website_news:2021030208

តុលាការកំពូលតម្កល់ទោសស្ត្រីម្នាក់ ៧ ឆ្នាំដដែល ពីបទសញ្ចារកម្ម

https://www.postkhmer.com/ គឹម សារុំ | Publication date 02 February 2021 | 17:09 ICT

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោស ស្ត្រីម្នាក់ឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៥ មករាពាក់ព័ន្ធបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅសង្កាត់ស្ទឹងមានជ័យកាលពីឆ្នាំ ២០១៧។

លោកចៅក្រម សាលី ធារ៉ា បានប្រកាសសាលដីកាមុនស្ត្រីជាប់ចោទចូលមកបង្ហាញមុខក្នុងបន្ទប់សវនាការពីម្សិលមិញថា សំណុំរឿងនេះមានស្ត្រីជាប់ចោទឈ្មោះ សុខា សុថារី អាយុ ៣៨ ឆ្នាំ ជាប់ចោទពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោស។ ប៉ុន្តែដោយសារតែជនជាប់ចោទអវត្តមានក្នុងពេលប្រកាសសាលដីកា ដូច្នេះតុលាការមិនលើកពីមូលហេតុនៃការពិភាក្សាមកអានជូនក្នុងអង្គសវនាការទេ ដោយអានតែសេចក្តីសម្រេចប៉ុណ្ណោះ។ លោកថ្លែងថា៖ «តុលាការកំពូល សម្រេចតម្កល់ទោសតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ចុះថ្ងៃទី ១២ សីហា ឆ្នាំ ២០២០ ទុកជាបានការដដែល និងបន្តឃុំខ្លួនស្ត្រីជាប់ចោទបន្តទៀត»។

បើតាមកំណត់ហេតុនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញស្ត្រីជាប់ចោទឈ្មោះ សុខា សុថារី បានបើកហាងកាត់សក់បុរស និងកន្លែងម៉ាស្សា តាមបណ្តោយផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ។ ស្ត្រីជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ ជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ៣ នាក់ និងស្ត្រីពេញវ័យម្នាក់។ ការបង្ក្រាបនេះ សមត្ថកិច្ចបានរំដោះក្មេងស្រីអាយុ ១៥ ឆ្នាំ, ១៦ ឆ្នាំ, ១៧ ឆ្នាំ និងនារីអាយុ ២១ ឆ្នាំម្នាក់។ នៅថ្ងៃឃាត់ខ្លួនពួកគេទាំង ៤ នាក់ឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានរួមភេទជាមួយភ្ញៀវមែនដោយម្តងៗយកកម្រៃពីភ្ញៀវម្នាក់ ៣០ ដុល្លារ ប៉ុន្តែបានដាក់ឱ្យស្ត្រីម្ចាស់ហាង ៥ ដុល្លារ។ សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីនៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសស្ត្រីជាប់ចោទ ៧ ឆ្នាំ ដោយចោទពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៨៤,២៨៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែដោយមិនសុខចិត្តស្ត្រីជាប់ចោទបានប្តឹងឧទ្ធរណ៍តែត្រូវឧទ្ធរណ៍តម្កល់ទោស ៧ ឆ្នាំដដែល៕

website_news/2021030208.txt · Last modified: 2021/02/03 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki