website_news:2021020902

ថៃសន្យាផ្ដល់ភាពស្របច្បាប់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យពលករក្រោយការដាក់ញត្តិទៅក្រសួងការងារ»

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត2021-08-31

តំណាងពលករអះអាងថា ក្រសួងការងារថៃបានសន្យាយល់ព្រមផ្ដល់ភាពស្របច្បាប់ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ឲ្យពលករទាំងអស់។ ការលើកឡើងនេះ ក្រោយពេលដែលក្រុមពលករខ្មែរជាង ៥០នាក់ បាននាំគ្នាដាក់ញត្តិទៅក្រសួងការងារ កាលពីថ្ងៃទី៣០ ខែសីហា។ អ្នកឃ្លាំមើលសិទ្ធិពលកររំពឹងថាក្រោយការចាក់វ៉ាក់សាំងរួច ពលករនឹងឆាប់ទទួលបានការងារធ្វើវិញ។ ស្ថានភាពពលករធ្វើការនៅប្រទេសថៃនៅតែមិនទាន់មានភាពប្រសើរដោយភាគច្រើនមិនទទួលបានអត្ថប្រយោជន៍ពីក្រសួងការងារថៃ និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡើយទេ។

ប្រធានមូលនិធិពលករខ្មែរប្រចាំនៅប្រទេសថៃលោក ស៊ុន សីហា ឲ្យដឹងនៅថ្ងៃទី៣១ ខែសីហាថា តំណាងពលករប្រហែល ៥០នាក់បានជួបជុំគ្នា នៅថ្ងៃទី៣០ ខែសីហា និងបានយកញត្តិដាក់ជូនក្រសួងការងារថៃ ដើម្បីសុំឲ្យមានការគិតគូរដល់ពលករកំពុងជួបទុក្ខលំបាកក្នុងការដ្ឋានសំណង់ និងនៅតាមបន្ទប់ជួល។ លោកបន្តថា ក្រុមពលករបានថ្លែងសារពីទុក្ខកង្វល់ជាច្រើននៅមុខក្រសួងការងារថៃ ពិសេសគឺការទាមទារឲ្យអាជ្ញាធរថៃកុំរើសអើងពលករ និងត្រូវផ្ដល់សេវាសុខាភិបាលឲ្យបានស្មើភាពគ្នា ដោយមិនត្រូវទុកពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ ចោលនោះទេ។ ប៉ូលិសថៃមិនបានរារាំង មិនបង្កភាពរញ៉េរញ៉ៃ រុញច្រាន រំខាន ឬធ្វើទុក្ខបុកម្នេញដល់ការដាក់ញត្តិរបស់ពលករឡើយ។ ក្រោយពីបានថ្លែងសារចប់រួចរាល់ ក្រុមពលករបានដាក់ញត្តិទៅក្រសួងការងារថៃ ហើយអាជ្ញាធរថៃ ក៏បានហៅតំណាងពលករចូលជួប និងសន្យាអន្តរាគមន៍ជួយពលករឲ្យអស់ពីលទ្ធភាព៖ «ស្នើឲ្យពិនិត្យមើលទៅលើការដ្ឋានសំណង់មួយចំនួន ដែលពួកគាត់ស្នាក់នៅមិនសមសម្រាប់មនុស្សនៅហើយអនាម័យហ្នឹងវាអត់ល្អ។ មុជទឹកអាងនៅកណ្ដាលវាលរួមគ្នា មួយរយ ឬពីររយនាក់រួមគ្នាអ៊ីចឹងទៅ ហើយការប្រើបង្គន់ហ្នឹង គឺបង្គន់សង់ពីបាំងស័ង្កសីដែលគ្មានអនាម័យ ហើយបង្គន់បី បួន ប្រាំ ប្រើមនុស្សបី បួនរយនាក់ ហើយគ្មានអនាម័យ ដែលងាយស្រួលឆ្លងជំងឺកូវីដ១៩ ទៅដល់ពលករយើង»។

លោក ស៊ុន សីហា បន្ថែមទៀតថា បន្ទាប់ពីទទួលបានការសន្យានេះហើយ ពលករមានភាពកក់ក្ដៅជាងមុន និងខិតខំបន្តទ្រាំរស់នៅរង់ចាំធ្វើការបន្តទៀត នៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា តំណាងពលកររូបនេះឲ្យដឹងថា ពួកគាត់គ្មានបំណងដាក់ញត្តិទៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃទេ ដោយសារមិនមានភាពជឿជាក់ថា មន្ត្រីនៃស្ថានទូតអាចជួយពលករបាន។ កាលពីចុងខែមិថុនា ក្រុមមូលនិធិពលករខ្មែរធ្លាប់បានដាក់ញត្តិទៅរដ្ឋសភាថៃ និងគណៈរដ្ឋមន្ត្រីថៃម្ដងហើយ ដើម្បីស្នើសុំឲ្យមានដំណោះស្រាយជុំវិញបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ-១៩។ កាលនោះក្រុមពលករបានស្នើសុំឲ្យរដ្ឋាភិបាលថៃ យកចិត្តទុកដាក់ជួយផ្គត់ផ្គង់ម្ហូបអាហារ និងសេវាព្យាបាលជំងឺកូវីដ១៩ ដល់ពលករឲ្យបានសមរម្យ។

ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃលោក អ៊ូក សោភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានទេ នៅថ្ងៃទី៣១ ខែសីហា។ តែយ៉ាងណាលោក កុយ គួង បានប្រាប់សារព័ត៌មានវីអូឌី (VOD) ថា មន្ត្រីស្ថានទូតតែងតែយកអំណោយចែកឲ្យពលករកំពុងជួបការលំបាកទីទ័លខ្លាំង និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានរបស់ថៃ ដើម្បីស្នើសុំឲ្យយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហានានារបស់ពលករ។

អ្នកឃ្លាំមើលសិទ្ធិពលករទទួលស្គាល់ថា ស្ថានទូតខ្មែរ និងអាជ្ញាធរថៃ បានយកចិត្តទុកដាក់ខ្លះដល់ពលករខ្មែរមែន នៅមួយរយៈពេលចុងក្រោយនេះ តែនៅតិចតួច និងមិនទាន់គ្រប់គ្រាន់តម្រូវការជាមូលដ្ឋានរបស់ពលករនៅឡើយ។ មន្ត្រីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (Central) ប្រចាំប្រទេសថៃលោក លឹង សុផុន លើកទឹកចិត្តឲ្យមន្ត្រីស្ថានទូតខ្មែរ ធ្វើសកម្មភាពជួយពលករឲ្យបានច្រើនជាងនេះ និងជួយឧបត្ថម្ភស្បៀងអាហារឲ្យបានច្រើនបន្តិច ដើម្បីលើកទឹកចិត្តដល់ពលករខ្មែរ ដែលកុំឲ្យធ្វើដំណើរទាំងប្រថុយវិលត្រឡប់ទៅកម្ពុជាវិញ។ លោកយល់ថា ប្រសិនបើមន្ត្រីស្ថានទូតខ្មែរមានភាពសកម្មខ្លាំង ដោយចែកអំណោយដល់ពលករ និងរកវ៉ាក់សាំងចាក់ឲ្យពលករតាំងពីដំបូង នោះពលករនឹងមិនសម្រុកទៅស្រុកវិញច្រើនទេ ហើយបញ្ហាប្រឈមរបស់ពលករក៏សូវធ្ងន់ធ្ងរខ្លាំងដូចបច្ចុប្បន្នដែរ៖ «ខ្ញុំគិតថា បងប្អូនពលករខ្មែរ ប្រហែលជាមិនត្រឡប់ទៅខ្មែរច្រើនអ៊ីចឹងទេ បើសិនជាគាត់ (ស្ថានទូត) មានវិធានការណាមួយដើម្បីទប់ស្កាត់រឿងហ្នឹង។ កន្លងមកបងប្អូន ដែលឆ្លងកូវីដហើយ ដែលគាត់មិនដឹងថា គាត់ជាពីកូវីដហើយ គាត់ទៅចាក់វ៉ាក់សាំងនៅកន្លែងណា ឬមួយគាត់ ដែលកំពុងតែឆ្លងកូវីដហ្នឹងមិនដឹងទៅព្យាបាលនៅកន្លែងណា គឺគាត់តែងតែព្រួយបារម្ភ។ គាត់តែងតែសង្ឃឹមថា ត្រឡប់ទៅខ្មែរហើយ បានចាក់វ៉ាក់សាំង»។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្តបង្ហាញថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានពលករ បានវិលត្រឡប់ពីប្រទេសថៃ ជាងបួនម៉ឺន (៤៤.០០០) នាក់ ចូលមកកម្ពុជា។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃបានថយចុះ ពីជាង ២ម៉ឺន (២០.០០០) នាក់ ក្នុងមួយថ្ងៃមកនៅជាង ១ម៉ឺន ៤ពាន់ (១៤.០០០) នាក់។ ទោះយ៉ាងណាក្ដី រដ្ឋាភិបាលថៃនៅតែបន្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដដែល ប៉ុន្តែបានបន្ធូរបន្ថយវិធានការតឹងរ៉ឹងនៅតំបន់មួយចំនួន ដោយបើកឱ្យមនុស្សអាចធ្វើដំណើរឆ្លងខេត្តបាន ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ៕

website_news/2021020902.txt · Last modified: 2021/09/02 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki