website_news:2021030206

ឃាត់ខ្លួនមេខ្យល់២នាក់នាំពលករឆ្លងដែនចូលប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 02/02/2021

កម្លាំងសមត្ថកិច្ចចម្រុះ ឈរជើង នៅចំណុចច្រករបៀងស្វាយចេក ក្នុងទឹកដីស្រុកកំរៀង បានធ្វើការឃាត់ខ្លួនមេខ្យល់២នាក់ នាំពលករខ្មែរចូលទៅប្រទេសថៃ អំឡុងដែលប្រទេសថៃផ្ទុះជំងឺឆ្លងកូវីដ-១៩ ។ ការឃាត់ខ្លួនមេខ្យល់ទាំង២នាក់នោះ ធ្វើឡើងតាមការឯកភាពពីព្រះរាជអាជ្ញាខេត្តផងដែរ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៥៥នាទី ថ្ងៃត្រង់ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយសារតែជនសង្ស័យទាំង ២ នាក់នេះ ជាប់ពាក់ព័ន្ធនិងករណីនាំយកពលករចេញដោយមិន ស្របច្បាប់សម្រាប់ឆ្លងដែន។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួនទី១/ ឈ្មោះ កែវ ជ្រឹង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ និងទី២/ ឈ្មោះ តឿក ក្រុងប៉ាត់ ហៅ(ចាន់) ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ដែល បានធ្វើសកម្មភាពលួចនាំយកពលករខ្មែរចំនួន០៤ នាក់ ( ស្រី ១ នាក់ ) ដើម្បីឆ្លងចូលមកប្រទេសកម្ពុជា ហើយក៏ត្រូវកម្លាំងចម្រុះប្រចាំនៅគោលដៅប៉ុស្តិ៍នគរបាលច្រករបៀងស្វាយចេកឃាត់ខ្លួនបាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់នោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំពលករចំនួន០៤នាក់ខាងលើពិតប្រាកដមែន ហើយយកថ្លៃឈ្នួលក្នុងម្នាក់ចំនួន១០០០(មួយពាន់)បាត ដើម្បីឆ្លងដែនចូលមកប្រទេសកម្ពុជា(ស្រុកកំរៀង)។បច្ចុប្បន្នករណីខាងលើនេះជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការបន្តតាមនីតិវិធី៕

website_news/2021030206.txt · Last modified: 2021/02/03 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki