website_news:2021020901

លោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចបានច្រើន ដោយសារដៃគូពាក់ព័ន្ធសហការល្អ

https://cen.com.kh/ Posted ByPen Srey NeatSeptember 1, 2021

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានថ្លែងឲ្យដឹង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា ក្នុងចំណោមមនុស្សរងគ្រោះខកខ្លួន ឬចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស ក្នុងចំនួន ២៣១៧នាក់ មានស្ត្រី ៩៧២នាក់ មកពី ៨ប្រទេស គឺចិន ម៉ាឡេស៉ី សិង្ហបូរី ថៃ ឥណ្ឌូនេស៉ី វៀតណាម ឡាវ និងឥណ្ឌា, ក្នុងនោះ មកពីថៃច្រើនជាងគេ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងការងារខុសច្បាប់ ហើយត្រូវបានស្ថានទូតកម្ពុជា នៅបណ្ដាប្រទេសទាំងនោះជួយសង្គ្រោះពួកគេទាន់ពេលវេលា។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងបែបនេះ ខណ:ផ្ដល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា, ដោយលោកជំទាវ បានបញ្ជាក់ថា ក្នុងរយ:ពេល ៦ខែ ឆ្នាំ២០២១នេះ ពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារការជួញដូរមនុស្ស ចំនួន ២៣១៧នាក់ ត្រូវបានស្ថានតំណាងផ្លូវការ កម្ពុជា នៅបរទេសជួយសង្គ្រោះ និងសម្រួលដល់ការបញ្ជូនពួកគេមកកាន់មាតុប្រទេសវិញ។លោកជំទាវ ជូ ប៊ុនអេង បានបង្ហាញថា កាលពីឆ្នាំ២០២០ឯណោះវិញ គឺប្រជាពលកម្ពុជា រងគ្រោះ ១៥៧៤នាក់ ពាក់ព័ន្ធនឹងការងារខុសច្បាប់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងបញ្ជូនមកមាតុប្រទេសវិញ។ ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនេះទៀតសោត គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ក្រាបបានចំនួន ១៩៨ករណី កើនឡើង ១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ដែលមានត្រឹមតែ ៦៣ករណី។

ក្នុងការបង្ក្រាបទាំង ១៩៨ករណី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់ ក្នុងនោះ ករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ១៣៩ករណី ឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងការធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់។ ការបង្រ្កាបបានច្រើនបែបនេះ គឺមកពីដៃគូពាក់ព័ន្ធសហការគ្នាបានល្អ, ហើយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ ធ្វើយ៉ាងណាលុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចឲ្យធ្លាក់នៅកម្រិតទាបបំផុតដើម្បីសុខដុមរមនាក្នុហសង្គម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

website_news/2021020901.txt · Last modified: 2021/09/02 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki