website_news:2021020707

តំណាងពលករ ដាក់ញត្តិស្នើសុំគណៈរដ្ឋមន្ត្រី និងសភាថៃ ជួយដោះស្រាយវិបត្តិអត់អាហារ និងសេវាព្យាបាលកូវីដ១៩

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន 2021-06-30

តំណាងពលករខ្មែរប្រមាណ ២០នាក់ នាំគ្នាដាក់ញត្តិ និងថ្លែងសារ នៅមុខអគារគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ នៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីស្នើសុំអាជ្ញាធរប្រទេសនេះឱ្យជួយដោះស្រាយបញ្ហាពលករ ដែលកំពុងអត់អាហារ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ (Covid-19) សមរម្យ។ អាជ្ញាធរថៃបានចេញមកទទួលញត្តិពីពលករ និងសន្យានាំរឿងនេះដាក់ជូនប្រធានស្ថាប័នរបស់ខ្លួន។ តំណាងពលករខ្មែរមួយក្រុមមានគ្នាប្រមាណ ២០នាក់ បាននាំគ្នាថ្លែងសារម្នាក់ម្ដង នៅមុខអគារគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ នៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៣០ មិថុនា ទាមទារឲ្យអាជ្ញាធរថៃ ជួយដល់ពលករខ្មែរ ខណៈថៅកែមួយចំនួនអះអាងថាគ្មានលទ្ធភាពជួយពួកគេនោះទេ។

តំណាងពលរដ្ឋម្នាក់ លោកស្រី សេង ស្រីទូច ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣០ មិថុនាថា ការទាមទារនេះ ក្នុងគោលបំណងឲ្យអាជ្ញាធរថៃគិតគូរពីពលករខ្មែរ ព្រោះពួកគាត់កំពុងប្រឈមវិបត្តិធ្ងន់ធ្ងរ ទាំងគ្មានអាហារបរិភោគ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ សមរម្យ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ កាន់តែរាលដាលខ្លាំងឡើង។ បន្ថែមពីនេះ រដ្ឋាភិបាលដាក់បម្រាបបិទខ្ទប់ការដ្ឋានសំណង់នៅទីក្រុងបាងកក និងខេត្តទាំង៥ ជុំវិញបណ្ដាលឲ្យពលករជាច្រើននាក់អត់ការងារធ្វើ។ តំណាងពលកររូបនេះ បន្តថា ពលករខ្មែរភាគច្រើនជាប់នៅក្នុងកន្លែងបិទខ្ទប់ និងខ្លះទៀតកំពុងដេកព្យាបាលជំងឺកូ វីដ១៩ដោយខ្លួនឯងនៅតាមកន្លែងធ្វើការនិងបន្ទប់ជួលដោយមិនសូវទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ និងថៅកែជនជាតិថៃនោះទេ។ ក្រៅពីនេះពួកគេទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ហាមួយចំនួនទៀតដូចជា ករណីជនឆបោកឆ្លៀតឱកាសក្នុងគ្រាអាសន្ននេះ បោកប្រាក់ពលករ ដើម្បីបន្តប័ណ្ណសុពលភាពការងារកម្មករឬហៅថា ប័ណ្ណស៊ីជម្ពូ។ ចំណែកកម្មករខ្លះទៀតអត់មានលទ្ធភាពធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ជាដើម៖ «រកជំនួយឲ្យជួយពួកគាត់។ ជួយដោះស្រាយគាត់យ៉ាងម្ដេចព្រោះគាត់អត់មានប្រាក់ធ្វើប័ណ្ណប្រកាន់សង្គមហ្នឹងគេ ព្រោះគេថាគេចែកតែអ្នកដែលមានប្រកាន់សង្គម។ អ្នកដែលអត់មានប្រកាន់សង្គម អ្នកដែលអត់មានឯកសារគ្រប់គ្រាន់ហ្នឹង គេអត់ចែកឲ្យទេ។ អ៊ីចឹងអ្នកដែលអត់មានឯកសារគ្រប់គ្រាន់ហ្នឹងគឺគាត់ពិបាក»។

ក្នុងការដាក់ញត្តិនេះ អាជ្ញាធរថៃមិនបានរារាំង រុញច្រាន វាយបង្ក្រាប ឬស្រែកជេរប្រមាថក្រុមអ្នកតវ៉ាឬក៏ចាប់ខ្លួនតំណាងពលករខ្មែរនោះទេ បើទោះជាពួកគេបាននាំគ្នាលើកបដាវាយស្គរ និងស្រែកទាមទារតាមឧគ្ឃោសនស័ព្ទទាំងភាសាខ្មែរនិងភាសាថៃក្ដី។ មន្ត្រីប្រចាំនៅគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ បានចេញមកទទួលញត្តិពីពលករ និងសន្យាដាក់ជូនប្រធានស្ថាប័នរបស់ពួកគេ។ តំណាងពលករទាំងនោះមិនបានស្វែងរកអន្តរាគមន៍ពីតំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃទេ ព្រោះពួកគេគ្មានជំនឿលើមន្ត្រីស្ថានទូត។ លោកស្រី សេង ស្រីទូច មិនជឿថា មន្ត្រីស្ថានទូតខ្មែរមិនដឹងថាពលករកំពុងជួបវិបត្តិទាំងអស់នេះទេ។ តំណាងពលករដដែល ក៏សោកស្ដាយចំពោះស្ថានទូត ដែលមិនបានជួយសម្រួលដល់ការធ្វើដំណើរពីកន្លែងធ្វើការត្រឡប់ទៅកម្ពុជាវិញ ដោយបណ្ដោយឲ្យកម្មកររកមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។

អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ្ឌ បានទេនៅថ្ងៃទី៣០ មិថុនា។ តែយ៉ាងណាហ្វេសប៊ុក (Facebook) របស់ស្ថានទូតបានបង្ហាញការចែកអំណោយដល់ពលករបានមួយចំនួនដែរ។

មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យដឹងថា ស្ថានភាពពលករនៅទីក្រុងបាងកក និងខេត្តទាំង៥ជុំវិញទីក្រុងពិតជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ និងប្រឈមការឆ្លងជំងឺកូវីដ១៩ មែន ដោយសារការឆ្លងរាលដាលជំងឺកាចសាហាវនេះធ្ងន់ធ្ងរ។ លោកឲ្យដឹងថា ពលករខ្មែរជាច្រើននាក់កំពុងឆ្លងជំងឺកូវីដ១៩។ ក្នុងនោះពលករដែលមានប័ណ្ណការងារស្របច្បាប់ទទួលបានការយកចិត្តទុកដាក់ផ្នែកសុខាភិបាល តែពលករដែលមិនមានប័ណ្ណការងារមិនសូវទទួលបានការយកចិត្តទុកដាក់ទេ។ លោកបន្តថា ទន្ទឹមនឹងនេះ មានពលករខ្មែររាប់រយនាក់សម្រុកត្រឡប់ទៅកម្ពុជាវិញដែរ ក្នុងរយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ «គេសន្យាថានឹងតវីសា និងធ្វើប័ណ្ណស៊ីជម្ពូឲ្យ។ តែមកដល់ពេលនេះ អត់ឃើញមានតវីសាអ្វីទេ ហើយអត់ទាន់មានធ្វើប័ណ្ណស៊ីជម្ពូផង ឥឡូវបញ្ឈប់ពួកគាត់។ បញ្ឈប់ដោយអត់មានប្រាប់មុន ឬក៏អត់មានទឹកប្រាក់សំណងអ្វី ដូចថាត្រូវតែបើកលុយឲ្យប៉ុណ្ណេះៗ ក៏អត់ទាន់ឃើញមានដែរ។ ពីរ បីថ្ងៃនេះ ឃើញបងប្អូនពលករយើងជ្រួលច្របល់មែនទែនរឿងហ្នឹងណា»។ ចាប់តាំងពីរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់ការដ្ឋានសំណង់ និងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅទីក្រុងបាងកក និងខេត្តទាំង ៥មក ពលករបានសម្រុកចេញទៅកម្ពុជាវិញប្រហែល ៣០០នាក់ ក្នុងមួយថ្ងៃ។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្តបង្ហាញថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ មានពលករត្រឡប់ពីថៃ ជាងបួនម៉ឺន (៤៤.០០០) នាក់។ ជាមួយគ្នានេះ មានពលករខ្មែរឆ្លងដែនខុសច្បាប់ប្រមាណ ៤.០០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ៕

website_news/2021020707.txt · Last modified: 2021/07/02 15:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki