website_news:2021030205

ចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន កម្ពុជាបញ្ជូនពលករជិត ៧ម៉ឺននាក់ ទៅកាន់សាធារណរដ្ឋកូរ៉េ

https://dap-news.com/national/ ByVNT108 Posted on February 2, 2021

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ សរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ទៅធ្វើការងារនៅកូរ៉េខាងត្បូង ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារ មានរយៈពេល ៤ឆ្នាំ ១០ខែ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការអោយដឹងបែបនេះធ្វើឡើនៅ ក្នុងឱកាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា បន្តអនុស្សរណយោគយល់គ្នា ស្តីពី ការបញ្ជូនពលករទៅបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។

សូមបញ្ជាក់ ការបញ្ជូនពលករកម្ពុជា ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) បានចុះអនុស្សរណៈនៃការយោគយល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតី នៃសាធាណរដ្ឋកូរ៉េ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦ ដែលមាន គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរនិងការងារ នៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។

ក្រសួងបញ្ជាក់ថា «គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករ សរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ។ បច្ចុប្បន្ន ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ៤៥ ៤៦២នាក់ (ស្រី ១០ ១៨៣នាក់)»។ ក្រសួងបញ្ជាក់បន្ថែមថា តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អ ជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ បន្ទាប់ពីស្ថានភាពកូវីដ ១៩នៅសាធារណរដ្ឋកូរ៉េ មានភាពធូរស្រាល ដែលអាចទទួលយកកម្លាំង ពលកម្មបរទេស បានកម្ពុជារំពឹងថានឹងក្លាយជា ប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជា មានស្ថានភាពកូវីដ-១៩ល្អប្រសើរ, មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជា ខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេស បញ្ជូនផ្សេងទៀត៕

website_news/2021030205.txt · Last modified: 2021/02/03 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki