website_news:2021030204

អាមេរិកសន្យា ធ្វើរបាយការណ៍ច្បាស់លាស់ ពីការខិតខំប្រឹងប្រែង ប្រឆាំងអំពើ ជួញ ដូរមនុស្សនៅកម្ពុជា

https://dap-news.com/national/ ByPH104 Posted on February 2, 2021

ភ្នំពេញ ៖ សហរដ្ឋបានអាមេរិកសន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់ បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ នេះបើយោងតាមការ ចេញផ្សាយអគ្គស្នងការដ្ឋាន នគរបាលជាតិ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ តំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹង កិច្ចសហការរវាង មន្រ្តីអនុវត្តច្បាប់ នៃភាគីអាមេរិក ជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ នាឱកាសនោះ កម្ពុជា-អាមេរិក បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ ឆ្លុះបញ្ចាំងអំពីចំណង ទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក ។

បន្ថែមពីនេះទៀត ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ចំពោះអនុសាសន៍អាមេរិក ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់ អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគី អាមេរិកយល់កាន់តែច្បាស់ អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង អំពីជួញដូរមនុស្ស ជាពិសេស ស្ត្រី និងកុមារ។

ជាការឆ្លើយតប តំណាងភាគីអាមេរិក បានសន្យាថា «នឹងធ្វើរបាយការណ៍ច្បាស់លាស់ បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៅកម្ពុជា»។ ឆ្លៀតឱកាសនោះដែរ កម្ពុជា-អាមេរិក បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការ ឲ្យកាន់តែល្អ ប្រសើរថែមទៀត រួមមាន ៖ ជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ រួមទាំង ការផ្តល់ទិន្នន័យបទល្មើស និងលទ្ធផលបង្រ្កាបអំពើជួញដូរមនុស្ស ,សហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិក បានរៀបចំកញ្ចប់ថវិកា សម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថា សមាសភាពតំណាងភាគីអាមេរិក ចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន រួមមាន ៖ លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ,លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូត អាមេរិកនៅកម្ពុជា និងលោក Weldon Montgomery មន្ត្រីផ្នែកនយោបាយ ទទួលបន្ទុករៀបចំរបាយការណ៍ ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៕

website_news/2021030204.txt · Last modified: 2021/02/03 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki