website_news:2021030202

កម្ពុជាស្នើសុំចូលជាសមាជិកនៃប្រទេសដែលជោគជ័យ ក្នុងការលុបបំបាត់ផលប៉ះពាល់ជនទេសន្តរប្រវេសន៍

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 02 February 2021 | 18:23 ICT

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជំរុញពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានដាក់លិខិតស្នើសុំចូលជាសមាជិកភាព នៃប្រទេសដែលបានអនុវត្ដ ដោយជោគជ័យក្នុងការលុបបំបាត់ ឬកាត់បន្ថយផលប៉ះពាល់ទៅលើជនទេសន្តរប្រវេសន៍ និងអនុវត្ដបានជោគជ័យ នៃកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នៃក្រសួងមហាផ្ទៃ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២ ខែកុម្ភៈ ថា អង្គការសហប្រជាជាតិដែលមានអង្គការ IOM ជាលេខាធិការដ្ឋានបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ អង្គការនេះបានលើកទឹកចិត្ដឱ្យប្រទេសកម្ពុជា គួរតែត្រូវបានចូលនៅក្នុងបញ្ជីបេក្ខភាព នៃប្រទេសដែលបានអនុវត្ដជោគជ័យ (Champion Country) ក្នុងការលុបបំបាត់ឬកាត់បន្ថយផលប៉ះពាល់ទៅលើជនទេសន្តរប្រវេសន៍។

លោកស្រី ជូ ប៊ុនអេង ថ្លែងថា ការលុបបំបាត់ឬកាត់បន្ថយផលប៉ះពាល់ទៅលើជនទេសន្តរប្រវេសន៍ រួមមានទាំងការរំលោភសិទ្ធិ ផលប្រយោជន៍ សេចក្ដីថ្លៃថ្នូរ ការជួញដូរក្រុមទេសន្តរប្រទេសន៍ និងការធ្វើទារុណកម្ម ដែលហៅថា Global Compact for Safe, Orderly and Regular Migration។ លោកស្រីថ្លែងថា៖ «ឥឡូវនេះដោយសារតែយើងត្រូវបានអង្គការធ្វើការជាមួយគ្នា មើលឃើញ និងលើកទឹកចិត្ដ ប្រមុខរាជរដ្ឋាភិបាលបានដាក់លិខិតទៅអង្គការសហប្រជាតិ។ យើងបានដាក់លិខិតទៅកាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំនេះរួចហើយ»។

បើតាមលោកស្រី ជូ ប៊ុនអេង ដើម្បីចូលក្នុងបញ្ជីជាបេក្ខភាពនៃប្រទេសដែលបានអនុវត្ដជោគជ័យ គឺរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអនុវត្ដសកម្មភាពយ៉ាងសកម្មលើការប្រមូលទិន្ន័យពាក់ព័ន្ធទៅនឹងអំពោះការជួញដូរមនុស្ស និងពលករចំណាកស្រុក ទេសន្តរប្រទេសន៍ឱ្យបានល្អ និងការអនុវត្ដកិច្ចសហប្រតិបតិ្ដការភាពជាដៃគូជាមួយប្រទេសដែលមានទំនាក់ទំនងផងដែរ។ លោកស្រីបញ្ជាក់ថា៖ «ការចូលជាសមាជិកនេះ គឺជារឿងសកល ដែលទាក់ទងទៅនឹងការអនុវត្ដ កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ក្នុងនោះក៏មានករណីជួយដូរមនុស្សផងដែរ។ ប៉ុន្ដែអ្វីដែលអង្គការដៃគូជំរុញលើកទឹកចិត្ដនេះ បន្ទាប់ពីឃើញកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ដកតិកាសញ្ញាជាសកនេះ»។ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថាឆ្នាំ ២០២០ គ.ជ.ប.ជ. រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ ១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ លោកស្រីថ្លែងថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួន ដូចជា ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជួយជនរងគ្រោះ និងការអនុវត្តច្បាប់។ លោកស្រីបញ្ជាក់ថា ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ ១៩ វិបត្តិសេដ្ឋកិច្ច នាំឱ្យពលករអត់ការងារធ្វើ ដោសារការបិទរោងចក្រទាំងនៅប្រទេសកម្ពុជា និងថៃ។ កត្តានេះពលករខ្មែរបានត្រឡប់ពីប្រទេសថៃ មកម្ពុជាវិញកាលពីឆ្នាំ ២០២០ មានជាង ១៣ ម៉ឺននាក់។

លោកស្រីថ្លែងថា៖ «ឱកាសនេះឯង ដែលជនជួញដូរមនុស្សឆ្លៀតឱកាស ដើម្បីយកផលចំណេញពីកម្មករ-កម្មការិនី ដែលអត់ការងារធ្វើ។ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការនាំមនុស្សចេញដោយខុសច្បាប់»។

អង្គការ IOM ប្រចាំកម្ពុជា កោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយនឹងលោកស្រី ជូ ប៊ុនអេង តាមរយៈកិច្ចសហប្រតិបត្ដិការជាមួយគ្នាកន្លងមក។ អង្គការ IOM បញ្ជាក់ថា ពិសេសចំណារយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រឲ្យកម្ពុជាក្លាយជាប្រទេសសមាជិកនៃប្រទេស ដែលបានអនុវត្ដដោយជោគជ័យក្នុងការលុបបំបាត់ ឬកាត់បន្ថយផលប៉ះពាល់ទៅលើជនទេសន្តរប្រវេសន៍សកលនេះ៕

website_news/2021030202.txt · Last modified: 2021/02/03 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki