website_news:2021030207

ចៅក្រម បានសម្រេចឃុំខ្លួន មេខ្យល់ ២ នាក់ ពីបទនាំពលករឆ្លងដែនខុសច្បាប់ ចេញចូលប្រទេសថៃ

https://www.rasmeinews.com/ 2 February, 2021

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមនៃសាលាដំបូង ខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន ជនសង្ស័យ ចំនួន២នាក់ ដែលជាមុខសញ្ញាមេខ្យល់ នាំពលករខ្មែរឆ្លងដែន ចេញ ចូលទៅកាន់ប្រទេសថៃ ខុសច្បាប់។ ជនទាំង២នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅចំណុចច្រករបៀងស្វាយចេក ឃាត់ខ្លួន បាន តាមការឯកភាពពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកាលពីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថាៈ ជនសង្ស័យ ទាំងពីរនាក់នេះ មានឈ្មោះ កែវ ជ្រឹង អាយុ ៥៧ ឆ្នាំ មានមុខរបរ ជាអ្នកលក់ដូរ និងឈ្មោះ តឿក ក្រុងប៉ាត់ ហៅ ចាន់ អាយុ ៤៤ ឆ្នាំ មានមុខរបរ ជាកម្មករ ។ បុរសមេខ្យល់ ២ នាក់នេះ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយគ្នាហើយបានធ្វើ សកម្មភាព លួចនាំយកពលករខ្មែរ ចំនួន ៤ នាក់ (ស្រី១នាក់) ដើម្បីឆ្លងចូលមកប្រទេស កម្ពុជា ហើយក៏ត្រូវកម្លាំងចម្រុះ ប្រចាំនៅគោលដៅប៉ុស្តិ៍នគរបាល ច្រករបៀង ស្វាយចេក ឃាត់ខ្លួនបាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់នោះ បានឆ្លើយសារភាពថាៈ ពួកខ្លួន ពិតជាបាននាំពលករ ចំនួន ៤ នាក់ ពិតប្រាកដមែន ហើយយកថ្លៃឈ្នួល ក្នុងម្នាក់ ចំនួន ១.០០០ បាត (ប្រាក់ថៃ) ដើម្បីឆ្លងដែនចូលមកប្រទេសកម្ពុជា (ស្រុកកំរៀង)។ បច្ចុប្បន្ន ករណីខាងលើនេះ មន្ត្រីជំនាញ បានឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ តាមបញ្ជា របស់លោក ព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន រង់ចាំកាត់ក្តី នៅពេលក្រោយ៕/V-PC

website_news/2021030207.txt · Last modified: 2021/02/03 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki