website_news:2021030201

លោក ហ៊ុន សែន បញ្ជាក់ពីការកែលម្អគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 02 February 2021 | 09:15 ICT

ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីការសម្រេចរបស់រដ្ឋាភិបាលក្នុងការកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ថាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ពីព្រោះសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើន។ ការសម្រេចកែលម្អលក្ខណសម្បត្តិ នៃគោលនយោបាយនេះបានធ្វើឡើងបន្ទាប់ពីឆ្លងកាត់បទពិសោធអស់រយៈពេល ១០ ឆ្នាំរបស់ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធបានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។

លោក ហ៊ុន សែន ថ្លែងបែបនេះតាមរយៈលិខិតស្តីអំពីការលើកកម្រិតលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១។ លោកបញ្ជាក់ថា ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានានៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។ លោកថ្លែងថា៖ «ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងកៀរគរឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល»។លោកបញ្ជាក់ថា៖ «សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា»។ បើតាមលោកនាយករដ្ឋមន្ដ្រី ការលើកកម្រិតលក្ខណសម្បត្តិនៃគោលនយោបាយនេះមានគោលបំណង និងសំណូមពរបន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះ ត្រូវកសាងជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក អំ សំអាត នាយករងអង្គការលីកាដូសង្កេតឃើញថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនេះល្អ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចរស់នៅប្រកបដោយភាពសុខដុមរមនា មានសន្តិសុខ សុវត្ថិភាព និងបរិស្ថានល្អ។ ប៉ុន្តែ ការអនុវត្តជាក់ស្តែងរបស់មន្ត្រីមូលដ្ឋានមួយចំនួន មិនទាន់ឆ្លើយតបទៅតាមគោលនយោបាយនេះនៅឡើយទេ។ លោកថ្លែងថា៖ «ប្រជាពលរដ្ឋមួយចំនួននៅតែលើកឡើងពីបញ្ហាមួយចំនួន ដូចជាករណីគ្រឿងញៀនដែលបច្ចុប្បន្នគឺរាលដាលដល់ជនបទ ល្បែងស៊ីសងមួយចំនួននៅបន្តកើតមានឡើង ចោរកម្មមួយចំនួននៅតែកើតមានឡើង»។ លោក សំអាត បន្តថា៖ «ដូច្នេះដើម្បីឱ្យគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាពទាល់តែមន្ត្រីមូលដ្ឋានត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ និងមានការចូលរួមពីប្រជាពលរដ្ឋ និងមានទំនុកចិត្តពីពលរដ្ឋ»។

លក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមមាន ១ ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥ ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦ មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ។ ៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

website_news/2021030201.txt · Last modified: 2021/02/03 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki