ្នកដែលធ្វើការងារហ្នឹងចេះតែនៅបន្តទេ»។

មាត្រា១១ នៃច្បាប់ស្តីពី «ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅប្រគល់ឬនាំយកទៅក្រៅប្រទេសកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ។ បើការនាំយកជនរងគ្រោះជាអនីតិជន ដោយមានក្រុមចាត់តាំង ឬប្រព្រឹត្តដោយមន្ត្រីសាធារណៈដែលបំពានអំណាចរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ២០ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៩ ខែមិថុនា បានណែនាំជាថ្មីទៀតទៅអាជ្ញាធរជាប់ព្រំដែនឱ្យពង្រឹងវិធានការអនុវត្តច្បាប់បង្ក្រាបការនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីចូលកម្ពុជា។ ក្រោយមានការណែនាំនេះ អាជ្ញាធរតាមខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ក្រាបមេខ្យល់និងកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។

បើតាមមន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ លោក ថេហូយ៉ា បានឱ្យដឹងថា អំឡុងពេលវិបត្តិកូវីដ-១៩ផ្ទុះឡើង មានពលករខ្មែរជាង២ ០០០នាក់ហើយត្រូវបានចាប់ខ្លួន ខណៈពួកគេកំពុងធ្វើដំណើរដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកថា ក្នុងការឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ពលករខ្មែរ ម្នាក់ៗត្រូវបង់ប្រាក់ចំនួន៣ ០០០បាត ឬស្មើជាង១០០ដុល្លារទៅឱ្យមេខ្យល់។

តាមរបាយការណ៍អង្គការសង់ត្រាល់ ឱ្យដឹងថា បច្ចុប្បន្ន ពលករខ្មែរដែលធ្វើការងារទាំងស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃ មានចំនួនជាង១លាន៨សែននាក់៕

website_news/2021020706.txt · Last modified: 2021/07/02 15:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki